ប្រធានសភា​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       July-26-2016, 9:19 pm         312

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានសភា​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​ភ្នំពេញ​៖ ប្រធានសភា​ប្រជាជន​ចិន​លោក Zhang Dejiang នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកដំបូង នាពេល​មុខ តប​តាម​ការអញ្ជើញ​របស់​ប្រធានរដ្ឋសភា​កម្ពុជា​សម្តេច ហេង សំរិន​។​

​សម្តេច ហេង សំរិន បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានសភា​ចិន លោក Zhang Dejiang នៅ​ថ្ងៃទី​២៦ ខែកក្កដា​នេះ ក្នុងប្រទេស​ចិន​។ បើតាម​ការផ្សាយ​របស់​ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មាន​រដ្ឋសភា​ពី​ជំនួប​រវាង​ភាគី​អង្គនីតិបញ្ញត្តិ​រដ្ឋ​ទាំងពីរ សម្តេច ហេង សំរិន បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់ ប្រធានាធិបតី ស៊ី ជិន​ពីង លើ​គោលនយោបាយ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​សេដ្ឋកិច្ច​សូត្រ និង​ការបង្កើត​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​យ៉ាងខ្លាំង ព្រោះ​វា​ជា​នយោបាយ​ត​ភ្ជាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​។​

​សម្តេច​និយាយ​ពី​ភាព​វិជ្ជមាន​នៃ​គោលនយោបាយ​នេះ​ថា វា​មិន​ត្រឹមតែ​បានរួម​ចំណែក​ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធានាបាន​នូវ​ការអភិវឌ្ឍ និង​វិបុលភាព​ទាំងអស់គ្នា សម្រាប់​បណ្តា​ប្រទេស តាម​បណ្តោយ​ខ្សែក្រវ៉ាត់​វិថី​សូត្រ រួមទាំង​កម្ពុជា ផងដែរ​។​

​ទន្ទឹមគ្នា សម្តេច ហេង សំរិន បាន​ប្រាប់​ភាគី​ចិន​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ចុងក្រោយ​នេះដែរ​។ សម្តេច​ចាត់ទុក​មិត្ត​ចិន​ជា​ភាគី​បាន​ជួយ​រួមចំណែក​ក្នុងការ​ជំរុញ​កំណើន​ផ្នែក​សេដ្ឋកិច្ច​ដែល​ពុំ​អាច​កាត់ផ្តាច់​ពីគ្នា​ឡើយ ព្រោះ​ចិន​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ហិរញ្ញ​ទាន​ឥត​សំណង និង​កម្ចីសម្បទាន​ដល់​កម្ពុជា​។​

​បើតាម​ប្រភព​សភា ភាគី​ទាំងពីរ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល កម្ពុជា​-​ចិន ទាំង​វិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និង​កិច្ច​សហ ប្រតិបត្តិការ​ដ៏ទៃទៀត ដើម្បី​ផលប្រយោជន៍​រួមគ្នា​ទៅវិញទៅមក​។​

​ជាមួយគ្នា លោក ចាង តឺ​ជាំ​ង បានទទួល​ស្គាល់​ពី​សក​ម្ម​ភាព​ចិន​ដែល​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់ ជីវភាព​ប្រជាជន​កម្ពុជា​។ លោក​បានលើកឡើង​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ថា ជា​ប្រទេស​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ ទោះបី​លោក​ពុំ​ធ្លាប់​មក​បំពេញ​ប្រទេស​កម្ពុជា​ដោយផ្ទាល់​ក្តី​។ ហើយ​ថា ភាគី​ចិន​បាន​គាំទ្រ​ចំពោះ​ជំហរ​ប្រទេស​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ពិសេស​កម្ពុជា​បាន​គាំទ្រ​នយោបាយ​ចិន​តែមួយ​។​

​បើតាម​ការផ្សាយ​របស់​សភា លោក ចាង តឺ​ជាំ​ង បញ្ជាក់ថា ចិន​នៅតែ​បន្ត​គាំទ្រ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្តទៀត​លើ​គ្រប់​វិស័យ​។ ហើយ លោក ចាង តឺ​ជាំ​ង នឹង​រក​ពេលវេលា​សមស្រប​ណាមួយ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​កម្ពុជា​នាពេលខាងមុខ ឆ្លើយតប​នឹង​ការអញ្ជើញ​របស់ សម្តេច ហេង សំរិន​។​

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កំពុង​ដឹកនាំ​គណៈប្រតិភូ​ពី​កម្ពុជា​ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល ៥​ថ្ងៃ​ហើយ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​។ សម្តេច ហេង សំរិន បាន និង​កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​មួយចំនួន រួមមាន លោក Li Yuanchao អនុ​ប្រធានាធិបតី​, លោក Yu Zhengsheng ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន និង​លោក Zhang Dejiang ប្រធានសភា​ប្រជាជន​ចិន​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​នឹង​ត្រឡប់​មកពី​ប្រទេស​ចិន​ដល់​កម្ពុជា តាម​ជើងហោះហើរ​ពិសេស​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦៕