ឧត្តមសេនីយ៍ជាន់ខ្ពស់ចិនម្នាក់ ត្រូវបានកាត់ទោសដាក់គុកមួយជីវិត ពីបទពុករលួយជាង១២លានដុល្លារ

សារព័ត៌មាន South China Morning Post បានផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍អតីតមេបញ្ជាការយោធាជាន់ខ្ពស់ចិនម្នាក់ គឺលោក Guo Boxiong ត្រូវបានតុលាការយោធាកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រព្រឹត្តអំពើពុករលួយលើទំហំទឹកប្រាក់ជាង១២,៣លានដុល្លារអាមេរិក និងក៏ត្រូវបានបង្គាប់ឲ្យមានការរឹបអូសទ្រព្យសម្បត្តិដែលបានមកពីផលអំពើពុករលួយថែមទៀតផង ។

លោក Guo Boxiong អាយុ៧៤ឆ្នាំ ធ្លាប់ជាឧត្តមសេនីយ៍កាន់កាប់អំណាចយោធាដ៏មានឥទ្ធិពលចាប់ពីឆ្នាំ២០០២ នាសម័យលោកប្រធានាធិបតី Hu Jintao តែត្រូវដកហូតអំណាចវិញឲ្យចូលនិវត្តន៍នៅឆ្នាំ២០១២ និងត្រូវបណ្ដេញចេញពីសមាជិកបក្សកុម្មុយនីស្ដចិននាឆ្នាំ២០១៥ បន្ទាប់ពីបើកការសើុបអង្កេតពាក់ព័ន្ធនឹងករណីពុករលួយ ។

ចាប់តាំងពីលោក Xi Jinping អាយុ៦៣ឆ្នាំ ឡើងកាន់តំណែងជាប្រធានាធិបតីចិននាឆ្នាំ២០១២មកទល់បច្ចុប្បន្ន លោកប្រធានាធិបតីរូបនេះបានបើកយុទ្ធនាការបោសសម្អាតអំពើពុករលួយនៅក្នុងជួររដ្ឋការចិនយ៉ាងក្ដៅគគុក ៕

ប្រភពៈ dtn7


Related Posts