ដើរ​បណ្ដើរ​ឈ្លោះ​គ្នា​បណ្តើរ ស្រាប់តែ​ឈាម​ហូរ​ជោគ​ធរណី

ខេត្ត​ត្បូងឃ្មុំ ៖ សម្លេង​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ផ្ទុះ​អំពើ​ហឹ​ង្សា ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រើ​ឧបករណ៍​រឹង​ចុង​ស្រួច​ចាក់​ចំ​ភ្លៅ​ឆ្វេង​បណ្ដាល​ឲ្យ​ឈាម​ហូរ​បាញ់​ជោគ​ធរណី​ឡើង​ខ្សោះ​អស់ពី​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ស្រឿ​ន កា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ប្រើប្រាស់​ឧបករណ៍​រឹង​ចុង​ស្រួច​ចាក់​ទៅ​លើ​អ្នក​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ចេ​ង​ហំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួស​ជា​ទម្ងន់ ឈាម​ហូរ​ឡើង​ខ្សោះ​ពី​ខ្លួន ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បណ្ដាល​ឲ្យ​ស្លាប់​បាត់​ទៅ ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​ចម្ការ​ដំឡូង​បាត់​ស្រមោល ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។ បន្ទាប់​មក​រូប​លោក​បាន​រាយការណ៍​ទៅ​លោក​ស្នង​នគរបាល​ខេត្ត និង​បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំ​ពាន់ ព្រមទាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ចុះ​ស្រាវជ្រាវ​ទាំង​យប់ ។ លោក​បញ្ជាក់​ថា តាំងពី​យប់​ថ្ងៃ​ទី​២៦​កក្កដា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧​កក្កដា​នេះ ឃាតករ​មិន​ទាន់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

មន្ត្រី​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ​ផ្ទុះ​អំពើ​ហិង្សា​មនុស្សឃាត​នេះ ដំបូង​គេ​បានឃើញ​ជន​រង​គ្រោះ និង​ជន​បង្ក បាន​ដើរ​បណ្ដើរ​ឈ្លោះប្រកែក​គ្នា​បណ្តើរ​តាម​ផ្លូវ​ក្នុងភូមិ ហើយ​បន្ទាប់​មក​ក៏​មាន​ជម្លោះ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ទៅ​លើ​ដី ហើយ​ជន​រង​គ្រោះ​បាន​ទៅ​សង្កត់ពីលើ តែ​ត្រូវ​បាន​ជន​បង្ក​ឈ្មោះ កា​រ៉ា ចាក់​បណ្ដាល​ឲ្យ​ហូរ​ឈាម​ខ្សោះ​អស់ពី​ខ្លួន​មិន​អាច​សង្គ្រោះ​បាន​តែ​ម្តង ៕