រមណីយដ្ឋាន​ធម្មជាតិ​ពើង​តា​នា​ន់​មាន​ពើង​ថ្ម​ដ៏​អស្ចារ្យ

ខេត្តសៀមរាប ៖ មនុស្ស​រាប់​ពាន់​នាក់ នាំ​គ្នា​ទៅ​លេង​បុណ្យ​នៅ​អាស្រម​មនោ​រម្យ​ពើង​តា​នា​ន់​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ ទើបតែ​រក​ឃើញ​ដោយ​សមាគម​កូន​ខ្មែរ​វប្បធម៌​ខ្មែរ ។ សមាគម​នេះ​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ជួយ​ដល់​កុមារ​ក្រីក្រ​ដាច់​ស្រយាល​ឱ្យ​បាន​រៀនសូត្រ ។

តំបន់​ពើង​តា​នា​ន់​សម​ស្រប​នឹង​កែ​ច្នៃ​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដោយ​មាន​ពើង​ថ្ម​ជា​ច្រើន​ដុះ​បន្តុប​លើ​គ្នា​ទាក់ទាញ​អ្នកទេសចរ ។

លោក​ហេង វាសនា ប្រធាន​ក្រុម​កូន​ខ្មែរ​វប្បធម៌​ខ្មែរ ជា​អ្នកដឹកនាំ​បង្កើត​អាស្រម​មនោ​រម្យ​ពើង​តា​នា​ន់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា​តំបន់​រមណីយដ្ឋាន​ភ្នំ​ពើង​តា​នា​ន់​ស្ថិត​នៅ​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប និង​ដំណើរការ​ទទួល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៦ មក ។

គិតដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ចំនួន​៧​ពាន់​នាក់​ហើយ ។ ចំណុច​ពិសេស​របស់​ភ្នំ​ពើង​តា​នា​ន់ គឺ​មាន​ពើង​ថ្ម ធំ​ៗ​បន្តុប​លើ​គ្នា​ខ្ពស់​ជា​ច្រើន​គួរ​ឱ្យ​ស្ងើចសរសើរ​ដែល​មនុស្ស​ពុំ​អាច​ធ្វើ​បាន ជា​ពិសេស​នោះ​គឺ​មាន​ខ្យល់អាកាស​បរិសុទ្ធ ។ អ្នកទេសចរ​ពី​ទី​ជិត​ឆ្ងាយ​បាន​ទៅ​ធ្វើបុណ្យ​នៅ​អាស្រម​ពើង​តា​នា​ន់​ផង និង​ទស្សនា​កម្សាន្ត​ផង ។ ជា​រៀងរាល់ថ្ងៃ​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ពី​៦​រយ​នាក់​ទៅ​៧​រយ​នាក់ ។ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​អ្នក​ទៅ​ទស្សនា​ជាង​១​ពាន់​នាក់ ។ អ្នក​ទស្សនា​ភាគ​ច្រើន​​ពី​ខេត្តសៀមរាប ភ្នំពេញ បាត់ដំបង កំពង់ធំ បន្ទាយ​មាន​ជ័យ និង​ខេត្ត​ដទៃ​ទៀត ។

លោក​ហេង វាសនា សំណូមពរ​អាជ្ញាធរ​ដែនដី រួម​ទាំង​លោក​អភិបាលខេត្ត​សៀមរាប និង​លោក​អភិបាលស្រុក​អង្គរជុំ​ឱ្យ​ជួយ​សាងសង់​ផ្លូវលំ​សម្រាប់​អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ពើង​តា​នា​ន់ ។ លើស​ពី​នេះ​ដោយ​ជា​តំបន់​ដាច់​ស្រយាល ខ្វះខាត​សាលារៀន ដូច្នេះ​ស្នើ​សុំ​អគារសិក្សា​មួយ​ខ្នង ។

យុវ​និស្សិត​មនោ​រម្យ​រស់នៅ​ខេត្តសៀមរាប ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ពើង​តា​នា​ន់​និយាយ​ថា កម្សាន្ត​នៅ​ទីនោះ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​គយគន់​សម្រស់​ធម្ម​ជាតិ​​យ៉ាង​គាប់​ភ្នែក ។

និស្សិត​មនោ​រម្យ​សំណូមពរ​អ្នកទេសចរ​ជួយ​ថែរក្សា​បរិស្ថាន​ដោយ​វេច​ខ្ចប់​កាក​សំណល់​យក​ទៅ​ចោល​ឱ្យ​មាន​របៀប ។

ព្រះ​ចៅអធិការ​ព្រះ​នាម​តោ ញ៉ិល គង់នៅ​អាស្រម​មនោ​រម្យ​ពើង​តា​នា​ន់​មាន​សង្ឃដីកា​ថា បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ចំនួន​៦​អង្គ និង​តាជី​យាយជី​១០​នាក់ និង​មាន​ក្មេង​រៀនសូត្រ​៤៥​នាក់​ជា​រៀងរាល់ថ្ងៃ ។ កន្លង​មក​មាន​អង្គការ​បំរើ​វិស័យ​មនុស្សធម៌​នាំ​យក​សៀវភៅ ប៊ិក ខោអាវ ផ្តល់​ជូន ក្មេង​ៗ ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ។

ព្រះ​ចៅអធិការ​តោ ញ៉ិល បាន​អំពាវនាវ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត និង​ធ្វើបុណ្យ​ជួយ​សាងសង់​សមិទ្ធផល ផ្សេង​ៗ​ក្នុង​វត្ត ៕