ពលរដ្ឋ​នៅ​កោះ​ខ្យង​ព្រួយ​បារម្ភ​ពី​បទល្មើស​នេសាទ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានតំបន់កោះខ្យង ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជុំវិញបទល្មើសនេសាទ ពិសេសបទល្មើសកូនគ្រែងឈាម នាមូលដ្ឋាននេះ អូសបន្លាយពេលយូរឆ្នាំ និងគ្មានអាជ្ញាធរពីស្ថាប័នណាមួយចេញមុខទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។

ឆ្លើយតបកង្វល់នេះ មន្ត្រីរជលផលខេត្តព្រះសីហនុ អះអាងថា មន្ត្រីជំនាញស្ថាប័ននេះ បានដាក់កម្លាំងចុះបង្ក្រាបបទល្មើសនេសាទទទួលបានលទ្ធផលជោគជ័យជាច្រើនករណី និងបន្តបើកយុទ្ធនាចុះបង្ក្រាបបទល្មើសនេសាទសមុទ្រជាបន្តបន្ទាប់។

ពលរដ្ឋចោទថា ឈ្មួញនេសាទសមុទ្រពីប្រទេសជិតខាងអាចចេញ ឬចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា ពិសេសអ្នកនេសាទជនជាតិវៀតណាម ចូលទូកមកនេសាទក្នុងតំបន់កោះខ្យង ទាល់តែមានការអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធខេត្តព្រះសីហនុ បើមិនដូច្នេះទេ ឈ្មួញនេសាទល្មើសទាំងនោះមិនអាចចូលនេសាទតំបន់នេះបានទេ។

ទាក់ទិនបញ្ហានេះ លោក យន់ ឆេង មេឃុំអូរជ្រៅ ទទួលស្គាល់ថា ពិតជាមានបទល្មើសនេសាទសមុទ្រ ពិសេសបទល្មើសនេសាទកូនគ្រែងឈាមកើតមានយូរឆ្នាំ និងគ្មានអាជ្ញាធរទប់ស្កាត់ពិតមែន។

លោកមេឃុំអូរជ្រៅ បានសំណូមដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត ពិសេសថ្នាក់ជាតិ ជួយពិចារណាទប់ស្កាត់បទល្មើសនេសាទសមុទ្រ កំពុងធ្វើសកម្មភាពនៅតំបន់កោះខ្យង ស្រុកព្រៃនប់ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព៖ «បទល្មើសនេសាទ ឬបទល្មើសនេសាទគ្រែងឈាម នាមូលដ្ឋានកោះខ្យង ដែលកើតមានជាយូរមកហើយនោះ គឺនៅពេលមានកិច្ចប្រជុំថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត គឺខ្ញុំបានរាយការណ៍ដល់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធឲ្យជួយទប់ស្កាត់។ ប៉ុន្តែបើមិនអាចទប់ស្កាត់បទល្មើសទូកនេសាទជនជាតិ ប្រទេសជិតខាងចូលមកកម្ពុជា បានទេ ស្នើឲ្យអភិរក្សតំបន់មានគ្រែងឈាមពងកូននោះទុកនៅថ្ងៃអនាគត»

ទាក់ទិនបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រះសីហនុ លោក នេន ចំរើន មិនធ្វើអត្ថាធិប្បាយច្រើនទេ ជុំវិញបទល្មើសនេសាទ ពិសេសគ្រែងនេះ។ ទោះយ៉ាងណា លោកថា មន្ត្រីជំនាញស្ថាប័នខ្លួនមិនព្រងើយកន្តើយក្នុងសកម្មភាពចុះបង្ក្រាប ឬទប់ស្កាត់បទល្មើសនេសាទសមុទ្រនៅមូលដ្ឋានតំបន់កោះខ្យងនោះទេ។ លោកបន្តថា ថ្មីៗនេះ កម្លាំងជំនាញរបស់លោកបានចុះបង្ក្រាបបទល្មើសនេសាទនៅតាមតំបន់មួយចំនួននាខេត្តព្រះសីហនុ ទទួលបានលទ្ធផលជាច្រើនករណី។ ប៉ុន្តែលោកបដិសេធមិនផ្ដល់របាយការណ៍លំអិតនៃចំនួនតួលេខដែលមន្ត្រីរបស់លោកចុះបង្ក្រាបបទល្មើសនេសាទមានប៉ុន្មានករណីឲ្យពិតប្រាកដទេ៖ «យើងបានអនុវត្តតាមច្បាប់ជាបន្តបន្ទាប់ទៅលើបទល្មើសនេសាទ ដែលកើតមានក្នុងមូលដ្ឋាននេះ»

បញ្ហានេះដែរ លោក ឃុន សាវឿន មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ដែលបានចុះទៅធ្វើការងារតាមមូលដ្ឋានភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ក៏បានដឹងឮលើករណីបទល្មើសនេសាទសមុទ្រ ឬបទល្មើសគ្រែងឈាម កើតមានអនាធិបតេយ្យនាមូលដ្ឋាននេះដែរ។

លោករិះគន់ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ពិសេសស្ថាប័នខណ្ឌរដ្ឋបាលជលផល មិនគួរទុកឲ្យមានបទល្មើសនេសាទសមុទ្របន្តធ្វើសកម្មភាពក្នុងមូលដ្ឋាននេះ ដោយគ្មានការទប់ស្កាត់ទេ ព្រោះនាំឲ្យរលាយហិនហោចធនធានជលផលសមុទ្រនៅថ្ងៃអនាគត។

មន្ត្រីសិទ្ធិមនុស្សរូបនេះចោទថា បទល្មើសនេសាទដែលឈ្មួញល្មើសមកពីប្រទេសជិតខាងមានប្រទេសវៀតណាម ជាដើម អាចចូលមកនេសាទក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយគ្មានការបង្ក្រាប ទាល់តែមានការអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធណាមួយ។

ផ្ដើមពីបញ្ហានេះ លោក ឃុន សាវឿន ស្នើដល់រដ្ឋាភិបាល ឬថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ជួយមានវិធានការបង្ក្រាបបទល្មើសនេសាទសមុទ្រ ដែលកំពុងកើតមានក្នុងដែនសមុទ្រខេត្តព្រះសីហនុ ឲ្យបានជាស្ថាពរ។

ត្រង់ចំណុចនេះ លោក យន់ ឆេង មេឃុំអូរជ្រៅ និងប្រជាពលរដ្ឋមូលដ្ឋាននេះ បានឲ្យដឹងថា លោកធ្លាប់លើកយកបទល្មើសនេសាទសមុទ្រអនាធិបតេយ្យនៅតំបន់កោះខ្យង ដាក់ជូនស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត មានស្ថាប័នខណ្ឌរដ្ឋបាលជលផល ខេត្តព្រះសីហនុ ជាដើម ដើម្បីជួយមានវិធានការទប់ស្កាត់ ប៉ុន្តែមកដល់ពេលនេះ បទល្មើសនេសាទនៅតែបន្តកើតមានរាល់ថ្ងៃ៕

ប្រភព៖ rfa


ពលរដ្ឋ​នៅ​កោះ​ខ្យង​ព្រួយ​បារម្ភ​ពី​បទល្មើស​នេសាទ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​រូយ​ហ្វេង​ថា​ជួល​អ្នក​ភូមិ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ពលរដ្ឋ​នៅ​កោះ​ខ្យង​ព្រួយ​បារម្ភ​ពី​បទល្មើស​នេសាទ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

សម្តេចតេជោ ប្តូរឈ្មោះ​ផ្សារស្ទឹងត្រែង​មកជា «ផ្សារសាមគ្គីស្ទឹងត្រែង» ឲ្យ​អាជីវករលក់​ដូរពេញ​មួយជីវិត ​មិនបាច់​បង់លុយ​