តួកគី​ឃាត់ខ្លួន​ក្មេង៦២​នាក់ ចោទ​ប្រកាន់​ថា​ជា​ជនក្បត់ ក្រោយ​រដ្ឋប្រហារ

យោង​តាម​ប្រភព​ព័ត៌មាន​ Daily Mail បាន​ឲ្យ​ដឹង​ថា ប្រទេស​តួកគី​បាន​ឃាត់ខ្លួន​ក្មេងៗ​ចំនួន​៦២នាក់ និង​ចោទប្រកាន់​ពួកគេ​ថា​ជា​ជនក្បត់ ក្រោយ​មាន​ការ​ធ្វើ​រដ្ឋប្រហារ កាល​ពី​សប្តាហ៍មុន។ ក្មេងៗ​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី ១៤ ទៅ ១៧ឆ្នាំ មក​ពី​សាលា​យោធា «Kuleli Military» ដែល​មាន​វ័យ​ចំណាស់​បំផុត​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល (Istanbul)។ ជា​មួយ​គ្នា​នេះ​ដែរ ពួកគេ​ត្រូវ​បាន​គេ​ចាប់​បោះ​ចូល​ទៅ​ក្នុង​គុក និង​មិន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ក្រុមគ្រួសារ​ឡើយ។

 

តួកគី​ឃាត់ខ្លួន​ក្មេង៦២​នាក់ ចោទ​ប្រកាន់​ថា​ជា​ជនក្បត់ ក្រោយ​រដ្ឋប្រហារ

 

បើ​តាម​សម្តី​របស់​ក្រុមគ្រួសារ​ក្មេងៗ​ទាំងនោះ បាន​និយាយ​ថា នៅ​មុន​ពេល​រដ្ឋប្រហារ ក្មេងៗទាំងនោះ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅកាន់​ពិធីជប់លៀង​នៅឯ​សាលា ប៉ុន្តែ​បែរ​ជា​ត្រូវ​គេ​ឲ្យ​ដើរ​ជា​ក្បួនដង្ហែ ដោយ​មាន​ទាំង​កាំភ្លើង និង​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន​កងទ័ព មក​ការពារ​បរិវេណ​សាលា​របស់​ពួកគេ​ទៅវិញ។ ស្រ្តី​ជា​ម្តាយ​ក្មេងប្រុស​អាយុ១៥ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឃាត់ខ្លួន បាន​ឈរ​រង់ចាំ​ដំណឹង​ទាំង​អស់​សង្ឃឹម​នៅ​ខាងក្រៅ​ពន្ធនាគារ «Maltepe» ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «កូនៗ​របស់​យើង​មិន​ដែល​កាន់​កាំភ្លើង​ទេ​ពីមុន​មក… ពួកគេ​ត្រូវ​គេ​បង្ខំ​ឲ្យ​ប្រើ​វា»។

 

យ៉ាងណាមិញ ក្រុម​គ្រួសារ​របស់​ក្មេងៗ​ទាំងនោះ​ភ័យខ្លាច​ថា កូនៗ​របស់​ពួកគេ​នឹង​ត្រូវ​បាន​បដិសេធ​ចំពោះ​ការ​ជំនុំជម្រះក្តី​ដោយ​យុត្តិធម៌ ហើយ​ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​មាន​ពេល​ត្រឹមតែ​២នាទី​ប៉ុណ្ណោះ ដើម្បី​​​ធ្វើ​ជា​កសិណ​សាក្សី​ក្នុង​សវនាការ ខណៈ​ក្រុមគ្រួសារ​របស់គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ។មេធាវី​ម្នាក់​ដែល​តំណាង​ឲ្យ​ក្មេងៗ​ចំនួន៣នាក់ បាន​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​ថា «គ្រួសារ​មួយ​ចំនួន​មិន​បាន​លឺ​ដំណឹង​អ្វី​ទាំងអស់​ពី​កូនៗ​របស់​ពួកគេ រយៈពេល​៧ថ្ងៃ​មកហើយ»។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​តួកគី​លោក Tayyip Erdogan បាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ដោយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​ត្រូវ​ឃាត់ខ្លួន៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail