ឃាត់ខ្លួន​គូស្នេហ៍​ឌី​ជេ ដកហូតបាន​​កាំភ្លើង​២​ដើម និង​វត្ថុ​តាង​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ឌី​ជេ​១​គូ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ដោយ​ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង និង​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ជាន់​ទី​១ ក្នុង​ខុន​ដូរ លេខ​៣៧​ហ្សេ​ត ផ្លូវ​២៦១​ហ្សេ​ត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ចាន់ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ឌី​ជេ (DJ) នៅ​ក្លឹ​ប លី​កា​ស៊ី ស្នាក់​នៅ​ខុន​ដូ​ខាងលើ និង​មានស្រុក​កំណើត​ភូមិក​ន្តៀ​ង ឃុំ​ក​ន្តៀ​ង ស្រុក​ក​ន្តៀ​ង ខេត្តពោធិ៍សាត់ ។ ចំណែក​នារី​ដែល​គេ​អះអាង​ថា​ជា​គូស្នេហ៍​ជនសង្ស័យ​ឈ្មោះ សំ សូ​នី​តា ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​អនុ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ស្នាក់​នៅ​ក្នុង​បូ​រី​លឹ​ម​ឈៀង​ហ៊ា​ក់ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ខុន​ដូរ​បង្ក្រាប​គ្រឿងញៀន កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ។ យោង​តាម​ចម្លើយ​សារភាព​សមត្ថកិច្ច​ឈាន​ទៅ​ឆែកឆេរ​ខុន​ដូរ ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​តែ​ម្តង ។

តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ និង​កាំភ្លើងខ្លី​២​ដើម ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត និង​រថយន្ត Lexus GS300 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AC-5515 មួយ​គ្រឿង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕