មេខ្លោង​បំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា​នៅ​ខេត្តមណ្ឌលគិរី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឈ្មោះ កែវ វុទ្ធី ដែលជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​នោះ មិនទាន់​ត្រូវបាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​ឡើយ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក បានបង្ហាញ​នូវ​ការសង្ស័យថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មេឃុំ​និង​អភិបាលស្រុក​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក​មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។ ដូច្នេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​ការបំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា​មិនមែនជា​រឿង​តូចតាច​ទេ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ពលរដ្ឋ​ខ្មែរឥស្លាម​ប្រមាណ​ជាង​២០០​គ្រួសារ​ដែល​ត្រូវ​អាជ្ញាធរខេត្ត​មណ្ឌលគិរី បណ្ដេញ​ចេញពី​លំនៅដ្ឋាន​ដោយ​ចោទថា រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់​កាលពីពេល​កន្លងមក​បាន​ប្ដឹង​ឈ្មួញ​ឈ្មោះ កែវ វុទ្ធី ពីបទ​ឆបោក​។ ដោយហេតុថា​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក​បាន​អូសទាញ​ពួកគាត់​ឲ្យ​ទៅ​កាប់​ទន្ទ្រាន​និង​រស់នៅ​លើដី​ព្រៃ​នៅ​តំបន់​ព្រៃភ្នំ​ខៀវ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ហើយ​ពួកគាត់​បាន​បង់លុយ​ទៅ​ឲ្យ​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក​តាម​ការកំណត់​។ ប៉ុន្តែ​ក្រោយមក​មន្ត្រី​អាជ្ញាធរ​បាន​បណ្ដេញ​ពួកគាត់​ចេញពី​ដី​នោះ និង​រុះរើ​ផ្ទះសម្បែង​ដោយ​ចោទថា​រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់ ដូច្នេះ​ទើប​ពួកគាត់​ប្ដឹង​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក​ពីបទ​ឆបោក​។

តាមរយៈ​ពាក្យបណ្ដឹង​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​សង្ឃឹមថា សមត្ថកិច្ច​ខេត្តមណ្ឌលគិរី នឹង​ដោះស្រាយ​ជូន​ពួកគាត់​ជាមិនខាន ម្យ៉ាងទៀត​អាជ្ញាធរខេត្ត​មណ្ឌលគិរី ក៏ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មោះ កែវ វុទ្ធី ដែល​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក រាប់ពាន់​ហិកតា​ផងដែរ​។ ទន្ទឹមនឹងនេះ​ក្រសួង​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុងស្រុក​កោះ​ញែក ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ជាមួយ​ឈ្មោះ កែវ វុទ្ធី ព្រោះ​បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ គឺ​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក​មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។ មានន័យថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក មន្ត្រី​អាជ្ញាធរ​ឃុំរ​យ៉ និង​អភិបាលស្រុក​កោះ​ញែក អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​៕

Pic151 Pic152