ចិន​គំរាម​ហ្វីលីពីន​មិន​ឲ្យ​និយាយ​អំពី​សេចក្ដីសម្រេច​តុលាការ​ឡាអេ និង​ព្រមាន​ជប៉ុន​កុំ​ឲ្យ​ជ្រៀតជ្រែក​រឿង​សមុទ្រ​ចិន​ខាងត្បូង​


​មហិច្ឆតា​របស់​មហាអំណាច​ចិន​ដើម្បី​គ្រប់គ្រង និង​ទាញយក​ផលប្រយោជន៍​ពី​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ​នោះ មាន​កម្រិត​ធំធេង​ណាស់ និង​មិន​ងាយ​បោះបង់ ឬ​ដកថយ​វិញ​ឡើយ ទើប​ចិន​មិន​ខ្វល់​ឈឺក្បាល​ទៅនឹង​ការសម្រេច​របស់​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ​ឲ្យ​ហ្វីលីពីន​ឈ្នះក្ដី​លើ​ចិន​ទាល់តែសោះ ហើយ​បែរជា​គំរាម​ហ្វីលីពីន​មិន​ឲ្យ​និយាយ​អំពី​សេចក្ដីសម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ និង​ព្រមាន​ប្រទេស​ជប៉ុន​កុំ​ឲ្យ​លូកដៃ​ជ្រៀតជ្រែក​ចូលក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ខាង​គ្រឿង​សព្វាវុធ​មហាអំណាច​ចិន ក៏បាន​ព្រមាន​ចាត់ការ​នាវា​ផ្ទុក​យន្ដហោះ​របស់​មហាអំណាច​អាមេរិក​ដែល​ឈរជើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិន​ឲ្យ​រួចខ្លួន​ថែមទៀត បើ​សង្គ្រាម​ផ្ទុះឡើង​នៅ​ទីនោះ ។​

ចិន​គំរាម​ហ្វីលីពីន​មិន​ឲ្យ​និយាយ​អំពី​សេចក្ដីសម្រេច​តុលាការ​ឡាអេ និង​ព្រមាន​ជប៉ុន​កុំ​ឲ្យ​ជ្រៀតជ្រែក​រឿង​សមុទ្រ​ចិន​ខាងត្បូង​

លោក​មេធាវី Perfecto Yasay,Jr. រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងជំនួប​ជាមួយ​សម​ភាគី​ចិន​នស​កិច្ចប្រជុំ​កំពូល​អា​សុ​ី​អឺរ៉ុប (ASEM)​នៅ​ម៉ុង​ហ្គោ​លី​កាលពីពេល​កន្លងទៅ​ថ្មីៗ ត្រូវបាន​ភាគី​ចិន​បញ្ជាក់ថា «​ប្រសិនបើ​អស់លោក​នៅតែ​លើកឡើង​អំពី​សេចក្ដីសម្រេច​របស់​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦​នោះ យើង​នឹង​ប្រឈមមុខ​តានតឹង​ដាក់គ្នា​» ។ ប៉ុន្តែ​ទោះយ៉ាងណា ខាង​ភាគី​ហ្វីលីពីន​បាន​ច្រានចោល​នូវ​រាល់​យន្ដការ​នានា​ដែល​សំដៅ​ឲ្យ​មាន​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​ចិន និង​បាន​លើកឡើងថា ការយល់ឃើញ​របស់​ចិន គឺ​ហ្វីលីពីន​មិនអាច​ទទួលយក​បានឡើយ ហើយ​ចិន​ធ្វើ​ដូច្នេះ​ក្នុងន័យ​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ពី​ដែនសមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ ជាពិសេស​ប្រយោជន៍​របស់​ក្រុម​នេសាទ​ចិន​នៅ​ជុំវិញ​កោះ Scarborough របស់​ហ្វីលីពីន ។​

ចិន​គំរាម​ហ្វីលីពីន​មិន​ឲ្យ​និយាយ​អំពី​សេចក្ដីសម្រេច​តុលាការ​ឡាអេ និង​ព្រមាន​ជប៉ុន​កុំ​ឲ្យ​ជ្រៀតជ្រែក​រឿង​សមុទ្រ​ចិន​ខាងត្បូង​

​ភាគី​ហ្វីលីពីន​បានស្នើ​ឲ្យ​ភាគី​ចិន​ធ្វើការ​ពិចារណា​ឡើងវិញ ចំពោះ​សកម្មភាព​ទាំងឡាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​ដែន​អធិបតេយ្យ​កំពុងមាន​ជម្លោះ ខណៈ​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នូវ​វត្តមាន​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក​បោះទីតាំង​នៅ​ក្បែរ​តំបន់​មាន​ជម្លោះ ។​

​ដោយឡែក លោក Fumio Kishida រដ្ឋមន្ដ្រីការបរទេស​ជប៉ុន ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​នឹង​ពិភាក្សា​លើ​ករណី​វិវាទ​ដែន​អធិប​ត​រយ្យ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​កិច្ចប្រជុំ​ការបរទេស​អាស៊ាន និង​បណ្ដា​ប្រទេស​មួយចំនួនទៀត ។ ការបញ្ជាក់​របស់លោក​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​បែបនេះ បានធ្វើ​ឲ្យ​ភាគី​ចិន​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ ចិន​បាន​ព្រមាន​ជប៉ុន​វិញ​ថា ជប៉ុន​គ្មាន​សិទ្ធិ​ចោទប្រកាន់​ចិន ជប៉ុន​មិនមែនជា​ភាគី​ពាក់ព័ន្ធ​ក្នុង​វិវាទ ដូច្នេះ​ជប៉ុន​មិនត្រូវ​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​រឿង​ដែនសមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះឡើយ ។​

​បច្ចុប្បន្ន មហាអំណាច​អាមេរិក អូស្ដ្រាលី និង​ជប៉ុន​បាននិងកំពុង​ប្រើប្រាស់​សេចក្ដីសម្រេច​រប​ស់​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ទប់ស្កាត់​នូវ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ខណៈ​មហាអំណាច​ចិន​មិន​ខ្វល់​នឹង​សេចក្ដីសម្រេច​របស់​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ​នោះ​បន្តិច​ណា​សោះ ៕

Related