ទូរទស្សនិកជននឹងបានតាមដាន ទស្សនារឿងភាគថៃថ្មី ចំនួនពីរទៀតនៅភីអិនអិន

ភ្នំពេញ៖ រឿងភាគថៃថ្មីចំនួនពីរទៀត គឺរឿង «ផ្កាកំភ្លឹងស៊ីជម្ពូ» និងរឿង «កងដៃចាំជាតិ» នឹងផ្តើមចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភិអិនអិន ក្នុងសប្តាហ៍នេះហើយ។

រឿងល្បីប្រចាំឆ្នាំ២០១៦ «កងដៃចាំជាតិ» គឺជារឿងរ៉ាវស្នេហា លាយឡំដោយពាក្យសន្យា និងគំនុំគុំគួនរវាងអតីតជាតិ និងបច្ចុប្បន្នកាល ពាក់ព័ន្ធនឹងកងដៃមាសមួយ។

នេះជារឿងរ៉ាវស្នេហាកាលពីអតីតជាតិ រវាងមនុស្សស្រីពីរនាក់ស្រឡាញ់ អ្នកអង្គម្ចាស់សង្ហាម្នាក់ ដែលមានឈ្មោះថា Direk សម្តែងដោយលោក Toey Pongsakorn ។ នាង Riewthong សម្តែងដោយនាង Warattaya Nilkuha (Jui) ដែលជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនតុក្កតាក្នុងដំណាក់បាន ទទួលកងដៃមាសមួយពី អ្នកអង្គម្ចាស់ Direk ហើយនាងបានសន្យាថានាងមិនដោះកងដៃ នោះចេញដាច់ខាតរហូតដល់ថ្ងៃស្លាប់។

យ៉ាងណាមិញ នាង Rumpa សម្តែងដោយតារាភាពយន្តល្បីរបស់ ប៉ុស្តិ៍លេខបីថៃ នាង Janie Tienphosuwan ក៏ស្រឡាញ់អ្នកអង្គម្ចាស់Direk ដែរ ហើយបានព្យាយាមវាយយកកងដៃមាសពីនាង Riewthong នៅស្រះទឹក។ ដោយការប្រទាញប្រទង់គ្នាកងដៃក៏បានបាក់ ហើយនាងRumpa បានច្រាននាង Riewthong ចូលស្រះ។ នៅពេលដែលនាងជិតស្លាប់ ភ្នែករបស់នាងពោរពេញ ទៅដោយកំហឹង។ នាង Riewthong បានបួងសួងមុននាងស្លាប់ថា មិនថាពេលវាលា កន្លងផុតទៅយូរប៉ុណ្ណា នាងនឹងត្រឡប់មកយកកងដៃរបស់នាងវិញ។

រឿង «កងដៃចាំជាតិ» នឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង៩ ដល់ម៉ោង១០ យប់ ចាប់ពីថ្ងៃទី០១ ខែសីហា តទៅ បន្ទាប់ពីរឿង វិលវិញមកអូន។

រីឯរឿង «ផ្កាកំភ្លឹងស៊ីជម្ពូ» ជាសាច់រឿងបែបមនោសញ្ចេតនា លាយឡំនឹងឈុតឆាកកំប្លែងខ្លះៗ។ រឿងនេះសម្តែងដោយតារាប្រុស ជើងចាស់កូនកាត់ថៃ-អាល្លឺម៉ង់ Andrew Charlie Gregson និងតារាស្រីវ័យក្មេងនាង Amena Gul។
នេះជាខ្សែរឿងលើកដំបូងហើយដែលនាង Amena Gul លេចមុខនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

នាង Amena Gul សម្តែងជាតួឯកស្រីឈ្មោះ សរូឆា ដែលជាកូនស្រីលោកសេដ្ឋីទើបត្រឡប់មកពីបរទេស ប៉ុន្តែត្រូវអ្នកបើកតាក់ស៊ី ដាក់ថ្នាំហើយយកទៅចោលតាមផ្លូវ ហើយត្រូវបានកម្លោះវិសរុត ជាម្ចាស់ផ្ទះសំណាក់ផ្តល់ក្តីអាណិតសង្គ្រោះនាង ហើយបានដាក់ឈ្មោះថ្មីឲ្យថាកំភ្លឹង។ នាង សរូឆា សប្បាយចិត្តទៅនឹងការបន្លំខ្លួន ចំណែកវិសរុតវិញក៏មានជីវិតស្រស់ស្រាយ ដោយសារតែបានជួបគ្នាជាមួយកំភ្លឹង។

រឿងរ៉ាវកាន់តែស្មុគស្មាញ និងចាប់អារម្មណ៍ជាងស្នេហា រវាងកញ្ញារូបស្រស់បន្លំខ្លួន និងម្ចាស់ផ្ទះសំណាក់ គឺនៅពេលដែលលោកភិសិដ្ឋ ឪពុករបស់នាងសរូឆា ចង់បានដីល្អមួយកន្លែងរបស់ម្ចាស់ក្សត្រី នៃដំណាក់ទេសវាធិត។ យ៉ាងណាមិញ ទ្រង់មិនព្រមលក់នោះទេទុកធ្វើជាទ្រព្យសម្បត្តិ សម្រាប់បុត្រីរបស់ទ្រង់ដែលបានបាត់ខ្លួនទៅ។ ម្ចាស់ក្សត្រីទ្រង់ស្រឡាញ់វិសរុតណាស់គេអាចចេញចូលក្នុង ដំណាក់បានតាមចិត្ត។ ម្ចាស់ក្សត្រីទ្រង់មានសង្ឃឹមថា នឹងបានជួបនឹងកូនស្រី របស់ទ្រង់ដែលបានបាត់ខ្លួននោះបានម្តងទៀត។ ក្រោយមកលឺដំណឹងថា ព្រះនាងមានផ្ទៃពោះរត់គេចខ្លួនទៅនៅប្រទេសអង់គ្លេសហើយកើត បានកូនប្រុសទៀតផងធ្វើឲ្យម្ចាស់ក្សត្រីយ៍មានសង្ឃឹមថាវិសរុតនេះប្រាកដជា ទាយាទរបស់ទ្រង់ពិត ព្រោះអីគេប្រាប់ថាធ្លាប់ទៅនៅអង់គ្លេសកាលពីវ័យក្មេង ប៉ុន្តែមិនស្គាល់ព្រះនាងកិត្តិសោភណ្ឌ ទើបធ្វើឲ្យអង្គម្ចាស់ភរិយផុងបានសប្បាយចិត្តឡើងបន្តិច។

រឿង ផ្កាកំភ្លឹងស៊ីជម្ពូ នឹងមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៩ ដល់ម៉ោង១០ យប់ ចាប់ពីថ្ងៃទី២៩ ខែកក្កដានេះតទៅ បន្ទាប់ពីរឿង ស្រីឆ្នាស ម្ចាស់ស្នេហ៍។

PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយកាលពីខែ ឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិចាក់ផ្សាយខ្សែភាពយន្តភាគល្បីៗ ទាំងចាស់ ទាំងថ្មី របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។ កិច្ចព្រមព្រៀងនេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ជាង១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

ខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលបាន និងកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ភីអិនអិន សម្ដែងដោយតារាភាពយន្តថៃល្បីៗ ដូចជា Nadech Kugimiya, Urassaya Sperbund, KenPhupom, Kimberly, Mark Prin, Mario, និង Janie Tienphosuwan ជាដើម៕

ទស្សនាឈុតខ្លីរឿងទាំងពីរនេះសូមចុច៖

រឿងកងដៃចាំជាតិ៖ https://www.facebook.com/PNNDramaFanClub/videos/657560831066977/ 

រឿងផ្កាកំភ្លឹងស៊ីជម្ពូ៖ https://www.facebook.com/PNNDramaFanClub/videos/657564587733268/  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload