​ទឹកប្តូរនិស្ស័យ ប្រល័យអស់៦ផ្ទាំង​

​រាជធានីភ្នំពេញ ៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មេធាវី​ចេញពី​ផឹកស៊ី​ស្រវឹង​ បានបើករថយន្ត​ម៉ាក​ឡង់គ្រី​ស្ស័រ​រេ​ចង្កូត​ទៅ​បុក​​រនាំង​ដែក​ពុះ​ចែកផ្លូវ បណ្ដាល​ឱ្យ​បាក់​អស់​ចំនួន​៦​ផ្ទាំង រួច​ជ្រុល​ប៉ះ​ម៉ូតូ​៣​គ្រឿង​ និង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​​សំណាងល្អ ដែល​​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ​ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ថ្ងៃ​ទី​២៦ ​កក្កដា ជិត​​​ភោជនីយដ្ឋានប៉ោ​កី ផ្លូវ​ព្រះ​មុនី​វង្ស កែង​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

​ប្រភព​​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ ​គេឃើញ​បុរស​ម្នាក់​​ អាយុ​៥០​ឆ្នាំ ជា​មេធាវី បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​កណ្តុរ​ល្មែស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-3989 ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មាន​ល្បឿន​លឿន​ និង​ក្នុងស្ថាន​ភាព​​ស្រវឹងស្រា​ទៀត ។ ​លុះ​មក​ដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ទៅ​បុក​​រនាំង​ដែក​ពុះ​ចែកផ្លូវ បណ្ដាលឱ្យ​​បាក់​អស់​ចំនួន​៦​ផ្ទាំង ពេល​រថយន្ត​មិន​ទាន់​អស់​ល្បឿន ​ទៅ​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ចំនួន​៣​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ឈប់​រង់ចាំ​ឌុ​ប​ម៉ូយ
បណ្តាល​ឱ្យ​​រង​កា​ខូចខាត យ៉ាងដំណំ​ផង​ដែរ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ម៉ូតូ​ ដែល​រថយន្ត​បុក​មាន​ម៉ាក​វ៉េវ ពណ៌​បៃតង ពាក់​ស្លាក​លេខភ្នំពេញ1AP-6662 ​ម៉ូតូមួយគ្រឿងទៀត​ម៉ាក ZOOMER X ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ 1FU-7199 ​និងម៉ូតូមួយទៀតម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខតាកែវ 1J-9912 ។ រ៉ឺ​ម៉ក​ម៉ូតូ​ពណ៌​ក្រហម អត់​មាន​ស្លាក​លេខ បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់​២​គ្រឿង​និង​ស្រាល​២​គ្រឿង ។

ដោយឡែក​រថយន្ត​វិញ​ រង​កា​ខូចខាតផ្នែក​ខាង​មុខ​ចំហៀង​ស្តាំ ចំណែក​អ្នក​បើក​ត្រូវ​​សមត្ថកិច្ច​ដឹក​តាម​ម៉ូតូ​យក​ទៅ​សាកសួរ​នៅ​ប៉ុ​ស្ត៍​នគរបាល​បឹង​កេងកង​២​ ទាំង​រថយន្ត​ និង​ម៉ូតូ​ព្រមទាំង​អ្នក​បើក​ ត្រូវ​​សមត្ថកិច្ច​យក​ទៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះ​ស្រាយ ។