មន្ត្រី គ.ជ.ប អះអាង​ថា​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​បញ្ជាក់​ជា​ថ្មី​ថា ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​ឆ្នាំ​២០១៧ ខាង​មុខ នឹង​មាន​ភាព​រលូន។ មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ដំណើរ​ការ​នេះ ប៉ុន្តែ​យល់​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​កំពុង​តែ​ឡើង​កម្ដៅ និង​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ ដើម្បី​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់ គ..ប នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់ គ..ប។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា តាម​ប្រតិទិន​ដែល​ជា​គម្រោង​របស់ គ..ប ពុំ​មាន​ការ​ប្រែប្រួល​នោះ​ទេ។ ដោយឡែក គ..ប កំពុង​រង់ចាំ​ការ​សន្យា​ផ្គត់ផ្គង់ និង​ផ្ដល់​សម្ភារៈ​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​នេះ​ពី​សហគមន៍​អឺរ៉ុប ដែល​មាន​ទឹក​ប្រាក់​សរុប ៦,៧​លាន​អឺរ៉ូ ឬ​ប្រហែល​ជិត ១០​លាន​ដុល្លារ​អាមេរិក តាម​រយៈ​អង្គការ​ដែល​ហៅ​កាត់​ថា យូ.អិន.ណុប (UNOPS)។ លោក​ថា នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា គ..ប នឹង​ទទួល​បាន​សម្ភារៈ​គ្រប់គ្រាន់៖ «ប្រតិទិន គឺ​តាម​ការ​គ្រោង​ទុក​ទាំងអស់ គឺ​អត់​មាន​ប្រែប្រួល​ទេ។ រើស​បណ្ដើរ រៀបចំ​បណ្ដុះបណ្ដាល​បណ្ដើរ ហើយ​ឯកសារ​ផ្សេងៗ​កំពុង​តែ​ផលិត​ដើម្បី​ផ្សព្វផ្សាយ។ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នឹង​ប្រកាស​ផ្សព្វផ្សាយ ហើយ​យើង​នឹង​ឃើញ​មាន​បេនណើ​ស្ពត (Banner) ពាណិជ្ជកម្ម​នៅ​គ្រប់​ទីកន្លែង»

ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​ចេញ​ផ្សាយ​ដោយ គ..ប បាន​បង្ហាញ​ថា ការ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ចំណែក​ឯ​ការ​ប្ដឹង​តវ៉ា និង​ការ​បដិសេធ​ទៅ​នឹង​ការ​សុំ​ចុះ​ឈ្មោះ​ទៅ​ក្រុម​ប្រឹក្សា​ឃុំ និង​សង្កាត់​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។

ប្រតិទិន គ..ប កាល​ពី​ចុង​ខែ​មិថុនា បាន​បង្ហាញ​ថា ការ​ជូន​ដំណឹង​ពី​ការ​ចុះ​ឈ្មោះ គឺ​នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ ការ​បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត នឹង​ធ្វើ​តែ​មួយ​ថ្ងៃ​ទេ គឺ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ រីឯ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៃ​ឃុំ-សង្កាត់​ទូទាំង​ប្រទេស គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ ហើយ​ការ​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​លើ​បញ្ជី​បោះឆ្នោត​ដំបូង​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​វិញ មាន​រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ ការ​ដោះស្រាយ​បណ្ដឹង​ដោយ គ..ប មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧។ នៅ​ចុង​ក្រោយ​នៃ​នីតិវិធី គឺ​ការ​ផ្ដល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ដោយ គ..ប នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា គ..ប ក៏​បាន​ប្រកាស​ជ្រើសរើស​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ៦.១០៣​នាក់ ជា​មន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី ដើម្បី​បម្រើ​ការងារ​តាម​ឃុំ សង្កាត់ រាជធានី ខេត្ត សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​មុខ​តំណែង​ជា​ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត សមាជិក គ..ប ជា​ជំនួយការ​អនុប្រធាន និង​សមាជិក គ..ប ជា​ការី​កុំព្យូទ័រ និង​ស្មៀន​ឃុំ​ចំនួន ១.៦៣៣​នាក់។

បើ​ទោះ​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ទស្សនៈ​ថា ការ​ខិតខំ​ប្រឹងប្រែង​ចាត់​ចែង​ការងារ​ត្រៀម​លក្ខណៈ​ដើម្បី​ធានា​ការ​បោះឆ្នោត គឺ​ជា​រឿង​មួយ​ត្រឹមត្រូវ ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា​នេះ គឺ​បរិយាកាស​មាន​បញ្ហា​ច្រើន ដែល​បាន​កើត​មាន​ឡើង​នៅ​មុន​ពេល​បោះឆ្នោត​នេះ ដូចជា​ការ​បំភិត​បំភ័យ ការ​គំរាម​កំហែង សុវត្ថិភាព​ប៉ះពាល់​មន្ត្រី គ..ប ម្ចាស់​ឆ្នោត គណបក្ស​ប្រឆាំង មាន​ការ​ភ័យ​ខ្លាច​នាំ​ឲ្យ​មាន​ឧបសគ្គ​ច្រើន​នៅ​លើ​ទីលាន​ប្រកួត ដែល​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ពេញលេញ។

ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ​ដែរ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​ដោយ​កំណត់​យក​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ គណៈកម្មាធិការ​នេះ​បាន​សម្រេច​ឲ្យ​គណបក្ស ប្រកាស​ជា​សាធារណៈ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​បាន​ទូលំទូលាយ ហើយ​ឲ្យ​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត គណៈកម្មាធិការ​ប្រតិបត្តិ​ថ្នាក់​ក្រោម​ជាតិ រៀបចំ​ភ្នាក់ងារ​គណបក្ស និង​បណ្ដុះបណ្ដាល​សម្រាប់​កិច្ចការ​បោះឆ្នោត ជំរុញ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ជំរុញ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។