ជូនដំណឹង​ហើយ​តែ​មិន​ព្រម​អនុវត្ត​តាម ចុះ​បិទ​ជា​ស្ថាពរ​ព្រោះ​ស្អុយ​ពេក

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​ជូនដំណឹង ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ និង​បន្ត​ទុក​រយៈពេល​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ក៏​ដោយ តែ​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ចឹ​ក​ជ្រូក​មួយ​កន្លែង​នៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ដែល​មាន​ម្ចាស់​ឈ្មោះ ចៅ ឆុង នៅ​តែ​មិន​ព្រម​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​នោះ​នៅឡើយ គឺ​នៅ​តែ​បង្ហូរ​លាមក​ជ្រូក​ចេញ​មក​ក្រៅ បណ្តាល​ឲ្យ​មានការ​ជះក្លិន​ស្អុយ​អា​សោច​ដដែល​ជា​ដដែល ។ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​លិខិត​១​ច្បាប់​ទៀត ដោយ​បង្កើត​ក្រុមការងារ​ដែល​មាន​លោក លី សារី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ជា​ប្រធាន​ក្រុមការងារ និង​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ទាំង​អង្គភាព​ពាក់ព័ន្ធ បាន​ប្រជុំ​ធ្វើការ​ប្រជុំ និង​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​លោក​ចៅ ឆុង នេះ​ម្តងទៀត ។

លោក លី សារី បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ចុះ​ត្រួតពិនិត្យ​នៅ​ទី​តាំ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ផ្ទាល់ ឃើញ​ថា ម្ចាស់​កសិដ្ឋាន​មិន​គោរព និង​អនុវត្ត​តាម​សេចក្តីជូនដំណឹង​របស់​សាលា​ខេត្តបន្ទាយមានជ័យ ឲ្យ​មានការ​ប្តូរ​ទីតាំង និង​មិន​បង្ក​ឲ្យ​មាន​ក្លិនស្អុយ​នោះ តែ​បញ្ហា​ក្លិនស្អុយ​លាមក​ជ្រូក និង​ការ​ហូរ​ទឹក​ស្អុយ​មក​ខាងក្រៅ បង្ក​ឲ្យ​ជះក្លិន​ស្អុយ​ដល់​អ្នក​ជិតខាង​រស់នៅ​ក្បែរ​កសិដ្ឋាន​របស់​គាត់​ដដែល ព្រោះតែ​ការ​ចិញ្ចឹម​នេះ​មិន​បាន​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ជ្រូក បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។ លោក​អភិបាលរង ជា​ប្រធាន​ក្រុមការងារ រួម​ទាំង​បណ្តា​អង្គភាព​ពាក់ព័ន្ធ បាន​សម្រេច​បិទ​កសិដ្ឋាន​នេះ​ជា​ស្ថាពរ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ តទៅ ។

ប៉ុន្តែ​ទន្ទឹម​នឹង​ការ​បិទ​នេះ ម្ចាស់​កសិដ្ឋាន​ក៏​បាន​សំណូមពរ​ដល់​ក្រុមការងារ​វិញ​ដែរ ដោយ ទី​១-​ស្នើ​សុំ​រយៈពេល​២​ខែ (​ជ្រូក​ទើប​មាន​ទម្ងន់​៣០​គីឡូក្រាម​), ទី​២-​ឈប់​មាន​ចិ​ញ្ចឹ​កលើ​អគារ​ដូច​មុន​ហើយ ក្នុង​រយៈពេល​២​ខែ​នេះ​ធានា​មិន​ឲ្យ​មាន​ជះក្លិន​ស្អុយ និង​មានទឹក​ស្អុយ​ហូរ​ចេញ​ក្រៅ​, ទី​៣-​សុំ​ចិញ្ចឹម​នៅ​ខាងក្រោម​វិញ ដោយ​ធ្វើ​របង​បេតុង មាន​ឡ​ជីវឧស្ម័ន និង​ធានា​មិន​ឲ្យ​មាន​ក្លិនស្អុយ​ជះ​មក​ខាងក្រៅ ។

ទាក់ទិន​នឹង​សំណូមពរ​របស់​លោក ចៅ ឆុង ម្ចាស់​កសិដ្ឋាន​នេះ លោក លី សារី មិន​បាន​ឆ្លើយ​តប​អ្វី​ទេ ដោយ​លោក​និយាយ​ថា រាល់​សំណូមពរ​របស់​ម្ចាស់​កសិដ្ឋាន លោក​នឹង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាល​បាល​ខេត្ត ដើម្បី​ពិនិត្យ​និង​សម្រេច ៕