ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​រូយ​ហ្វេង​ថា​ជួល​អ្នក​ភូមិ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ នៅតែទទួលរងការគំរាមកំហែងពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយរបស់ចិន ដែលកំពុងព្យាយាមរំលោភយកដីកម្មសិទ្ធិរបស់ពួកគេជាបន្តបន្ទាប់។ ក្រុមហ៊ុនចិន ដែលចូលទៅបោះទីតាំងនៅតំបន់នោះឈ្មោះ រូយ ហ្វេង (Rui Feng) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចិន ខ្លះទៀតដែលត្រូវការដីសម្បទានដើម្បីដាំអំពៅ។

អ្នកភូមិប្រើសក្អក ឃុំម្លូព្រៃពីរ នៃស្រុកឆែប បានចោទប្រកាន់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ថាកំពុងជួលប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងអ្នកចំណាកស្រុកជាច្រើនឲ្យកាប់បំផ្លាញព្រៃបម្រុងទុក និងព្រៃជាប់ក្បាលស្រែជាកម្មសិទ្ធិរបស់ពួកគេជាបន្តបន្ទាប់។

ក្រុមអ្នកភូមិទាំងនោះ ព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើ ដែលពួកគេធ្លាប់តែទទួលអនុផលផង និងខ្លាចបាត់បង់ដីផង ពីព្រោះគេសង្កេតឃើញថា នៅពេលណាដែលគេកាប់ព្រៃឈើអស់ ក្រុមហ៊ុនចិន តែងទៅឈូសឆាយរំលោភយក។

តំណាងសហគមន៍ភូមិប្រើសក្អក គឺលោក ពាន សូផាត។ លោកអះអាងកាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ថា រូបលោកក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត កំពុងព្រួយបារម្ភចំពោះរឿងបាត់បង់ព្រៃឈើធ្ងន់ធ្ងរនៅជិតតំបន់ដែលពួកគាត់រស់នៅ។ លោកបញ្ជាក់ថា ចាប់តាំងតែពីចុងខែឧសភា រហូតមកដល់ពេលនេះ ក្រុមហ៊ុនចិន បានជួលអ្នកភូមិខ្លះ ជាពិសេសប្រជាពលរដ្ឋមកពីខេត្តផ្សេង ឲ្យកាប់បំផ្លាញព្រៃឈើនៅតាមក្បាលស្រែរបស់អ្នកភូមិ ព្រមទាំងតំបន់ព្រៃបម្រុងទុក ១០% ទៀតផង៖ «ក្រុមហ៊ុន រូយ ហ្វេង គេជួលឲ្យប្រជាពលរដ្ឋកាប់ដីព្រៃបម្រុងទុក ១០% របស់ប្រជាពលរដ្ឋ គឺអស់ហើយវាលស្លេវ។ ឥឡូវនៅតែកាប់ទៀត មានអ្នកចម្ងាយមកពីខេត្តកំពង់ធំ កំពង់ចាម មកស៊ីឈ្នួលកាប់ គឺ ១ម៉ែត្រគូបថ្លៃ ៣.០០០រៀល»។

ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋាន បានបដិសេធថា គេនៅមិនទាន់បានទទួលព័ត៌មានដូចដែលប្រជាពលរដ្ឋអះអាងនោះនៅឡើយទេ។

អភិបាលស្រុកឆែប លោក សុខ សានតារា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ដឹងរឿងដែលក្រុមហ៊ុនចិន ជួលប្រជាពលរដ្ឋឲ្យកាប់ឈើដើម្បីយកដីនោះទេ។ លោកអភិបាលស្រុកដដែលបញ្ជាក់ថា លោកនឹងចុះស្រាវជ្រាវជុំវិញករណីនេះ។ ចំណែកនៅតំបន់ព្រៃបម្រុងទុក ១០% ជិតភូមិប្រើសក្អក នោះ គឺលោកដឹងថា មានក្រុមហ៊ុនមួយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឲ្យប្រមូលយកអនុផលព្រៃឈើ៖ «ព្រៃហ្នឹងមានក្រុមហ៊ុនខាងប្រមូលផលអនុផលព្រៃឈើ ដើម្បីបង់ពន្ធជូនរដ្ឋ គឺគេធ្វើនៅលើដីបម្រុងទុក ១០%»។

ទោះបីជាយ៉ាងណា មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ឲ្យដឹងថា បញ្ហាជួលឲ្យប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនោះ មិនមែនកើតមាននៅតែភូមិប្រើសក្អក ឃុំម្លូព្រៃពីរ នៃស្រុកឆែប ប៉ុណ្ណោះទេ គឺនៅភូមិសំរោង ឃុំតស៊ូ នៃស្រុកជ័យសែន ក៏មានមន្ត្រីយោធាខ្លះដើរជាមួយក្រុមហ៊ុនចិន ហើយបានបំភិតបំភ័យឲ្យប្រជាពលរដ្ឋកាប់ឈើនៅតាមក្បាលស្រែ លក់ទៅឲ្យក្រុមហ៊ុននោះដែរ។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា ក្រុមហ៊ុនដែលជួលប្រជាពលរដ្ឋឲ្យកាប់បំផ្លាញព្រៃឈើនោះ គឺជាយុទ្ធសាស្ត្រដែលធ្វើឲ្យដីព្រៃឈើក្លាយទៅជាវាលស្រឡះ ហើយបន្ទាប់មក ក្រុមហ៊ុនអាចមានអំណះអំណាងជាច្រើនក្នុងការយកដីទាំងនោះធ្វើជាដីសម្បទានសេដ្ឋកិច្ច៕

ប្រភព៖ rfa


ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​រូយ​ហ្វេង​ថា​ជួល​អ្នក​ភូមិ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ

អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​រូយ​ហ្វេង​ថា​ជួល​អ្នក​ភូមិ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ពលរដ្ឋ​នៅ​កោះ​ខ្យង​ព្រួយ​បារម្ភ​ពី​បទល្មើស​នេសាទ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់