Mane ​​ប្រាប់​មូលហេតុ​ ដែល​បដិសេធ​ Man Utd តែ​ទៅ​ Liverpool

Sadio Mane ​ខ្សែ​បម្រើ​ថ្មី​ក្រុម​ Liverpool បាន​ប្រាប់​មូលហេតុ​ ដែល​ខ្លួន​បដិសេធ​ក្រុម​ Manchester United ​មុន​ផ្ទេរ​ទៅ​ហង្ស​ក្រហម​ កាល​ចុង​ខែ​មុន។

 

Mane ​​ប្រាប់​មូលហេតុ​ ដែល​បដិសេធ​ Man Utd តែ​ទៅ​ Liverpool

Sadio Mane ​ខ្សែ​បម្រើ​ថ្មី​ក្រុម​ Liverpool

 

​ខ្សែ​បម្រើ​ជម្រើស​ជាតិ​សេណេហ្គាល់​រូប​នេះ​ ​​ធ្លាប់​ទទួល​បាន​សំណើ​ពី​ក្លឹប​ Man Utd ​​មុន​ពេល​រូប​គេ​​សម្រេច​ចាក​ចេញ​ពី​ Southampton ​ទៅ​កាន់​ Liverpool ក្នុង​តម្លៃ​៣០​លាន​ផោន កាល​ចុង​ខែ​មិថុនា។

 

Mane បាន​និយាយ​ថា៖ “បាទ​ជា​ការ​ពិត​ Man Utd ធ្លាប់​ចង់​បាន​ខ្ញុំ​ ប៉ុន្តែ​មិន​មែន​មាន​តែ​ Man Utd ទេ​គឺ​ មាន​ក្លឹប​ច្រើន​ទៀត ដែល​ចង់​បាន​ខ្ញុំ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ដឹង​ថា Liverpool និង​​អ្នកចាត់ការ​ Jurgen Klopp ចង់​បាន​ខ្ញុំ​…​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ​ជា​ក្លឹប​និង​គ្រូ​ ដែល​ត្រូវ​សម្រាប់​ខ្ញុំ ដូច្នេះ​ទើប​ខ្ញុំ​ផ្ទេរ​មក​ Liverpool”។

 

Mane ​​ប្រាប់​មូលហេតុ​ ដែល​បដិសេធ​ Man Utd តែ​ទៅ​ Liverpool

Liverpool លើក​ពាន​ UEFA Champions League កាល​ឆ្នាំ​២០០៥

 

“ខ្ញុំ​ជា​អ្នកគាំទ្រ​ក្រុម​ Barcelona ហើយ​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ Ronaldinho។ ប៉ុន្តែ​កាល​នៅ​តូច​ ខ្ញុំ​បាន​មើល​បាល់ទាត់​អង់គ្លេស​ និង​ក្រុម​អង់គ្លេស​ច្រើន​ដែរ ​ហើយ​ការ​ប្រកួត​មួយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដក់​ជាប់​ចិត្ត​គឺ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​​រវាង​ Liverpool ទល់​នឹង​ AC Milan កាល​ឆ្នាំ​២០០៥។ ​​ខ្ញុំ​ស្រមៃ​ពេល​នោះ​ថា បើ​ខ្ញុំ​ជា​កីឡាករ​ Liverpool មិន​ដឹង​អស្ចារ្យ​យ៉ាង​ណា​ទេ។ វា​ជា​ការ​ប្រកួត​ដ៏​ល្បី​ល្បាញ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​អាហ្វ្រិក​​​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​នៅ​ពេល​នោះ”។

 

Mane ​​ប្រាប់​មូលហេតុ​ ដែល​បដិសេធ​ Man Utd តែ​ទៅ​ Liverpool

 

កីឡាករ​វ័យ​២៤​ឆ្នាំ Mane លេង​ឲ្យ​ Southamton ​២​រដូវ​កាល​នៅ​ Premier League ចំនួន​​៦៧​ប្រកួត ស៊ុត​បាន​​២១​គ្រាប់ ​និង​​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​សេណេហ្គាល់​៣៦​ប្រកួត ស៊ុត​បាន​១០​គ្រាប់​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ liverpoolecho