ក្រុមហ៊ុន​ចិន​បន្ត​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ យ៉ាង​មហន្តរាយ

សកម្មភាព​ក្រុមហ៊ុន​ចិន​ឈ្មោះ រួយ​ហ្វេ​ង ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​វិនាសកម្ម​ព្រៃឈើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន រួយ​ហ្វេ​ង បំផ្លាញ​ព្រៃឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​របស់ខ្លួន​ប​ន្ត​ទៀត​។ ជាពិសេស​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ដោយសារតែ​ក្រុមហ៊ុន​ចិន​ឈ្មោះ រួយ​ហ្វេ​ង បាន​ប្រើ​អំណាច​រំលោភបំពាន​យក​ដីធ្លី​កម្មសិទ្ធិ​របស់​ពួកគាត់​យ៉ាង​កំរោល ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត មិន​ជួយ​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ក្រុមហ៊ុន​ចិន​ឈ្មោះ រួយ​ហ្វេ​ង ដែល​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បំផ្លាញ​ព្រៃ​សហគមន៍​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន រួយ​ហ្វេ​ង បានទទួល​ដី​សម្បទាន​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន សម្រាប់​ដាំ​អំពៅ ហើយ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​ក្នុងការ​រំលោភបំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ មិន​ចាត់វិធានការ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ក្រុមហ៊ុន រួយ​ហ្វេ​ង ឆក់​ប្លន់​ដីធ្លី​នោះទេ បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​។

តាម​ការអះអាង​របស់​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន រួយ​ហ្វេ​ង កំពុង​ជួល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​និង​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជាច្រើន​នាក់​ឲ្យ​កាប់បំផ្លាញ​ព្រៃ​បម្រុង​ទុក និង​ព្រៃ​ជាប់​ក្បាលដី​ស្រែចម្ការ​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​ជា​បន្តបន្ទាប់​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា​មាន​មន្ត្រី​យោធា​ខ្លះ​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន ហើយ​ដើរ​បំភិតបំភ័យ​ឲ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​តាម​ក្បាលដី​ស្រែចម្កា​រលក់​ឲ្យ​ក្រុមហ៊ុន​ចិន​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការបាត់បង់​ព្រៃឈើ​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល និង​ខ្លាច​បាត់បង់​ដីធ្លី​ស្រែចម្ការ​របស់ខ្លួន ព្រោះ​ក្រុមហ៊ុន រួយ​ហ្វេ​ង កំពុង​ធ្វើ​សកម្មភាព​រំលោភបំពាន​ឥតឈប់ឈរ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ក្រសួង​រៀបចំ​ដែនដី ក៏ដូចជា​ក្រសួងកសិកម្ម គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ក្រុមហ៊ុន​ចិន​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ហើយ​បំពាន​លើដី​ធ្លី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

v_0200លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ