​ពលរដ្ឋ​ដែល​ច្បាប់​មិន​ឲ្យ​ឈរឈ្មោះ និង​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ និពន្ធដោយ : រុង រឿង       July-26-2016, 8:39 pm         2770

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ពលរដ្ឋ​ដែល​ច្បាប់​មិន​ឲ្យ​ឈរឈ្មោះ និង​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ​សង្កាត់​​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៤  នឹង​ឈាន​មកដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ​។ គណបក្សនយោបាយ​ខ្លះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ឈរឈ្មោះ​បេក្ខជន​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដាក់ពាក្យ​ស្នើសុំ​ឈរឈ្មោះ​។ តើ​ច្បាប់​ស្តី​ការបោះឆ្នោត​ឃុំ​សង្កាត់ បានកំណត់​លក្ខខណ្ឌ មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណាខ្លះ​អាច​ឈរឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​បាន​?

​ច្បាប់​អនុញ្ញាត​
​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ផ្តួច​ផ្តើមធ្វើ​វិសោធនកម្ម​ដោយ​គណបក្ស​ប្រជាជ​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​ទើប​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ ឆ្នាំ ២០១៥ ត្រង់​មាត្រា ៣៥ បានកំណត់​ពី​លក្ខខណ្ឌ​របស់​ពលរដ្ឋ ដើម្បី​អាច​ឈរឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​។ លក្ខខណ្ឌ​ទាំងនោះ​មានដូចជា ប្រជាពលរដ្ឋ​ទាំង​ពីរភេទ ត្រូវមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​, ចេះ​អាន និង​ចេះ​សរសេរ​អក្សរ​ខ្មែរ​, បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​មានបំណង​ឈរឈ្មោះ​បោះឆ្នោត និង​ចុងក្រោយ​ត្រូវមាន​អាយុ​យ៉ាងតិច ២៥ ឆ្នាំ គិត​មកដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​។​

​ច្បាប់​ហាម​
​ច្បាប់​ដដែល​នេះ បាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​ឈរឈ្មោះ​សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នោះទេ បើ​បុគ្គល​នោះ ជា​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សមាជិក​រាជរដ្ឋាភិបាល ចៅក្រម អភិបាល ឬ​អភិបាលរង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​ឃុំ​សង្កាត់ រៀបចំ​ការបោះឆ្នោត និង​គណកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់​លំ​ដាប់ថ្នាក់​។ ជាងនេះទៅទៀត​មាត្រា ៣៦ នៃ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏​ហាម​មិន​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​តុលាការ កងយោធពល​ខេមរភូមិន្ទ ឬ​នគរបាលជាតិ​ក្នុង​មុខតំណែង​, ព្រះសង្ឃ ឬ​បព្វជិត​សាសនា​នៃ​សាសនា​ណាមួយ​, ស្មៀនឃុំ​សង្កាត់​ណាមួយ ឈរ​ជា​បេក្ខជន​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​បានដែរ​។​

​ករណី​លើកលែង​
​មាត្រា ៣៧ ចែងថា មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​តុលាការ កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ បើ​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវដាក់​ពាក្យសុំ​ច្បាប់ឈប់​ពិសេស​យ៉ាងតិច ៧ ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ផ្លូវការ​។ ប្រសិនបើ​សាមីខ្លួន​ជាប់ឆ្នោត សាមីខ្លួន​ត្រូវធ្វើ​ពាក្យសុំ​តាម​ឋានានុក្រម​ទៅ​សាមីក្រសួង ឬ​សាមី​អង្គភាព ទៅ​បម្រើការ​នៅក្នុង​ក្របខណ្ឌ​ដើម​ក្នុង​រយៈពេល​អាណត្តិ​រប​ស់​ខ្លួន ក្នុងឋានៈ​នេះ​សាមីខ្លួន​ត្រូវមាន​សិទ្ធិ​ឡើង​ថ្នាក់  និង​រក្សា​អតីតភាព​ការងារ​សម្រាប់​ទទួលបាន​សោធន​និវត្តន៍​។ ពេល​ចប់​អាណត្តិ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សាមីខ្លួន​អាច​សុំ​ត្រឡប់មក​បម្រើការ​នៅ​ក្រសួង ឬ​អង្គភាព​ដើម​វិញ ប៉ុន្តែ​មុខងារ​អាស្រ័យ​សាមីក្រសួង ឬ​សាមី​អង្គភាព ជា​អ្នកសម្រេច​៕