ខ្លាចណាស់! ម្ចាស់​​ដឹងមាន​​​ចោរ​ចូល​ផ្ទះ តែ​សុខ​ចិត្ត​​​​ទៅ​​​​​ពួន​

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មានករណី​ក្រុម​ចោរ​​​​ធ្វើ​សកម្មភាព​​កាត់​ដែក​បង្អួច​ផ្ទះ​មួយ​កន្លែង ​ចូល​​លួច​
​ទ្រព្យសម្បត្តិ ​កាលពី​វេលា​ម៉ោង០៣​ទៀបភ្លឺ​​ ថ្ងៃ​ទី​២៧ កក្កដា ២០១៦ ស្ថិត​ក្នុង​ក្រុម៩ ភូមិ​១​ សង្កាត់​៣ ក្រុង​ព្រះ​សីហនុ ​ខេត្ត​ព្រះ​សីហ​នុ​ ​​ដែលម្ចាស់ផ្ទះ​បានដឹង ហើយនាំគ្នា​រត់ពួន ដើម្បី​ការពារសុវត្ថិភាព ។

​ប្រភពឱ្យ​ដឹងថា ម្ចាស់​​ផ្ទះ​ខាងលើ ឈ្មោះហោ ថូ​ង ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ​​(​រត់​​​ទៅ​ពួន​នៅអាង​ទឹក​ក្រោយ​ផ្ទះ) រីឯ​កូន​ស្រី​​ឈ្មោះ​ហោ សុភាព អាយុ​៣៣​ឆ្នាំ និង​ក្មេង​ប្រុស​​អាយុ០៥​ឆ្នាំ ​​(​ទៅ​​​ពួន​ក្នុង​បន្ទប់) ។

ប្រភពឱ្យ​ដឹងថា ការរត់​គេចរបស់ម្ចាស់​ផ្ទះ គឺ​ដើម្បីការពារ​ខ្លួនខ្លាច​មានគ្រោះថ្នាក់​ដល់ជីវិត ដែលត្រូវ​បណ្តោយ​​ឱ្យ​ក្រុម​ចោរ​​ធ្វើ​សកម្ម​ភាព​រើ​កកាយ​ តាមអំពើចិត្ត​។ បន្ទាប់មក ពួក​ក្រុម​ចោរ​​​បាន​រត់គេចខ្លួនអស់ ទើប​​មានការភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​ដល់​ផ្ទះ​កើត​ហេតុ​ខាង​លើ​នោះ ។

​ម្ចាស់​​ផ្ទះ​ឱ្យ​ដឹងថា​ ​បាន​​បាត់​​​ទូរ​សព្ទ​ដៃ​​ម៉ាក​អាយ​ហ្វូ​ន​៥មួយ​​គ្រឿង ​។ ​បច្ចុប្បន្ន​ កម្លាំង​​​សមត្ថកិច្ច​​​ជំនាញ​ ​កំពុងធ្វើការ​ស្រាវជ្រាវ​​បន្ត​លើ​ករណីនេះ​ ។