មន្ត្រី​ជលផល​ខែត្រ​ក្រចេះ​ម្នាក់​ស្លាប់​ក្នុង​ពេល​ចុះ​ល្បាត​ទន្លេ

ឆ្មាំ​អភិរក្ស​ទន្លេ​មេគង្គ​នៅ​ខែត្រ​ក្រចេះ ប្រទះ​ឃើញ​សាកសព​មន្ត្រី​រដ្ឋបាល​ជលផល​ម្នាក់ ឈ្មោះ ឡេ សុខឡេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា នៅ​ចំណុច​ប្រមៀលបាក់ ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខែត្រ​ក្រចេះ។

ឆ្មាំ​អភិរក្ស​សន្និដ្ឋាន​ថា មូលហេតុ​នៃ​ការ​ស្លាប់​នេះ បណ្ដាល​មក​ពី​លង់ទឹក​ពេល​ជួប​បាតុភូត​ធម្មជាតិ នៅ​គ្រា​ដែល​មន្ត្រី​ជលផល​រូប​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ដើម្បី​ល្បាត​ទន្លេ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៤ កក្កដា ឆ្មាំ​ទន្លេ​បី​នាក់ រួម​នឹង​ជនរងគ្រោះ ឡេ សុខឡេង បាន​ចុះ​ល្បាត​ទន្លេ​នៅ​ស្រុក​សំបូរ ត្រូវ​ខ្យល់​ព្យុះ​បក់​ពន្លិច​ទូក​កណ្ដាល​ទន្លេ បណ្ដាល​ឲ្យ​មន្ត្រី​ជលផល​ម្នាក់​ស្លាប់​ដោយសារ​លង់​ទឹក ហើយ​ឆ្មាំ​ទន្លេ​ពីរ​នាក់​ទៀត បាន​រួច​ពី​ការ​ស្លាប់​ដោយសារ​តោង​ក្បាលទូក។

លោក​បន្ត​ថា ជនរងគ្រោះ​ត្រូវ​ខ្យល់​បក់​ក្រឡាប់​ទូក​ប៉ើង​នៅ​ឆ្ងាយ​ពី​ទូក ហើយ​គេ​ប្រឹង​ហែល​តែ​ហែល​មិន​រួច៖ «លោក ឡេ សុខឡេង ដែល​ជា​មន្ត្រី​ជលផល​ខែត្រ​ក្រចេះ ហ្នឹង នៅ​ពេល​ដែល​រលក​វ៉ៃ​លិច​ទូក ទូក​ក្រឡាប់​ទៅ​ជះ​គាត់​នៅ​ឆ្ងាយ​ពី​ទូក អ៊ីចឹង​គាត់​ហែល​មក​តោង​ទូក តែ​ហែល​មិន​រួច ដោយសារ​ខ្យល់​ព្យុះ​ហ្នឹង​វា​រលក​ធំៗ​ពេក រុញ​ច្រាន​គាត់​ឆ្ងាយ​ពី​ទូក​ចម្ងាយ​ឆ្ងាយ ដែល​បណ្ដាល​ឲ្យ​គាត់​រងគ្រោះ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត»

ឆ្មាំ​ទន្លេ​បញ្ជាក់​ថា មន្ត្រី​ជលផល​ឈ្មោះ ឡេ សុខឡេង ដែល​ស្លាប់​នោះ មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹងក្រចាប់ជើង ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។