ជាប់ចោទ​រៀប​គម្រោង ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ក្រុម​គ្រួសារ យុវជន​ម្នាក់​ទៀត ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​រៀប​គម្រោង​ស៊ីដាច់​ម៉ូតូ​មិត្តភក្ដិ​១​គ្រឿង បាន​ខ្ចី​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​នោះ ឲ្យ​មិត្តភក្ដិ​ផ្សេង​ទៀត​ជិះ បន្ត​ហើយ​ក៏​ត្រូវ​បាន​មិត្តភក្ដិ​នោះ ក្បត់​ទំនុកចិត្ត​យក​ម៉ូតូ​នោះ​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​សប្បាយ ភ្លើតភ្លើន នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ មី​ត​ណាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​ក្រុម​គ្រួសារ​ម្ចាស់​ម៉ូតូ បាន​ដាក់​ពាក្យបណ្ដឹង​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ខាង​ក្រុម​គ្រួសារ​យុវជន​សង្ស័យ បាន​សុំ​ពេល​តាម​រក ជន​ដែល​យក​ម៉ូតូ​ទៅ​នោះ​សិន។ ប៉ុន្តែ​តាម​រក​រយៈពេល​១០​ថ្ងៃ​ហើយ មិនឃើញ​ទើប នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នាំ​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ឲ្យ​នគរបាល​សាកសួរ ហើយ​នគរបាល​ក៏​បាន ឃាត់ខ្លួន​ជន​នោះ​តែ​ម្ដង​។

ម៉ូតូ​ដែល​ត្រូវ​បាន​គេ​បោក​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា MSX ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1DG-7725 ជា​កម្មសិទ្ធិ​របស់​យុវជន​ឈ្មោះ គុ​ជ បណ្ឌិត អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ ជាង ជិន​ឡុ​ង អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​ស្អាង ខេត្តកណ្ដាល​។ យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​បបួល​រូបគេ ចូល​ទៅ​ផឹកស៊ី​សប្បាយ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ឌី​ស្កូ មួយ​កន្លែង​យីហោ មី​ត​ណាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដោយនៅ​ក្នុង​ពេល​នោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ម៉ាក​ហុងដា​MSX ដូច​គ្នា ប៉ុន្តែ​ម៉ូតូ​របស់​គេ​ស៊េរី​ខ្ពស់​ជាង​។ លុះ​ពេល​ទៅ​ដល់​ក្នុង​ក្លឹ​ប​នោះ បានឃើញ​មិត្តភក្ដិ​ជនសង្ស័យ ២​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ទីនោះ​ស្រាប់​ដែល​ឈ្មោះ ជាង ជិន​ឡុ​ង បាន​ណាត់​មុន​រួច​ទៅ​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ផឹក​អស់​ស្រា​បៀរ​ជា​ច្រើន​ថូ​ស្រវឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន ឲ្យ​មិត្តភក្ដិ​ម្នាក់​ទៀត​ដែល​រូបគេ​មិន​ស្គាល់​(​មិត្តភក្ដិ​ជនសង្ស័យ​)​ជិះ​ជូន​គ្នា​ទៅ​ផ្ទះ​។ ខណៈនោះ​ដោយសារ​តែ​ទុកចិត្ត​លើ​ជន​ស្ស័​យ​ឈ្មោះ ជាង ជិន​ឡុ​ង ខ្លួន​ក៏​បាន​ព្រម​ឲ្យ​ខ្ចី​ហើយ​ជន​នេះ​គឺជា​អ្នក​យក​កូនសោ​ម៉ូតូ​ពី​រូបគេ​ទៅ​ឲ្យ​មិត្តភក្ដិ​របស់​ខ្លួន​។ មិនតែប៉ុណ្ណោះ​ជន​នោះ​ក៏​បាន​បបួល​ខ្លួន​ឲ្យ​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​ដោយសារ​ស្រវឹង​ខ្លួន​មិន​បាន​ទៅ​ជាមួយ​ឡើយ បន្ទាប់​មក​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ហើយ​ខ្លួន​បាន​អង្គុយ​ចាំ​នៅ​ក្នុង​ក្លឹ​ប​នោះ ចំណែក​ជនសង្ស័យ​ក៏​បាន​ទៅ​ជាមួយ​មិត្តភក្ដិ​របស់​គ​ដែរ ដោយ​និយាយ​ថា​ខ្លាច​មិត្តភក្ដិ​ខ្លួន​ស៊ីដាច់​ម៉ូតូ​នោះ​។

យុវជន​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ពេល​កើតហេតុ​ទើប​ឃើញ តែ​ជនសង្ស័យ​នោះ​ត្រឡប់​ទៅ​ក្នុង​ក្លឹ​ប​នោះ​វិញ​ម្នាក់ឯង រីឯ​មិត្តភក្ដិ​របស់​គេ​មិន​បានឃើញ​ឡើយ និង​បាន​ប្រាប់​ថា​ម៉ូតូ របស់​អានិត​ឯង​បាត់​ហើយ​។ បន្ទាប់​មក​ខ្លួន និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង ហើយ​ខាង​ជនសង្ស័យ​ឈ្មោះ ជាង ជិន​ឡុ​ង ក៏​បាន​ជួយ​ដើរ​រក និង​បាន​អះអាង​ថា​ខ្លួន​ក៏​មាន​ចំណែក​ខុស​ដែរ​ព្រោះ​បាន​ខ្ចី​សោ​ម៉ូតូ​នោះ​ពី​យុវជន​រង​គ្រោះ ឲ្យ​មិត្ត​ភ្ដិ​ខ្ចី​យក​ទៅ​បាត់​។ មិនតែប៉ុណ្ណោះ​បាន​ធានា​ថា បើ​រក​ម៉ូតូ​នោះ​មិនឃើញ​ទេ​គេ​នឹង​លក់​ម៉ូតូ​របស់​ខ្លួន​សង លុះ​ក្រោយ​ពេល​ដើរ​រក​រយៈពេល​១០​ថ្ងៃ​ហើយ​មិន​បានឃើញ​ទើប​ខ្លួន និង​ក្រុម​គ្រួសារ នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សាកសួរ ហើយ​គ​របាល​ក៏​បាន​ឃាត់ខ្លួន​នោះ​តែ​ម្ដង​។

ដោយឡែក​ជនសង្ស័យ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ខ្ចី​ម៉ូ​ទូ​នោះ​ពី​ជន​រង​គ្រោះ​នោះ​ឡើយ ហើយ​ក៏​មិន​បាន​ធានា​ថា សង​នោះ​ដែរ គឺ​ជន​រង​គ្រោះ​បាន​ឲ្យ​ម៉ូតូ​ទៅ​មិត្តភក្ដិ​ខ្លួន​ខ្ចី​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​ពេល​នោះ​ខ្លួន​បាន​ឲ្យ ជន​រង​គ្រោះ​នោះ​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​គេ​មិន​ព្រមទៅ ទើប​ខ្លួន​ទៅ​ជាមួយ​អ្នក​ខ្ចី​ម៉ូតូ ព្រោះ​ខ្លាច​បាត់​ម៉ូតូ​នោះ ប៉ុន្តែ​ដោយសារ​តែ​ពេល​នោះ​ម៉ូតូ​ខ្លួន​បែក​កង់ ទើប​ជា​ឱកាស​អ្នក​ដែល​ខ្ចី​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ស្រមោល​តែ​ម្ដង ហើយដោយ​ឃើញ​អាណិត ទើប​ខ្លួន​ជួយ​ដើរ​រក​ម៉ូតូ ហើយ​ទីបំផុត​ក៏​ត្រូវ​ជាប់ចោទ​បែប​នេះ​ទៅ​វិញ​៕