អតីត​កីឡាប្រដាល់ ជៀស ស្រួច និង សាត រស្មី រឿងរ៉ាវ​កាន់តែ​ល្បី ពេលដែល​ត្រូវ​លាតត្រដាង​

​រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ​មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​លើ​បណ្តា​សង្គម ហ្វេ​ស​បុក ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ចម្ងល់​ពី​បញ្ហា​នេះ​។ ការ​ត្រឡប់​ជាថ្មី​របស់​អតីត​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ដែលជា​តារា​សម្ដែង ក្នុង​រឿង «​បេះដូង​អ្នក​ប្រដាល់​» លោក ជៀស ស្រួច បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​លោក​មក​លើក​នេះ មិន​ត្រឹមតែ​បង្ហាញខ្លួន​ក្នុង​សភាព​កម្សត់​គួរ​ឲ្យ​អាណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ទម្លាយ​រឿងរ៉ាវ​របស់ខ្លួន​ជាមួយ​អតីត​ភរិយា​ដែលជា​តារា​ស្រី​ម្នាក់​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ផងដែរ​។​

អតីត​កីឡាប្រដាល់ ជៀស ស្រួច និង សាត រស្មី រឿងរ៉ាវ​កាន់តែ​ល្បី ពេលដែល​ត្រូវ​លាតត្រដាង​

​រឿងរ៉ាវ​ដ៏​កំសត់​របស់​កីឡាករ ជៀស ស្រួច បាន​ជំរុញ​ឲ្យ​តារា​ប្រុស​-​ស្រី និង​មហាជន មានការ​អាណិតអាសូរ និង​រួមគ្នា​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ណាមួយ ដើម្បី​ជួយ​លោក​ដែល​កំពុង​មានទុក្ខ​។ លោក ជៀស ស្រួច បាន​បាត់​មុខ ដោយ​យក​ការ​បណ្ដែត​ខ្សែជីវិត​នៅតាម​ជាយដែន រហូត​ធ្លាក់ខ្លួន​ជា​កម្មករសំណង់ និង​អូស​រទេះ បន្ទាប់ពី​អតីត​ភរិយា​របស់លោក​ធ្វើ​ឲ្យ​លោក​អាប់ឱន​កិត្តិយស បាត់បង់​មុខមាត់ ព្រោះតែ​រឿង​ផិតក្បត់​។​

 

​លោក​បាន​ទម្លាយ​ថា ដោយសារ​ខូចចិត្ត​នឹង​អតីត​ភរិយា​រត់ចោល ហើយ​ទៅ​ស្រវា​យក​ប្រុស​អ្នកមាន​លុយ មានទ្រព្យ ទើប​បណ្ដាល​ឲ្យ​លោក​ខូចចិត្ត រហូត​សេង​ហាង​សាច់គោ​អាំង​ចោល និង​ប្រើ​ជីវិត​គេច​ចេញពី​បញ្ហា​ដើម្បី​បញ្ចប់​ភាពអាម៉ាស់​។ ក្នុងពេល​ទម្លាយ​ឲ្យ​ដឹង​ពី​រឿង​ផិតក្បត់​នោះ អ្នកណា​ក៏មាន​ការភ្ញាក់ផ្អើល​ដែរ ដោយសារតែ​លោក​បញ្ជាក់ថា នារី​ជា​អតីត​ភរិយា​នោះ​ក្រោយពី​បានសម្រេច​ចិត្ត​ចាក​ចេញពី​ជីវិត​លោក​ក៏ បាន​ក្លាយជា​តារា​សិល្បៈ ហើយ​កំពុងតែ​ល្បីឈ្មោះ​នៅក្នុង​ពិភព​សម្ដែង​ទៀតផង​។​

 

​បើទោះជា​មានការ​ជជីក​សួរ​ម្ដង​ហើយ​ម្ដងទៀត​ក៏ដោយ ក៏​លោក​នៅតែ​ប្រកែក​មិន​ព្រម​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​អតីត​ភរិយា​របស់លោក ដែរ ដោយសារតែ​ពេលនេះ​នាង​មាន​អ្នកមាន​ស្រឡាញ់​ពេញចិត្ត ហើយ​ជានា​រី​ឡូយឆាយ ដែល​អាច​នឹង​ឲ្យ​លោក​ក្ដៅក្រហាយ​ប្រសិនបើ​លោក​ទម្លាយ​ពី​ឈ្មោះ​ចេញពី​មាត់​របស់លោក​។ ម្នាក់ៗ​បានត្រឹមតែ​ចោទសួរ​ថា អតីត​ភរិយា​នោះ​ជា​អ្នកណា​ប៉ុណ្ណោះ ក្នុងពេលដែល​លោក និង​មនុស្ស​ពាក់ព័ន្ធ​របស់លោក​បដិសេធ​មិន​ព្រម​ប្រាប់​ការពិត​។​

 

​យ៉ាងណាក៏ដោយ​រឿងរ៉ាវ​អាថ៌កំបាំង​មិនមាន​ទៀត​ទេ ដោយសារ​តែមាន ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ Khmer Best Video MH បាន​ទម្លាយ​ឲ្យ​ដឹង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថា អតីត​ភរិយា​លោក ជៀស ស្រួច គឺ​នាង សាត រស្មី ដែលជា​តារា​សម្ដែង​កំពុង​ឡើង​កូដ​នៅក្នុង​ពិភព​សិល្បៈ​។​

អតីត​កីឡាប្រដាល់ ជៀស ស្រួច និង សាត រស្មី រឿងរ៉ាវ​កាន់តែ​ល្បី ពេលដែល​ត្រូវ​លាតត្រដាង​

​លោក ជៀស ស្រួច បាន​អះអាងថា លោក​ស្រឡាញ់​ពេញចិត្ត​អតីត​ភរិយា​លោក​ដោយសារតែ​ឃើញ​នាង​វ័យក្មេង ឆ្លាត និង​មានចិត្ត​ស្មោះ​ក្នុងពេល​លោក​ស្គាល់​។ លោក និង​នាង​បាន​រៀបការ​ជាមួយគ្នា​ចំនួន​២​លើក គឺ​មួយ​លើក​នៅ​ខេត្តបន្ទាយមានជ័យ និង​មួយលើកទៀត​នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការរៀបចំ​ពិធី​កាត់​ចំណងដៃ ប៉ុន្តែ​មិនសូវ​ធំដុំ​ទេ ទើប​មិនមាន​អ្នក​ស្គាល់​នាង​ច្រើន​។ បន្ត​បន្ទាប់មក ដោយសារតែ​លោក​គឺជា​តារា​សម្ដែង​ដែល​លេចធ្លោ​នៅក្នុង​ជំនាន់​នោះ នាង​ក៏បាន​ស្គាល់​អ្នកមាន​ឥទ្ធិពល​នៅក្នុង​ពិភព​សិល្បៈ ហើយ​ក្រោយមក​ដោយសារតែ​ប្រាក់​៣០០​ដុល្លារ នាង​អតីត​ភរិយា​លោក​ក៏​សុខចិត្ត​ចុះចោល​លោក និង​សុំ​លែងលះ​ធ្វើ​ឲ្យ​លោក​អាម៉ាស់មុខ ។ ក្រោយ​ការ​លែងលះ​លោក​នាង​បាន​ក្លាយខ្លួនជា​តារា​សម្ដែង ហើយ​ដោយសារតែ​ភាព​ចំអកឡកឡឺយ និង​មិនអាច​ស៊ូទ្រាំ​នឹង​ភាពអាម៉ាស់​បាន ទើប​លោក​សុខចិត្ត​បោះបង់​ការងារ និង​ឱកាស​នៅ​ភ្នំពេញ​ចោល​ទាំងអស់ ហើយ​ទៅ​ផ្សងព្រេង​នៅតាម​ព្រំដែន ។ ដោយសារ​លោក​អស់ជម្រើស ទើប​សម្រេចចិត្ត​លាតត្រដាង​ពី​ជីវិត​ធ្លាក់ខ្លួន​ជា​សាធារណៈ​របស់ខ្លួន​ដោយ លែង​ខ្មាសអៀន​។​

 

​លោក ជៀស ស្រួច ថា ជីវិត​របស់លោក​ក្រោយពី​អតីត​ភរិយា​ផិតក្បត់​មិនមាន​សល់​អ្វី​ទៀត​ទេ ដោយសារតែ​ក្នុងពេលនោះ​លោក​បានដាក់​ចិត្ត​ស្រឡាញ់​នាង​ខ្លាំង ហើយ​មិន​នឹកស្មានថា ភរិយា​ដែល​លោក​រៀបការ​ពេញ​ច្បាប់​នៅក្នុង​ពេលនោះ​រស់នៅ​ជាមួយ​លោក​បានតែ ៦​ខែ ក៏​រក​ទ្រនំ​ថ្មី​ដោយសារតែ​ហេតុផល​ចង់បាន​ភាព​ល្បី និង​ឱកាស​រកប្រាក់​។​

 

​ជាមួយនឹង​ការទម្លាយ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែខ្លាំង ដោយសារតែ​នាង សាត រស្មី គឺជា​តារា​ល្បីឈ្មោះ​ដែល​បានប្រកាស​ខ្លួន​ថា មិន​ធ្លាប់មាន​ប្ដី និង​មិន​ធ្លាប់​ពាក់ព័ន្ធ​អ្នកណា​នាពេល​កន្លងមក ។ នាង​រមែង​ថា ខ្លួន​គ្រាន់​តែមាន​ព័ត៌មាន​ថា មាន​ឧកញ៉ា​នេះ​ពាក់ព័ន្ធ អ្នកមាន​នោះ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​បេះដូង​របស់​នាង​គឺ​មិនមាន​បុរស​ណា​ឡើយ ហើយក៏​មិនទាន់​គិតគូរ​រឿង​គូជីវិត​ដែរ ។ ការ​លាតត្រដាង​របស់​ជៀស ស្រួច ធ្វើ​ឲ្យ​នាង​សាត រស្មី ដែល​ធ្លាប់​ទទួលបាន​ការសរសើ​រថា​ជាតា​រា​ទំនេរ​បេះដូង និង​ជានា​រី​ស្អាតស្អំ​ក្នុង​រឿង​ស្នេហា​រង​ការរិះគន់​ផងដែរ ។ ជាពិសេស​នៅពេលដែល​មានការ​ទម្លាយ​ថា នាង​ហ៊ាន​ដល់​ថ្នាក់​បោះបង់​ស្វាមី​កម្សត់កម្រ​នៅពេល​មានឱកាស​រកបាន​បុរស មានទ្រព្យ និង​អាចជួយ​ឲ្យ​នាង​បាន​ល្បី​នៅក្នុង​ពិភព​សិល្បៈ​នោះ​។​

អតីត​កីឡាប្រដាល់ ជៀស ស្រួច និង សាត រស្មី រឿងរ៉ាវ​កាន់តែ​ល្បី ពេលដែល​ត្រូវ​លាតត្រដាង​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ អ្នកនាង សាត រស្មី បាន​ឆ្លើយតប​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​អ្នកសារព័ត៌មាន​ថា រឿងរ៉ាវ​បែកបាក់​នេះ​កើតឡើង​ដោយសារតែ​អតីត​ស្វាមី​នាង គឺ​លោក ជៀស ស្រួច ក្រោយពី​រៀបការ​ជាមួយ​នាង​រួច​បាន​ប្រែប្រួល​ចរិត​ដើម​អស់ មិន​គិត​ខំប្រឹង​ធ្វើ​ការងារ​រកប្រាក់​ជួយ​គ្រួសារ​ទេ គិតតែ​ពី​ដើរ​បាត់ៗ និង​លេងល្បែង​ទៀតផង ពេលមកដល់​ផ្ទះ​វិញ​រករឿង​វាយដំ​នាង​ទៀត ។ ដោយសារ​មិនអាច​ស៊ូទ្រាំ​បាន នាង​ក៏បាន​ដាក់ពាក្យ​បណ្ដឹងសុំ​លែងលះ​តាមច្បាប់ ហើយ​តុលាការ​បានចេញ​ដីកា​កោះហៅ​ចំនួន​៣​ដង ប៉ុន្តែ​អតីត​ស្វាមី​នាង​មិន​ព្រម​ចូលខ្លួន​ទើប​តុលា​ការចេញ​ដីកា​សម្រេច ឲ្យ​លែងលះគ្នា​តែម្ដង​៕

អតីត​កីឡាប្រដាល់ ជៀស ស្រួច និង សាត រស្មី រឿងរ៉ាវ​កាន់តែ​ល្បី ពេលដែល​ត្រូវ​លាតត្រដាង​

អតីត​កីឡាប្រដាល់ ជៀស ស្រួច និង សាត រស្មី រឿងរ៉ាវ​កាន់តែ​ល្បី ពេលដែល​ត្រូវ​លាតត្រដាង​