តួកគី​ឃាត់ខ្លួន​ក្មេង៦២​នាក់ ចោទ​ប្រកាន់​ថា​ជា​ជនក្បត់ ក្រោយ​រដ្ឋប្រហារ

យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសតួកគីបានឃាត់ខ្លួនក្មេងៗចំនួន៦២នាក់ និងចោទប្រកាន់ពួកគេថាជាជនក្បត់ ក្រោយមានការធ្វើរដ្ឋប្រហារ កាលពីសប្តាហ៍មុន។ ក្មេងៗទាំងនោះមានអាយុចន្លោះពី ១៤ ទៅ ១៧ឆ្នាំ មកពីសាលាយោធា «Kuleli Military» ដែលមានវ័យចំណាស់បំផុតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល (Istanbul)។ ជាមួយគ្នានេះដែរ ពួកគេត្រូវបានគេចាប់បោះចូលទៅក្នុងគុក និងមិនអនុញ្ញាតឲ្យនិយាយជាមួយក្រុមគ្រួសារឡើយ។

តួកគី​ឃាត់ខ្លួន​ក្មេង៦២​នាក់ ចោទ​ប្រកាន់​ថា​ជា​ជនក្បត់ ក្រោយ​រដ្ឋប្រហារ

បើតាមសម្តីរបស់ក្រុមគ្រួសារក្មេងៗទាំងនោះ បាននិយាយថា នៅមុនពេលរដ្ឋប្រហារ ក្មេងៗទាំងនោះត្រូវបានគេអញ្ជើញទៅកាន់ពិធីជប់លៀងនៅឯសាលា ប៉ុន្តែបែរជាត្រូវគេឲ្យដើរជាក្បួនដង្ហែ ដោយមានទាំងកាំភ្លើង និងស្លៀកពាក់ក្នុងឯកសណ្ឋានកងទ័ព មកការពារបរិវេណសាលារបស់ពួកគេទៅវិញ។ ស្រ្តីជាម្តាយក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ដែលត្រូវបានគេឃាត់ខ្លួន បានឈររង់ចាំដំណឹងទាំងអស់សង្ឃឹមនៅខាងក្រៅពន្ធនាគារ «Maltepe» ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយបានប្រាប់ឲ្យដឹងថា «កូនៗរបស់យើងមិនដែលកាន់កាំភ្លើងទេពីមុនមក… ពួកគេត្រូវគេបង្ខំឲ្យប្រើវា»។

យ៉ាងណាមិញ ក្រុមគ្រួសាររបស់ក្មេងៗទាំងនោះភ័យខ្លាចថា កូនៗរបស់ពួកគេនឹងត្រូវបានបដិសេធចំពោះការជំនុំជម្រះក្តីដោយយុត្តិធម៌ ហើយប្រាប់ឲ្យដឹងថា ពួកគេមានពេលត្រឹមតែ២នាទីប៉ុណ្ណោះ ដើម្បីធ្វើជាកសិណសាក្សីក្នុងសវនាការ ខណៈក្រុមគ្រួសាររបស់គេមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ។មេធាវីម្នាក់ដែលតំណាងឲ្យក្មេងៗចំនួន៣នាក់ បានប្រាប់អ្នកកាសែតឲ្យដឹងថា «គ្រួសារមួយចំនួនមិនបានលឺដំណឹងអ្វីទាំងអស់ពីកូនៗរបស់ពួកគេ រយៈពេល៧ថ្ងៃមកហើយ»។

គួរបញ្ជាក់ផងដែរថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយមានមនុស្សជាច្រើនបានស្លាប់ និងត្រូវឃាត់ខ្លួន៕

ប្រភព៖ sabay

  • តួកគី​ឃាត់ខ្លួន​ក្មេង៦២​នាក់ ចោទ​ប្រកាន់​ថា​ជា​ជនក្បត់ ក្រោយ​រដ្ឋប្រហារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: