មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​ចំណី​អាហារ​បរិភោគ

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះខាត​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ពិសេស​កុមារ​តូចៗ​ទាក់ទង​ការ​ជ្រើស​យក​ចំណី​អាហារ​ឲ្យ​មាន​គុណភាព​សម្រាប់​ទទួល​ទាន។ ការ​ព្រួយ​បារម្ភ​នេះ ស្រប​ពេល​ដែល​មុខ​ម្ហូប​ស្រស់ និង​ភេសជ្ជៈ​ហួស​កាល​កំណត់​ប្រើប្រាស់​មួយ​ចំនួន បន្ត​ឃើញ​មាន​នៅ​លើ​ទីផ្សារ។

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ អះអាង​ថា ប្រភេទ​ម្ហូប​ស្រស់ ឬ​អាហារ​សមុទ្រ អាហារ​កញ្ចប់ និង​ភេសជ្ជៈ​កំប៉ុង ឬ​ដប​ខូច​គុណភាព​ជាង ២០​ប្រភេទ មាន​ទម្ងន់​ប្រមាណ ១០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​រឹប​អូស​ពី​តាម​ទីផ្សារ យក​មក​ដុត​កម្ទេច​ចោល។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បង្ហាញ​របាយការណ៍ ៦​ខែ​ដើម​ឆ្នាំ​២០១៦ នេះ រក​ឃើញ​ថា ប្រភេទ​ទំនិញ ម្ហូប​អាហារ​សមុទ្រ​ស្រស់ៗ អាហារ​កំប៉ុង និង​ភេសជ្ជៈ​ដប ឬ​កំប៉ុង​ជាដើម ដែល​មន្ត្រី​ជំនាញ​ស្ថាប័ន​លោក​ចុះ​ពិនិត្យ និង​រឹប​អូស​យក​ទំនិញ​ខូច​គុណភាព​នៅ​តាម​ទីផ្សារ​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​ថយ​ចុះ។ លោក​ថា ការ​ថយ​ចុះ​នេះ ដោយសារ​តែ​អាជីវករ ឬ​អ្នក​លក់​ទាំង​នោះ​មាន​ការ​យល់​ដឹង​អំពី​ការ​ដាក់​លក់​ទំនិញ​ដែល​មាន​គុណភាព ដោយ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ។

លោក ជា ប៉ិច ប្រកាស​លេខ​ទូរស័ព្ទ​សម្រាប់​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ពេល​សង្ស័យ ឬ​ឃើញ​មាន​អាជីវករ​ដាក់​លក់​ទំនិញ ឬ​មុខ​ម្ហូប​ស្រស់​ខូច​គុណភាព និង​ប្រើ​សារធាតុ​គីមី​ជាដើម ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​មាន​វិធានការ​ឲ្យ​បាន​ទាន់​ពេល៖ «ប្រសិន​បើ​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​បាន​ឃើញ ឬ​បាន​ដឹង​អំពី​ការ​ពុល​អាហារ ការ​ដាក់​លក់​ទំនិញ​ខូច​គុណភាព ឬ​ហួស​កំណត់​ប្រើប្រាស់​ជាដើម ត្រូវ​ទាក់ទង​មក​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាម​រយៈ​លេខ ០៩៨ ៥៥៥ ៦៦៦ និង ០១៧ ៤៤៣ ៧៣៧។ មន្ត្រី​យើង​ខ្ញុំ​នឹង​ចុះ​ដល់​ទីតាំង​ផ្ទាល់​ឲ្យ​បាន​ឆាប់ និង​ដោយ​មិន​កំណត់​ពេលវេលា​ទេ»

មន្ត្រី​ជំនាញ​កាំកុងត្រូល​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​មុខ​ម្ហូប​ខូច​គុណភាព ឬ​ភេសជ្ជៈ​ហួស​កំណត់​ប្រើប្រាស់ នាំ​ឲ្យ​សុខភាព​អ្នក​ប្រើប្រាស់​មាន​ជំងឺ​ផ្សេងៗ ដូចជា​រាករូស ក្អួត​ចង្អោរ ចុក​ពោះ និង​អាច​ឈាន​ដល់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​សង្គ្រោះ​មិន​ទាន់។ មន្ត្រី​ជំនាញ​រូប​នេះ អំពាវនាវ​ដល់​អាជីវករ ពិសេស​អាណាព្យាបាល​សិស្ស ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើសរើស​អាហារ​មក​ទទួល​ទាន ឬ​លក់​ដូរ​បន្ត ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គុណភាព។

សារ​អំពាវនាវ​របស់​មន្ត្រី​កាំកុងត្រូល​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ចុះ​អប់រំ​សិស្សានុសិស្ស ឬ​កុមារ​តូចៗ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ កក្កដា នៅ​សាលា​បឋម​សិក្សា និង​អនុវិទ្យាល័យ​សំរុង និង​ពិធី​ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព​ដែល​ចាប់​បាន ៦​ខែ​ដើម​ឆ្នាំ​២០១៦។

គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស ពិសេស​កុមារ​តូចៗ ឲ្យ​ដឹង​ថា កន្លង​មក ពួក​គេ​ខ្វះ​ការ​យល់​ដឹង​ក្នុង​ការ​ជ្រើសរើស​មុខ​ម្ហូប​អាហារ និង​ភេសជ្ជៈ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ដែល​មាន​គុណភាព ព្រោះ​មិន​យល់​ដឹង​អំពី​ការ​ពិនិត្យ​មើល​ទៅ​លើ​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម។

នាយក​អនុវិទ្យាល័យ​សំរុង ស្រុក​ព្រៃនប់ លោក សម សុវណ្ណាឫទ្ធិ ចាត់​ទុក​ថា បញ្ហា​សុខភាព គឺ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ។ ដូច្នេះ តាម​រយៈ​ការ​ចុះ​អប់រំ​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដល់​សិស្សានុសិស្ស​ក្នុង​សាលា​របស់​លោក ដែល​មាន​ចំនួន​ជាង ១​ពាន់​នាក់​នេះ អាច​នាំ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ច្រើន និង​ចូលរួម​ពិនិត្យ​មុខ​ទំនិញ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ទិញ​យក​ទៅ​ទទួល​ទាន៖ «អំពាវនាវ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់ គឺ​មុន​នឹង​ត្រូវ​ទិញ​ទំនិញ ឬ​អាហារ​ផ្សេងៗ​មក​ទទួល​ទាន សូម​ឲ្យ​ពិនិត្យ​មើល​កាលបរិច្ឆេទ ឬ​ការ​កំណត់​ប្រើប្រាស់​នៃ​ការ​ផលិត និង​ផ្លាក​សញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ថែរក្សា​សុខភាព​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ស្នើ​ប្រជាពលរដ្ឋ​នៅ​តាម​គ្រួសារ​នីមួយៗ ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​យក​មុខ​ម្ហូប និង​ភេសជ្ជៈ​កំប៉ុង តាម​រយៈ​ការ​ពិនិត្យ​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​យក​ទៅ​ប្រើប្រាស់ ឬ​ទទួល​ទាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។