សង្គម​​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ជាង​​នេះ ​ដោយ​គ្រាន់តែ​ផ្លាស់​ប្តូរ​របៀប​​គិត

ហេតុ​អ្វី​របៀប​គិត​របស់​មនុស្ស​ អាច​ធ្វើ​ឱ្យ​​សង្ក​ម​ប្រែប្រួល​បាន? កាលបើ​មនុស្ស​មានការ​គិត​មួយ ​កាន់​​តែ​វិជ្ជមាន​អំពី​​សង្គម​នោះ​ហើយ​​ធ្វើ​អ្វី​ៗ ​ដើម្បី​ភាព​វិជ្ជមាន​នោះ​ សង្គម​នឹង​កាន់តែ​ប្រសើរ​ ។

នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មនុស្ស​ម្នា​ច្រើន​ចង្អុល​មុខ​ដាក់​គ្នា​អំពី​កំហុសឆ្គង​នៅ​ក្នុង​​សង្គម ​។ មនុស្ស​ជា​ច្រើន​ បាន​នាំ​គ្នា​បន្ទោស​ដល់​មន្ត្រី​ ដែល​ពុក​រលួយ​ ដែល​បាន​ធ្វើ​ឱ្យ​​សង្គម​មានការ​រីកចម្រើន​យឺតយ៉ាវ ​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ យើង​មិន​បាន​នាំ​គ្នា​គិត​ថា ​ម្នាក់​ៗ​សុ​ទ្ធ​តែ​​អាច​មាន​ល​ទ្ធ​ភាព​នៃ​ការ​បំបាត់​អំពើ​ពុក​រលួយ​ តាម​រយ​:​ការ​អប់រំ​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ផ្ទាល់​ ឱ្យ​​រសនៅ​តាម​របៀប​មួយ​​ដ៏​ស្អាត​ស្អំ​​ឡើយ​ ។

នៅ​ពេល​ដែល​អំពើ​ពុក​រលួយ ​ឬ​គ្រួសារ​និយម ឬ​បក្សពួក​និយម​ ស្ថិត​នៅ​ក្នុង​ផលប្រយោជន៍​នៃ​បុគ្គលិក​ណាមួយ​​នោះ បុគ្គលិក​នោះ​នឹង​ស្ងាត់​មាត់​ឈឹង ​។ ប៉ុន្តែ​នៅ​ពេល​ដែល​អំពើ​ពុក​រលួយ បក្សពួក​និយម ឬ​គ្រួសារ​និយម​ បាន​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​មនុស្ស​ណា​ម្នាក់​នោះ គេ​ក៏​ចាប់ផ្តើម​ស្រែក​​ខឹង ​។

មនុស្ស​ម្នា​​ជា​ច្រើន​បាន​ចង្អុល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​អំពី​អំពើ​អសកម្ម​ក្នុង​សង្គម​ដោយ​ម្នាក់​ៗ​ ភ្លេច​គិត​ថា ​តើ​ខ្លួន​ត្រូវ​អប់រំ​ខ្លួន​របៀប​ណា​ ដើម្បី​ធ្វើ​ឱ្យ​​ខ្លួន​ក្លាយជា​ពលរដ្ឋ​ល្អ​ម្នាក់ ​ដែល​ស្អាតស្អំ ដែល​គោរព​ច្បាប់ និង​ដែល​ជួយ​ដល់​សង្គម​ជាតិ​។ ការ​ផ្លាស់​ប្តូរ​របៀប​គិត​អំពី​ការ​បន្ទោស​ដាក់​គ្នា ​អំពី​បញ្ហា​សង្គម​នានា​​​ មក​ជា​ការ​គិត​រៀបចំ​ជីវិត​មនុស្ស​ម្នាក់​ៗ ឱ្យ​​កាន់តែ​មានចំណេះ​ដឹង ឱ្យ​​កាន់តែ​មាន​សីល​ធម៌ និងឱ្យ​​កាន់តែ​សំបូរ​សប្បាយ​នឹង​ធ្វើ​ឱ្យ​​សង្គម​ប្រែប្រួល​ជា​វិជ្ជមាន​ច្រើន​ជាង​​ការ​ប្រើ​ម្រាមដៃ​ចង្អុល​គ្នា​ទៅ​វិញ​ទៅ​មក​ ។

នៅ​ពេល​ដែល​សង្គម​កម្ពុជា សំបូរ​​ទៅ​ដោយ​មនុស្ស​មានចំណេះ​ដឹង មាន​សេចក្តី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ហើយ​នោះ សង្គម​កម្ពុជា​ទាំងមូល​នឹង​កាន់តែ​ប្រសើរ​ដោយ​ស្វ័យប្រវត្តិ​ ។

វា​សាមញ្ញ​ណាស់ ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​​សង្គម​កែប្រែ​ជា​វិជ្ជមាន ​។ មនុស្ស​នៅ​ក្នុង​សង្គម​ម្នាក់​ៗ ​អាច​រួមចំណែក​បាន​ដោយ​គ្រាន់តែ​ឈប់​ចំណាយពេល​ស្រែក​ឡូ​​ឡា​​អត់​ប្រយោជន៍​អំពី​បញ្ហា​សង្គម ​ហើយ​ប្រឹង​កសាង​ជីវិត​មួយ ​ដែល​ពោរពេញ​ដោយ​ចំណេះ ​និង​អប់រំ​ចរិត​ឱ្យ​​ថ្លៃថ្នូរ ​និងឱ្យ​​មាន​សីលធម៌​ខ្ពស់​ៗ ៕