អឺរ៉ុប​កាន់តែ​បារម្ភ ខណៈ​តួ​ក​គី​ឃុំខ្លួន​អ្នកកាសែត​៤២​នាក់ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-26-2016, 10:39 pm         222

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អឺរ៉ុប​កាន់តែ​បារម្ភ ខណៈ​តួ​ក​គី​ឃុំខ្លួន​អ្នកកាសែត​៤២​នាក់​ស្ថានភាព​នៅ​តួ​ក​គី ហាក់ដូចជា​ធ្លាក់​ក្នុងស្ថានភាព​កាន់តែ​អាក្រក់ បន្ទាប់ពី​រដ្ឋប្រហារ​មិនបាន​សម្រេច ដែល​នាំ​ដល់​ការឃាត់ខ្លួន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​មកហើយ​។ ការឃាត់ខ្លួន ក៏ដូចជា​ឃុំ​ខ្លូន មន្ត្រី​យោធា ស៊ីវិល និង​អ្នកកាសែត​នោះ ធ្វើ​ឲ្យ​លោកខាងលិច ពិសេស​អឺរ៉ុប ព្រួយបារម្ភ​ខ្លាំង ស្រប​ពេលដែល​មានការ​រាយការណ៍​ជាច្រើន​ពី​ករណី​រំលោភសិទ្ធិ​មនុស្ស​។

​ទូរទស្សន៍ NTV បាន​ផ្សាយ​ថា អាជ្ញាធរ​តួ​ក​គី​បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​អ្នកកាសែត​ចំនួន​៤២​នាក់ នៅ​ថ្ងៃទី​២៥ ខែកក្កដា ដែលជា​ផ្នែក​នៃ​ការ​បោសសម្អាត​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Tayyip Erdogan នៅក្រោយ​រដ្ឋប្រហារ​មិន​ជោគជ័យ​ថ្ងៃទី​១៥ ខែកក្កដា​។ មកទល់ពេលនេះ មនុស្ស​ច្រើនជាង​៦​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ទាហាន ត្រូវបាន​ចាប់ឃុំខ្លួន ហើយ​សកម្មភាព​នេះ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហភាព​អឺរ៉ុប​។ 

​ការចាប់ខ្លួន និង​ការព្យួរ​តំណែង​មន្ត្រី​យោធា ប៉ូលិស ចៅក្រម និង​បុគ្គលិក​ស៊ីវិល ដើម្បី​ឆ្លើយតប​នឹង​ហេតុការណ៍​ថ្ងៃទី​១៥ ខែកក្កដា បាន​បង្ក​ជា​ព្រួយបារម្ភ​ក្នុងចំណោម​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ប​ស្ចឹ​ម​ប្រទេស ដ្បិត​ពួកគេ​ខ្លាច​ថា ប្រធានាធិបតី Erdogan កំពុង​ប្រើប្រាស់​ហេតុការណ៍​នេះ សម្រាប់​ក្ដោប​ក្ដាប់​អំណាច​។ ជាមួយគ្នានេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ (Jean-Claude Juncker) បានលើកឡើង​ពី​ករណី នឹង​ការ​សុំចូល​របស់​អឺរ៉ុប ពី​សំណាក់​តួ​ក​គី​។ 

​ថ្លែង​តាម​ទូរទស្សន៍​បារាំង France 2 ប្រធាន​គណៈកម្មការ​រូបនេះ បញ្ជាក់ថា​៖« ខ្ញុំ​ជឿថា ក្នុងស្ថានភាព​បច្ចុប្បន្ន តួ​ក​គី គឺ​មិនអាច​ក្លាយជា​សមាជិក​អឺរ៉ុប​បានទេ ហើយ​រយៈពេល​វែង​ទៅមុខ ក៏​អ៊ីចឹង​ដែរ​»​។ លោក​បន្តថា ប្រសិនបើ​តួ​ក​គី នៅតែ​អនុវត្ត​ទោស​ប្រហារជីវិត ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​កំពុង​ពិចារណា​នោះ អឺរ៉ុប​នឹង​បញ្ឈប់​ការចូល​ជា​សមាជិក​របស់​តួ​ក​គី​មិនខានឡើយ​។​

​យ៉ាងណាក្ដី ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ប្រធានាធិបតី Erdogan ការពារ​ជំហរ​របស់​រដ្ឋាភិបាល​តួ​ក​គី ដែល​កំពុង​ពិចារណា​អនុវត្ត​ទោស​ប្រហារជីវិត​។ ក្នុងការ​សន្ទនា​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់ ARD លោក Erdogan និយាយ​ការពារ​ថា ប្រជាជន​តួ​ក​គី ចង់​អនុវត្ត​ទោស​បែបនេះ​ឡើងវិញ ហើយ​រដ្ឋាភិបាល​នឹង​ស្ដាប់​តាម​មតិ​ប្រជាជន និង​មិនអាច​និយាយថា «​ទេ​» នោះទេ​។  

​ឆ្លើយតប​នឹង​ការព្រមាន​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​វិញ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu បាន​ប្រាប់ Haberturk TV ថា អឺរ៉ុប មិនអាច​គំរាម​តួ​ក​គី ជុំវិញ​ការអនុវត្ត​ទោស​ប្រហារជីវិត​បានទេ​៕