ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​តាម​ច្រករបៀង​​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ តាម​អំពើ​ចិត្ត​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ច្រករបៀង​មួយកន្លែង​ដែល​គេ​ហៅថា​ច្រក​អូរ​បី​ជាន់ នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៣៧​គីឡូម៉ែត្រ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​យោធា​យោធភូមិភាគ​៥ គឺជា​ច្រក​ដែល​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម និង​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ជ្រូក​ក្រហម​រាប់រយ​ក្បាល​ត្រូវ​ឈ្មួញ​នាំចូល​ពី​ទឹកដី​សៀម​ទាំងយប់​ទាំង​ថ្ងៃ ហើយ​មន្ត្រី​យោធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រករបៀង​អូរ​បី​ជាន់ គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ មានការ​រិះគន់​ចំៗ​ថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​យោធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ ឈ្មួញ​មិនអាច​នាំចូល​ជ្រូក​ក្រហម និង​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ តាម​ច្រករបៀង​អូរ​បី​ជាន់​បានឡើយ​។

តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ជាច្រើន​នាក់​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​សៀម ហើយ​ដឹកជញ្ជូន​ជ្រូក​ក្រហម​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​អូរ​បី​ជាន់ ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ទេ​។ ឈ្មួញ​ដែល​រកស៊ី​នាំចូល​ជ្រូក​ក្រហម​ខុសច្បាប់​មានដូចជា ចែ​ផឹ​ម ចែ​ភឹម ឈ្មោះ សឺ​ន និង​ប្រពន្ធ​ឈ្មោះ ជិត ឈ្មួញ​ទាំងនេះ​នាំ​ជ្រូក​ក្រហម​រាប់រយ​ក្បាល​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ មន្ត្រី​ពេទ្យសត្វ និង​មន្ត្រី​សមត្ថកិច្ច​ច្រករបៀង​អូរ​បី​ជាន់ គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ឈ្មួញ​ខិលខូច​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​មន្ត្រី​អាជ្ញាធរ​ស្រុក​អូរជ្រៅ និង​មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។

ប្រភពពី​ឈ្មួញ​ដែល​នាំចូល​ជ្រូក​ក្រហម​តាម​ច្រករបៀង​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា​នៅពេលដែល​ពួកគេ​ដឹក​ជ្រូក​ក្រហម​ពី​ទឹកដី​សៀម​ឆ្លង​ចូល​ទឹកដី​ខ្មែរ គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​យោធា​ប្រចាំ​ច្រក​នេះ ក្នុង​ជ្រូក​១​ក្បាល​៧០០០​រៀល និង​បង់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ ព្រមទាំង​សមត្ថកិច្ច​មួយចំនួនទៀត​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រករបៀង​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា​មិនមែន​តែ​ជ្រូក​ក្រហម​ទេ​ដែល​ឈ្មួញ​អាច​នាំចូល​យ៉ាង​អនាធិបតេយ្យ គឺមាន់​ទា គោក្របី សាច់មាន់ សាច់​ទា ប្រហិត​ខូចគុណភាព ក៏​ឈ្មួញ​ខិលខូច​អាច​នាំចូល​តាម​ច្រក​នេះ​យ៉ាង​រលូន​ដោយសារ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​។ ហេតុនេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម មាន់​ទា គោក្របី និង​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព​តាម​ច្រករបៀង​អូរ​បី​ជាន់ តទៅទៀត​៕

Pic154 - Copy Pic155 - Copy (2)