ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​រូយ​ហ្វេង​ថា​ជួល​អ្នក​ភូមិ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យសែន និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​របស់​ចិន ដែល​កំពុង​ព្យាយាម​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​ពួក​គេ​ជា​បន្តបន្ទាប់។ ក្រុមហ៊ុន​ចិន ដែល​ចូល​ទៅ​បោះ​ទីតាំង​នៅ​តំបន់​នោះ​ឈ្មោះ រូយ ហ្វេង (Rui Feng) គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន ខ្លះ​ទៀត​ដែល​ត្រូវ​ការ​ដី​សម្បទាន​ដើម្បី​ដាំ​អំពៅ។

អ្នក​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ នៃ​ស្រុក​ឆែប បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន​ឈ្មោះ រូយ ហ្វេង ថា​កំពុង​ជួល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ព្រម​ទាំង​អ្នក​ចំណាក​ស្រុក​ជាច្រើន​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​បម្រុង​ទុក និង​ព្រៃ​ជាប់​ក្បាល​ស្រែ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​ជា​បន្តបន្ទាប់។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ ដែល​ពួក​គេ​ធ្លាប់​តែ​ទទួល​អនុផល​ផង និង​ខ្លាច​បាត់បង់​ដី​ផង ពីព្រោះ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ណា​ដែល​គេ​កាប់​ព្រៃ​ឈើ​អស់ ក្រុមហ៊ុន​ចិន តែង​ទៅ​ឈូស​ឆាយ​រំលោភ​យក។

តំណាង​សហគមន៍​ភូមិ​ប្រើសក្អក គឺ​លោក ពាន សូផាត។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​កក្កដា ថា រូប​លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត កំពុង​ព្រួយ​បារម្ភ​ចំពោះ​រឿង​បាត់បង់​ព្រៃ​ឈើ​ធ្ងន់ធ្ងរ​នៅ​ជិត​តំបន់​ដែល​ពួក​គាត់​រស់នៅ។ លោក​បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​ចុង​ខែ​ឧសភា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ចិន បាន​ជួល​អ្នក​ភូមិ​ខ្លះ ជាពិសេស​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​ក្បាល​ស្រែ​របស់​អ្នក​ភូមិ ព្រម​ទាំង​តំបន់​ព្រៃ​បម្រុង​ទុក ១០% ទៀត​ផង៖ «ក្រុមហ៊ុន រូយ ហ្វេង គេ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​កាប់​ដី​ព្រៃ​បម្រុង​ទុក ១០% របស់​ប្រជាពលរដ្ឋ គឺ​អស់​ហើយ​វាល​ស្លេវ។ ឥឡូវ​នៅ​តែ​កាប់​ទៀត មាន​អ្នក​ចម្ងាយ​មក​ពី​ខេត្ត​កំពង់ធំ កំពង់ចាម មក​ស៊ី​ឈ្នួល​កាប់ គឺ ១​ម៉ែត្រ​គូប​ថ្លៃ ៣.០០០​រៀល»

ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន បាន​បដិសេធ​ថា គេ​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ដូច​ដែល​ប្រជាពលរដ្ឋ​អះអាង​នោះ​នៅ​ឡើយ​ទេ។

អភិបាល​ស្រុក​ឆែប លោក សុខ សានតារា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​រឿង​ដែល​ក្រុមហ៊ុន​ចិន ជួល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​ឈើ​ដើម្បី​យក​ដី​នោះ​ទេ។ លោក​អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា លោក​នឹង​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ។ ចំណែក​នៅ​តំបន់​ព្រៃ​បម្រុង​ទុក ១០% ជិត​ភូមិ​ប្រើសក្អក នោះ គឺ​លោក​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឲ្យ​ប្រមូល​យក​អនុផល​ព្រៃ​ឈើ៖ «ព្រៃ​ហ្នឹង​មាន​ក្រុមហ៊ុន​ខាង​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ ដើម្បី​បង់​ពន្ធ​ជូន​រដ្ឋ គឺ​គេ​ធ្វើ​នៅ​លើ​ដី​បម្រុង​ទុក ១០

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ឲ្យ​ដឹង​ថា បញ្ហា​ជួល​ឲ្យ​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ មិន​មែន​កើត​មាន​នៅ​តែ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ នៃ​ស្រុក​ឆែប ប៉ុណ្ណោះ​ទេ គឺ​នៅ​ភូមិ​សំរោង ឃុំ​តស៊ូ នៃ​ស្រុក​ជ័យសែន ក៏​មាន​មន្ត្រី​យោធា​ខ្លះ​ដើរ​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​បាន​បំភិតបំភ័យ​ឲ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​នៅ​តាម​ក្បាល​ស្រែ លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ដែរ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ដែល​ជួល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ដី​ព្រៃ​ឈើ​ក្លាយ​ទៅ​ជា​វាល​ស្រឡះ ហើយ​បន្ទាប់​មក ក្រុមហ៊ុន​អាច​មាន​អំណះអំណាង​ជាច្រើន​ក្នុង​ការ​យក​ដី​ទាំង​នោះ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។