អាល្លឺម៉ង់៖ ផ្ទុះ​អាវុធ​​ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ប៊ែរឡាំង – គ្រូ​ពេទ្យ​របួស​ធ្ងន់

ស្នូរផ្ទុះអាវុធ បានលាន់សូរឡើង នៅថ្ងៃអង្គារនេះ ក្នុងមន្ទីរពេទ្យ​មួយ នៃរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ នេះ បើ​តាម​ការ​ផ្សាយ​ឲ្យដឹង នៅមុននេះ របស់ទស្សនាវដ្ដីអាល្លឺម៉ង់ ឈ្មោះ «Bild»។ គ្រូពេទ្យម្នាក់​ ទំនងជា​បាន​រងគ្រោះ​ធ្ងន់ធ្ងរ ខណៈ​ជន​ខ្មាន់​កាំភ្លើង ទំនងជាបានសម្លាប់ខ្លួន។ ដំណឹងនេះ គ្រាន់តែជាជំហានដំបូង​ប៉ុណ្ណោះ ហើយ​អាច​មាន​ការ​ប្រែប្រួល ក្នុង​នាទី​ខាងមុខ។
អាល្លឺម៉ង់៖ ផ្ទុះ​អាវុធ​​ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ប៊ែរឡាំង - គ្រូ​ពេទ្យ​របួស​ធ្ងន់

នគរបាលអាល្លឺម៉ង់ កំពុងល្បាតទីកន្លែងសំខាន់ៗ នៅក្នុងក្រុងធំៗ នៃប្រទេស។ (រូបថតទ្វីសធើរ)

ខណៈពេលនេះ ប្រទេសអាល្លឺម៉ង់កំពុងកាន់ទុក្ខ នឹងការបាញ់សម្លាប់ កាលពីពេលថ្មីៗនេះ នៅឡើយ។ តែ​នៅថ្ងៃអង្គារនេះ បុរសម្នាក់បានផ្ទុះអាវុធ នៅក្នុងមន្ទីរពេទ្យដ៏ធំមួយ របស់រដ្ឋធានីប៊ែរឡាំង។ មន្ទីរពេទ្យនោះ មានឈ្មោះថា «Benjamin Franklin»។ នេះ បើតាមការផ្សាយឲ្យដឹង នៅមុននេះបន្តិច របស់ទស្សនាវដ្ដី​អាល្លឺម៉ង់ «Bild»។

ទស្សនាវដ្ដីបានបន្តទៀតថា គ្រូពេទ្យម្នាក់ទំនងជាបានត្រូវគ្រាប់ ហើយបានរងរបួសធ្ងន់ធ្ងរ។ រីឯជនខ្មាន់​កាំភ្លើង​វិញ ទំនងជាបានសម្លាប់ខ្លួន។

ប៉ុន្តែនគរបាលរដ្ឋធានី ប៊ែរឡាំង បានអះអាង នៅលើទំព័រទ្វីសធើរ​ផ្លូវការ​​របស់ខ្លួន​ថា ការផ្ទុះអាវុធនេះ ពិតជា​បានកើតឡើង នៅក្នុងមន្ទីរពេទ្យតែម្ដង ហើយជនប្រដាប់អាវុធម្នាក់នោះ បានបាញ់សម្លាប់ខ្លួន។ នៅក្នុង​សារ​មួយ​ទៀត ដែលត្រូវបានបង្ហោះ នៅមុនក្រោយគ្នាបន្តិចនោះ នគរបាលបានឲ្យដឹងថា គ្រូពេទ្យម្នាក់បាន​រង​គ្រោះ​ធ្ងន់ធ្ងរ និងកំពុងស្ថិតក្រោមការព្យាបាល ដ៏ដិតដល់មួយ។

នៅពេលនេះ វាហាក់ដូចជាលឿនបន្តិច ដើម្បីដឹងពីមូលហេតុ និងតុល្យភាពលំអិត​ផ្សេងទៀត ទាក់ទងនឹង​ការ​វាយប្រហារ​ខាងលើ។ យ៉ាងណា នគរបាលអាល្លឺម៉ង់ នៅមិនទាន់គិតថា ការផ្ទុះអាវុធនេះ ជាអំពើភេរវកម្ម​នោះ​នៅ​ឡើយ។ តែករណីផ្ទុះអាវុធនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហារជាច្រើន និងជាបន្តបន្ទាប់ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ សម្រាប់រយៈពេលចុងក្រោយនេះ៕