លោក ពូ​ទីន កំពុង​ធ្វើ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​បែកបាក់ ដើម្បី​ជួយ​ឲ្យ​ដូ​ណា​ល់​ត្រាំ​ឈ្នះឆ្នោត​? និពន្ធដោយ : សៅ ផលនិស្ស័យ       July-26-2016, 8:19 pm         3226

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ពូ​ទីន កំពុង​ធ្វើ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​បែកបាក់ ដើម្បី​ជួយ​ឲ្យ​ដូ​ណា​ល់​ត្រាំ​ឈ្នះឆ្នោត​?​ក្រោយ​គេហទំព័រ Wikileak ទម្លាយ​សារ​អេឡិចត្រូនិក​ដែល​បង្ហាញថា​គណកម្មកា​រ​ជាតិ​បក្ស​ប្រជាធិបតេយ្យ​មាន​ភាពលម្អៀង​ទៅរក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន  ជាង​លោក ប៊ែ​នី សេន​ដឺ នោះ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាននាំគ្នា​ដាក់​ការសង្ស័យ​លើ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​។ គេ​ចោទថា ព្រោះ​គំនុំ​ផ្ទាល់ខ្លួន  លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្វើ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​បែកបាក់​គ្នា និង​ដើម្បី​ឲ្យ​លោកស្រី គ្លី​ន​តុ​ន ចាញ់ឆ្នោត​។
បច្ចុប្បន្ន​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) កំពុង​ស៊ើបអង្កេត​ករណី​លួច​ចូល​ទាញយក​ទិន្នន័យ​និង​សារ​របស់​គណកម្មការ​បក្ស​ប្រជាធិបតេយ្យ​នេះ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា រុស្ស៊ី​ពិតជា​នៅក្រោយ​សកម្មភាព​នេះ​មែនឬ​អត់​។ ប៉ុន្តែ​ស្ថាបនិក Wikileak បាន​អះអាងថា រឿង​ទម្លាយ​សារ​នេះ​គ្មាន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ការ​បែកធ្លាយ​សារ​អេឡិចត្រូនិក​របស់​គណកម្មាធិការ​បក្ស​ប្រ​ធិបតេយ្យ កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​ថ្មី​មួយទៀត បន្ទាប់ពី​សំណុំរឿង​សារ​អេឡិចត្រូនិក​ផ្ទាល់ខ្លួន​របស់លោក ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។  វា​ចម្រូងចម្រាស​ត្រង់​ថា សារ​ដែល​ទម្លាយ​ចេញ​ដោយ​គេហទំព័រ Wikileak នោះ​បង្ហាញ​ឲ្យ​ឃើញថា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ទំនោរ​និង​លម្អៀង​ទៅលើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាង​សមាជិក​ព្រឹទ្ធសភា រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ​។ ប៉ុន្តែ​មិនមាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ឲ្យ​ឃើញថា មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ប្រើប្រាស់​ធនធាន​ដើម្បី​ជួយ​លោកស្រី គ្លី​ន​តុ​ន ឲ្យ​ឈ្នះ​ការតែងតាំង​ពី​បក្ស និង​ធ្វើ​ឲ្យ​លោក ប៊ែ​នី សេន​ដឺ ចាញ់​ឡើយ​។​

​ទោះជា​បែបនេះ​ក្តី ការទម្លាយ​សារ​ពាក់ព័ន្ធ​កិច្ចការ​ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ​នេះ បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ និង​ទាស់ទែង​គ្នា​ក្នុង​បក្ស​ប្រជាធិបតេយ្យ​។ ប្រធាន​គណកម្មាធិការ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Wasserman Schultz ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចេញពី​តំណែង ហើយ ការបង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ​ដើម្បី​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ស្ថិតក្នុង​ស្ថានភាព​ស្រពេចស្រពិល​នៅឡើយ​។ អ្វីដែល​គេ​អាច មើលឃើញ​នៅពេលនេះ​គឺ​ឱកាស​របស់​សេដ្ឋី ដូ​ណា​ល់ ត្រាំ ក្នុងការ​ទាញ​ការគាំទ្រ ពេលដែល​បក្ស​ប្រជាធិបតេយ្យ​បែកបាក់​គ្នា​។

​ហេតុអ្វី Wikileak ទម្លាយ​សារ​ចំពេល​សមាជ​បក្ស​ទៅវិញ​? 
​យោងតាម​សារព័ត៌មាន Politico រឿង​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​គឺ Wikileak ទម្លាយ​សារ​អេឡិចត្រូនិក​នេះ ចំពេល​សមាជ​បក្ស​ប្រជាធិបតេយ្យ​ចាប់​ផ្តើមឡើង​។ ចង់​មិន​ចង់ គេ​មើលឃើញថា វា​ជា​គម្រោង​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ទាស់ទែង​និង​បែកបាក់​គ្នា​ក្នុង​បក្ស​ប្រជាធិបតេយ្យ​។ ឬ​អាច​និយាយ​ឲ្យ​ខ្លី​ថា ដើម្បី​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចាញ់​ប្រៀប​សេដ្ឋី​អចលនទ្រព្យ​ដូ​ណា​ល់ ត្រាំ នេះ​តែម្តង​។ ប៉ុន្តែ សំណួរ​ថា សារ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​ហ៊ី​ឡា​រី គ្លី​ន​តុ​ន កម្រិតណា​នោះ នៅ​មិនទាន់មាន​ចម្លើយ​នៅឡើយ​ទេ​។

​ជារួម ក្រោយ​មានការ​បែកធ្លាយ បណ្តា​អ្នកប្រជាធិបតេយ្យ​រួមទាំង​ក្រុម​រៀបចំ​យុទ្ធនា​ការឃោសនា​សម្រាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ជាប់​ពាក់ព័ន្ធ​ការ​លួច​ទាញយក​សារ​អេឡិចត្រូនិក​របស់​គណកម្មាធិការ​បក្ស​ប្រជាធិបតេយ្យ​នេះ​។ យោងតាម​សារព័ត៌មាន Washington Post ក្រុមហ៊ុន​សន្តិសុខ​មួយចំនួន បាន​អះអាងថា រុស្ស៊ី​នៅ​ពីក្រោយ​ការ​លួច​ទាញយក​និង​បញ្ចេញ​សារ​ទាំងនោះ​ឲ្យ​ទៅ Wikileak​។ 

​យ៉ាងណាមិញ ទោះ​មានការ​ចោទប្រកាន់​និង​ដាក់​ការសង្ស័យ​លើ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បែបនេះ ក្តី ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI កំពុង​បន្ត​ស៊ើបអង្កេត​នៅឡើយ ហើយ​មិនទាន់មាន​ការសន្និដ្ឋាន​ចុងក្រោយ​ជុំវិញ​បញ្ហា​នេះ​ទេ​។ តែ​ស្ថាបនិក​គេ​ទំព័រ Wikileak លោក   Julian Assange បាន​បកស្រាយ​ដើម្បី​បញ្ចប់​ការសង្ស័យថា រុស្ស៊ី​មិនមាន​ពាក់ព័ន្ធ​ការ​លួច​ទាញ​យកសារ​នេះ​ទេ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន NBC ស្ថា​និក​គេហទំព័រ Wikileak ដែល​បន្ត​ជ្រកកោន​ក្នុង​ស្ថានទូត​អេក្វាទ័រ​ក្នុងប្រទេស​អង់គ្លេស​នោះ បាន​អះអាងថា គ្មាន​ភ័ស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ករណី​លួច​ចូល​និង​ទាញ​ទិន្នន័យ​នេះឡើយ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​បន្ថែមថា តើ​សារ​ដែល​គេហទំព័រ​លោក​បញ្ចេញ​នេះនោះ​មាន​ប្រភព​មកពីណា​ជាក់លាក់​ឡើយ​។

២.​លោក ពូ​ទីន ពិតជា​ស្អប់​លោកស្រី ហ៊ី​ឡា​រី និង​ចង់​ឲ្យ​ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​?
​តាំងពី​យូរ​មកហើយ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​ចូលចិត្ត​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឡើយ​។ អាច​ថា វា​ជា​បញ្ហា​បុគ្គល និង​ជា​អារម្មណ៍​ផ្ទាល់ខ្លួន​ដែរ​។ ទាក់ទិន​បញ្ហា​បុគ្គល ក្នុង​ឆ្នាំ ២០១១ បាតុកម្ម​ប្រឆាំង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានកើត​ឡើង​នៅ​កណ្តាល​ទីក្រុង​ម៉ូស្គូ​ក្រោយ​ការបោះឆ្នោត  ហើយ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី ហ៊ី​ឡា​រី  គ្លី​ន​តុ​ន កាលនោះ​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការរិះគន់​រដ្ឋាភិបាល​រុស្ស៊ី​ថែមទៀត​។ លោក ពូ​ទីន​ដឹង​ច្បាស់​ថា លោកស្រី គ្លី​ន​តុ​ន នៅ​ពីក្រោយ​ចលនា​បាតុកម្ម​ប្រឆាំង​លោក​និង​លទ្ធផល​បោះឆ្នោត​សភា​នៅ​កណ្តាល​ក្រុង​ម៉ូស្គូ​។

​និយាយ​ទៅ រុស្ស៊ី​ដឹង​ច្បាស់​ថា ពេល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត វា​នឹង​គ្មានអ្វី​ប្រែប្រួល​ឡើយ​ក្នុង​ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​ដែល​ធ្លាក់ចុះ​ទាប​ដូច​បច្ចុប្បន្ន​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋបាល​លោកស្រី គ្លី​ន​តុ​ន ក៏​ប្រហែលជា​បន្ត​គោលនយោបាយ​ប្រឆាំង​រុស្ស៊ី​នៅ​អឺរ៉ុប និង​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ដើម្បី​ផ្សព្វផ្សាយ​ប្រជាធិបតេយ្យ​។ ដូច​ឃើញស្រាប់​បញ្ហា​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប​ខាងកើត​ជាដើម​។

​ខុសពី​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លោក ដូ​ណា​ល់ ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន តែង​សរសើរ​គ្នា​ទៅវិញទៅមក​។ លោក ដូ​ណា​ល់ ត្រាំ ក៏​អាច​នឹងមាន​លទ្ធភាព​ស្តារ និង​សម្របសម្រួល​ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី និង​អាមេរិក​បាន​ផង បើសិនជា​លោក ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ ដូច្នេះ រុស្ស៊ី​ពិតជា​មិន​ចង់​ឲ្យ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត​ទេ តែ​ចង់ឃើញ​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទៅវិញ​៕