កូន​​​ដំរីងាប់​ពេល​​​​សង្គ្រោះ​ពី​ការ​​​ជាប់​​​អន្ទាក់​នៅ​​​​​មណ្ឌលគិរី​

អ្នកសង្គោះកូនដំរីបាននិយាយថា កូនដំរីព្រៃមួយក្បាលបានងាប់នៅក្នុងខេត្តមណ្ឌលគិរីព្រឹកថ្ងៃច័ន្ទក្រោយពីបានឃើញរងរបួសដោយមានអន្ទាក់ជាប់នឹងជើង។ កូនដំរីអាស៊ី អាយុ១៨ខែដែលត្រូវបានគេឃើញក្នុងរូបថតបង្ហោះតាមអ៊ីនធឺណិតដោយមានស្បែករបេះចេញពីជើងឆ្វេងមុខ មិនខ្ពស់ជាងឧទ្យានុរក្សដែលបានព្យាយាមសង្គ្រោះវាទេ។ អង្គការអភិរក្សសត្វព្រៃបាននិយាយថា ឧទ្យានុរក្សក្រសួងបរិស្ថានម្នាក់ដែលធ្វើការក្នុងជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីបានទទួលដំណឹងពីអ្នកស្រុកម្នាក់កាលពីថ្ងៃអាទិត្យហើយក៏ចាប់ផ្តើមដឹកសត្វដំរីភ្លាមៗដែរ។ អង្គការនិយាយថា ឧទ្យានុរក្សបានចូលរួមដោយមន្រ្តីនិងពេទ្យសត្វមួយក្រុមមកពីបណ្តាអង្គការផ្សេងៗដែលសង្ឃឹមថាអាចព្យាបាលកូនដំរីឱ្យមានសុខភាពល្អវិញដើម្បីឱ្យវាអាចដើរបាន។ លោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តបាននិយាយថា ក្រុមមន្រ្តីបានទៅដល់ដំរីរបួសប្រហែលម៉ោង៣ល្ងាច។ ប្រធានមន្ទីរបរិស្ថានរូបនេះបាននិយាយថា”ពេលយើងទៅដល់ ដំរីខ្សោះជាតិទឹក។វាទំនងជាជាប់អន្ទាក់យូរពេក ហើយមានដំបៅលើជើង”។ លោក សុផល បាននិយាយថាប្រហែលពីរម៉ោង ដំរីអាចក្រោកឈរត្រង់ខ្លួនបាន ហើយមន្រ្តី បានយកទឹកឲ្យវាផឹកហើយដាក់ក្រោមម្លប់។ លោក សុផល បាននិយាយថា ប៉ុន្តែបន្ទាប់មក វាបានដួលសន្លប់។ លោក សុផលបាននិយាយថា ត្រាក់ទ័រមួយគ្រឿងបានដឹកកូនដំរីទៅទីស្នាក់ការជម្រកសត្វព្រៃនៅម៉ោង៦ល្ងាច ប៉ុន្តែក្រោយពីរយៈពេលច្រើនម៉ោងនៅតាមផ្លូវ វាក៏ងាប់នៅម៉ោង១ព្រឹក។ លោក សុផលបាននិយាយថា ដំរីទំនងជាប់អន្ទាក់ប្រហែលមួយខែមុន ដែលជាប់ក្នុងអង្គប់ដែកចាប់សត្វតូច។លោក សុផលបាននិយាយថា អន្ទាក់បែបនេះគឺខុសច្បាប់នៅក្នុងជម្រកកែវសីមាទំហំ២៩២.៦៩០ហិកតា ហើយមានទំហំដីធំពេកដែលឧទ្យានុរក្ស១៦នាក់មិនអាចដើរល្បាតឲ្យគ្រប់ជ្រុងជ្រោយបានទេ។ លោក សុផល បាននិយាយថា “យើងទទួលស្គាល់ថា ជម្រកសត្វនេះធំណាស់។ដូច្នេះហើយទើបយើងមិនអាចដើរល្បាតឲ្យសព្វបានទេ”។ លោក សុផលបាននិយាយថា ការដាក់អន្ទាក់សត្វដំរីក្នុងតំបន់នោះកម្រមានណាស់ ទោះជាមានដំរីខ្លះត្រូវបានបាញ់ដោយអ្នកប្រមាញ់ភ្លុកដំរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកក៏ដោយ។ លោក អូល្លី ហ្គ្រីហ្វហ្វីន (Olly Griffin) ទីប្រឹក្សាបច្ចេកទេសប្រតិបត្តិការនៃអង្គការអភិរក្សសត្វព្រៃបាននិយាយថា អន្ទាក់ធ្វើឱ្យពិការនិងសម្លាប់ដោយមិនរើសមុខ។ លោក ហ្គ្រីហ្វហ្វីន បាននិយាយថា “អន្ទាក់ជាបណ្តាសាស្ងាត់ស្ងៀមដែលសម្លាប់សត្វព្រៃកម្ពុជា។ វាបណ្តាលឱ្យងាប់យឺត ឈឺចុកចាប់ និងងាប់អសារបង់ដល់សត្វព្រៃជាច្រើន”។ អ្នកស្រី ជេមមា ប៊ុលឡក (Jemma Bullock) អ្នកនាំពាក្យគម្រោងជ្រលងភ្នំដំរីនៅខេត្តមណ្ឌលគិរី បាននិយាយថា ប្រហែលជាមាននៅសល់សត្វដំរីពី៤០០ក្បាលទៅ៦០០ក្បាលនៅកម្ពុជា ហើយភាគច្រើននៅក្នុងតំបន់ការពារក្នុងខេត្ត ជាការថយចុះដ៏វិនាសកាលពី១០ឆ្នាំកន្លងមក។ អ្នកស្រី ប៊ុលឡក បាននិយាយថា ការស្ទាបស្ទង់ថ្មីមួយដែលបានធ្វើកាលពីឆ្នាំមុនរំពឹងថានឹងកំណត់តួលេខជាក់លាក់ថែមទៀតចំពោះចំនួនសត្វដំរី។អ្នកស្រីបាននិយាយថា អ្នកស្រីសង្ឃឹមថា ចំនួនសត្វដំរីមានចំនួនថេរក្នុងរយៈពេលពីរបីឆ្នាំកន្លងមក ដោយសារតែកិច្ចប្រឹងប្រែងអភិរក្ស៕ មាំ វិបុល (រាយការណ៍បន្ថែមដោយ Michael Dickison) © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten […]

The post កូន​​​ដំរីងាប់​ពេល​​​​សង្គ្រោះ​ពី​ការ​​​ជាប់​​​អន្ទាក់​នៅ​​​​​មណ្ឌលគិរី​ appeared first on The Cambodia Daily.