ជនជាតិភាគតិច​ទំនាស់​រឿង​ដីធ្លី មក​ប្តឹង​អា​ដ​ហុ​ក​ឱ្យ​ជួយ

ខេត្តមណ្ឌលគិរី ៖ យោង​តាម​លោក អ៊ា​ង ម៉េ​ង​លី បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​ជន​រង​គ្រោះ​ឈ្មោះ ម្រា​ស់ ក្លើ​ក ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ជនជាតិភាគតិច​ព្នង​ជា​ឪពុកក្មេក និង​កូនប្រសា​ឈ្មោះ ក្លិ​ក ក្លើ​ប បាន​ធ្វើ​ដំណើរ​មក​ស្នាក់​ការ​នៃ​សមាគម​អា​ដ​ហុ​ក​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើ​ពាក្យ​បណ្តឹងសុំ​ជួយ​អន្តរាគមន៍​លើ​ឈ្មោះ ក្រោ​ន ស្រើ​ល តួនាទី​ក្រុមប្រឹក្សា​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ និង​ប្រពន្ធ​ឈ្មោះ ណា​ន យេ​ន រំលោភ​យក​ដីចម្ការ​វិល​ជុំ​ដោយ​ខុសច្បាប់​និង​គំរាមកំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​។

បុគ្គលិក​អង្គការ​អា​ដ​ហុ​កបាន​លើក​ឡើង​ថា ដោយ​អ្នក​ទាំង​ពីរ​នាក់​រៀបរាប់​អង្គហេតុ​ដូច​តទៅ កាលពី​ឆ្នាំ​២០១៣ កូនស្រី​គាត់​ឈ្មោះ សេង នី បាន​រៀប​ការ​ជាមួយ​ឈ្មោះ ក្លិ​ក ក្លើ​ប នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ជន​រង​គ្រោះ​បាន​លើក​ឡើង​ថា បន្ទាប់​ពី​រៀប​ការ​រួច យើងខ្ញុំ​បាន​ចុះ​ទៅ​ធ្វើស្រែ​នៅ​ត្រើយ​ខាងលិច​អូរ​ទេ​។ ចំណែក​ដីចម្ការ​វិល​ជុំ​របស់​យើងខ្ញុំ​នៅ​ត្រើយ​ខាងកើត​ពុំ​ត្រូវ​បាន​ចុះ​ទៅ​ធ្វើ​នោះ​ទេ ពីព្រោះ​ដី​តំបន់​នេះ​ទុក​ឲ្យ​មាន​ជីជាតិ​ឡើង​វិញ​ដោយសារ​តែ​អាក់ខាន​ធ្វើ​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ​។

គ្រួសារ​រង​គ្រោះ​បាន​និយាយ​ថា​លុះដល់​អំឡុង​ឆ្នាំ​២០១៥​ដី​ដែល​ទុក​ចោល​ត្រូវ​បាន​ឈ្មោះ ក្រោ​ន ស្រើ​ល ជា​សមាជិក​សង្កាត់រ​មនា បាន​ដឹកនាំ​កូនចៅ​ចុះ​ទៅ​កាប់​ឆ្ការ​រំលោភ​យក​ដី តែ​ត្រូវ​បាន​យើងខ្ញុំ​ចុះ​ទៅ​ហាមឃាត់ ហើយ​ប្រាប់​ថា​ដី​ដែល​កាប់​រួច​យើងខ្ញុំ​ឲ្យ​ធ្វើ​ចុះ​។ ចំណែក​ឈ្មោះ ក្រោ​ន ស្រើ​ល ក៏​ផ្អាក​សកម្មភាព​ស្រាប់តែ​បាន​រយៈពេល​២​ទៅ​៣​ថ្ងៃ យើងខ្ញុំ​ក៏​ចុះ​ទៅ​ពិនិត្យ​ម្តងទៀត​ក៏​ឃើញ​ឈ្មោះ ក្រោ​ន ស្រើ​ល ដាក់​កម្លាំង​ចុះ​ទៅ​កាប់​ឆ្ការ​បន្ត​ទៀត​ដដែល ពេល​នោះ​យើងខ្ញុំ​និយាយ​ថា បើ​អ៊ុំ​ឯង​នៅ​កាប់​ខាង​ខ្ញុំ​ក៏​កាប់​ដែរ​ព្រោះ​ដី​នេះ​ជា​របស់​យើងខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​(​ដីចម្ការ​វិល​ជុំ​)​។ គ្រួសារ​រង​គ្រោះ​អះអាង​ថា ដោយ​ខ្លាច​ឈ្មោះ ក្រោ​ន ស្រើ​ល កាប់​យក​ដី​អស់ ម្យ៉ាង​ពុំ​មាន​ដី​ឯណា​ធ្វើស្រែ​ចម្ការ​ទៀត​ផង យើងខ្ញុំ​ក៏​ចុះ​កាប់​ឆ្ការ​ដណ្តើម​ដី​គ្នា​ពេល​នោះ​ឈ្មោះ ក្រោ​ន ស្រើ​ល ក៏​ផ្អាក​សកម្មភាព​កាប់​។

គ្រួសារ​ជន​រង​គ្រោះ​បាន​លើក​ឡើង​ថា ចំណែក​យើងខ្ញុំ​នៅ​បន្ត​កាប់​ឆ្ការ និង​ដុត​ឈើ​ដែល​កាប់​រួច​នៅ​ដី​តែ​ម្តង​បាន​រយៈពេល​ប្រហែល​៣​ខែ​ដើមឆ្នាំ​២០១៦ ស្រាប់តែ​ឈ្មោះ ក្រោ​ន ស្រើ​ល ប្តឹង​យើងខ្ញុំ​ទៅ​សាលាសង្កាត់រ​មនា ដោយ​ចោទ​យើងខ្ញុំ​បាទ​ថា បាន​រំលោភ​យក​ដី​គាត់​ទៅ​វិញ ហើយ​ខាង​អាជ្ញាធរ​សង្កាត់​បាន​កោះហៅ​យើងខ្ញុំ​ឲ្យ​ទៅ​ដោះស្រាយ​គ្នា​។ គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា តែ​មុន​ពេល​ចូល​ទៅ​ដោះស្រាយ​នៅ​សាលាសង្កាត់ យើងខ្ញុំ​រួម​ទាំង​ភាគី​ម្ខាង​ទៀត​ឈ្មោះ ក្រោ​ន ស្រើ​ល និង​ប្រពន្ធ​ចៅសង្កាត់ នគរបាល​ប៉ុស្តិ៍​សរុប​៧​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​លើ​ដី​ទីតាំង​ទំនាស់​ជាក់ស្តែង ហើយ​ខាង​ភាគី​អាជ្ញាធរ​បាន​និយាយ​ថា ឲ្យ​យើងខ្ញុំ​ទាំង​ពីរ​ភាគី​ដោះស្រាយ​គ្នា​។

លុះ​បាន​បន្តិច​ក៏​នាំ​គ្នា​ទៅ​ដោះស្រាយ​នៅ​សាលាសង្កាត់ ឈ្មោះ ក្រោ​ន​ស្រើ​ល បាន​ឯកភាព​ប្រគល់​លុយ​ចំនួន​១​លាន​រៀល​ឲ្យ​មក​យើងខ្ញុំ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដី​ទីតាំង​នោះ​ឲ្យ​ទៅ​គាត់ ប៉ុន្តែ​យើងខ្ញុំ​មិន​យល់ព្រម​។ បន្ទាប់​ពី​ការ​ដោះស្រាយ​គ្នា​លើក​ទី​១​មិន​ត្រូវរ៉ូវ​គ្នា​មក យើងខ្ញុំ​ក៏​បាន​ឲ្យ​អ្នក​ស្គាល់គ្នា​ឈ្មោះ ណា​រ៉ូ ជួល​មន្ត្រី​ចុច​GPS កំណត់​ទំហំ​ដី​ឃើញ​ថា​មាន​ទំហំ​១​ហិ​កតា​៤៨​អា ហើយ​បាន​ចេញ​ទំហំ​ជា​ឯកសារ​ឲ្យ​ថែម​ទៀត​ផង​។ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ទទួលស្គាល់​នោះ​ទេ បាន​រយៈពេល​ប្រហែល​២ ខែ​ខាង​សង្កាត់​ក៏​ហៅ​យើងខ្ញុំ​ទៅ​ម្តងទៀត ដើម្បី​ដោះស្រាយ​គ្នា​តែ​នៅ​មិន​ឯកភាព​គ្នា​ដដែល ហើយ​ខាង​ភាគី​អាជ្ញាធរ​បាន​និយាយ​បើ​មិន​ឯកភាព​គ្នា​ទេ​នឹ​បញ្ជូន​រឿង​នេះ​ទៅ​ថ្នាក់លើ​ជា​មិន​ខាន​។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ យើងខ្ញុំ​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​ភាគី​ឈ្មោះ ក្រោ​ន ស្រើ​ល ប្តឹង​ចោទប្រកាន់​យើងខ្ញុំ​ថា​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គាត់​ទៅ​វិញ​។ គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​យើងខ្ញុំ​បាន​ឆ្លើយ​ថា​រឿង​ឈ្មោះ ក្រោ​ន ស្រើ​ល ចោទប្រកាន់​នេះ​យើងខ្ញុំ​មិន​បាន​បំផ្លិចបំផ្លាញ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ រឿង​ដុត​ចម្ការ​គឺ​យើងខ្ញុំ​បាន​ដុត​ប្រាកដ​មែន តែ​ដុត​សំអាត​ខាង​ចម្ការ​ខ្ញុំ​នោះ​ទេ​។ តែ​ភ្លើង​ឆេះ​រាលដាល​ដល់​ចម្ការ​របស់​គាត់​ដែល​ភាគី​ខ្ញុំ​ប្រគល់​ដី​ឲ្យ​នោះ​គឺ​ឆេះ​បាន​បន្តិចបន្តួច ហើយ​យើងខ្ញុំ​បាន​នាំ​គ្នា​ពន្លត់​ទាន់​ពេលវេលា​។

គ្រួសារ​ជន​រង​គ្រោះ​លើក​ឡើង​ថា ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​នេះ​យើងខ្ញុំ​បាន​ឆ្លើយ​រឿងហេតុ​ដូច​ការ​រៀបរាប់​ខាងលើ ហើយ​ខាង​តុលាការ​ក៏​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​។​សំណូមពរ ១.​ស្នើ​សុំ​អង្គការ​អា​ដ​ហុ​ក​ជួយ​អន្តរាគមន៍ ស្វែងរក​យុត្តិធម៌ ២.​ស្នើ​សុំ​ឲ្យ​ឈ្មោះ ក្រោ​ន ស្រើ​ល ប្រគល់​ដី​ដែល​រំលោភ​យក​មក​ឲ្យ​យើងខ្ញុំ​វិញ ៣.​ប្តឹង​ឈ្មោះ ក្រោ​ន ស្រើ​ល ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៤.​ទាម​ទារជំងឺចិត្ត​ចំនួន​៦០០០​ដុល្លារ (​ប្រាំមួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ៥.​ស្នើ​សុំ​អង្គការ​អា​ដ​ហុ​ក​ជួយ​តាមដាន​ឃ្លាំមើល​ស៊ើបអង្កេត​ករណី​នេះ​៕