តោះមកគន់មើល សម្រស់បវកញ្ញាចក្រវាឡថៃ ប្រចាំឆ្នាំ២០១៦ ម្តងមើល៍ស្រស់ស្អាតប៉ុណ្ណា!?

ថៃ៖ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ បានរកឃើញម្ចាស់គ្រងម្កុដ បវកញ្ញាចក្រវាឡប្រចាំប្រទេសថៃហើយ ដែលអ្នកឈ្នះម្គុដបានទៅលើ ស្រីស្រស់វ័យ ២១ឆ្នាំ កញ្ញា Chalita Suansane

គួរឲ្យដឹងថា ម្កុដនេះគ្រងបន្តដោយកញ្ញា Chalita Suansane បន្ទាប់ពីបវកញ្ញាចក្រវាឡប្រចាំឆ្នាំ២០១៥ កញ្ញា Aniporn Chalermburanawong ដែលជាអ្នកបំពាក់ឲ្យដោយផ្ទាល់ដៃ។

កញ្ញា Chalita Suansane មិនធ្លាប់ចូលរួមការប្រឡង  ឬប្រកួតប្រជែងសម្រស់ពីមុនមកទេ និងជាការប្រកួតលើកទី១សម្រាប់នាងផងដែរ ដែលរូបនាងអាចយកឈ្នះ បេក្ខនារីទាំង ៣៩នាក់ផ្សេងទៀតទូទាំងប្រទេសតែម្តង។

បវកញ្ញាចក្រវាឡប្រចាំប្រទេសថៃឆ្នាំ២០១៦ រូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការឆ្លើយសំណួរបានយ៉ាងល្អរបស់នាង។ ម៉្យាងវិញទៀត នាងមានសម្រស់សាកសមជានារីអាស៊ីពិតៗ ដោយមានកម្ពស់ខ្ពស់ សប្បុរស្រអែម និងទម្រង់មុខឃើញឆ្អឹងថ្គាល់អណ្ដែតខ្ពស់ ព្រមទាំងបុគ្គលលក្ខណៈគួរឲ្យកត់សម្គាល់ផងដែរ។

គូសបញ្ញាក់ថា កញ្ញា Chalita Suansane នឹងត្រូវត្រៀមខ្លួន តំណាងឲ្យប្រទេសថៃ ចូលរួមលើឆាកអន្តរជាតិ ប្រកួតបវកញ្ញាចក្រវាឡ ២០១៦ ជាមួយនឹងបេក្ខនារីតាមបណ្តាប្រទេសជាច្រើនទៀតនៅពេលខាងមុខ៕ 

ប្រភព៖ angelopedia

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញាឯក ហេង ចន្ថា ក្រោយពីទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ពីកម្មវិធី Miss Grand Cambodia 2016 តំណាងឲ្យប្រទេសកម្ពុជាមក នាងនឹងមានឱកាសឈានជើង ប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលដ៏ខ្លីខាងមុខនេះ ខណៈសន្ទុះនៃការគាំទ្រលើរូបនាង របស់ប្រជាជនខ្មែរយើង ហាក់បីដូចជាខ្លាំងក្លា។

គួរឲ្យដឹងថា ក្រោយពីបានឆ្លងកាត់ការប្រកួតប្រជែង យ៉ាងស្វិតស្វាញក្នុងចំណោមនារីវ័យក្មេង ស្រស់ស្អាត និងស្រស់សោភា ជាច្រើនពាន់នាក់ ដែលបានដាក់ពាក្យប្រកួតប្រជែងកន្លងមក នៅក្នុងកម្មវិធី Miss Grand Cambodia 2016 តំណែងស្រីស្អាតប្រចាំឆ្នាំ២០១៦នេះ ត្រូវបានធ្លាក់ទៅលើ យុវតីស្រស់ស្អាតនិងស្រស់សោភា ហេង ចន្ថា វ័យ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាមួយនឹងសន្ទុះនៃការគាំទ្រ និងសរសើរពីរូបសម្រស់របស់នាងពេញៗមាត់ ថាកញ្ញា ហេង ចន្ថា ពីជាមានរូបសម្រស់ស្រស់ស្អាតមែន! ពីសំណាក់មហាជនជាច្រើនម៉ឺននាក់ មិនថាតែប្រជាជនខ្មែរយើងប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មាននានា ប្រទេសជិតខាងក្នុងតំបន់អាស៊ីយើង ក៏បានចេញផ្សាយ និងសរសើរកញ្ញាថា ហេង ចន្ថា ពិតជាមានសម្រស់ ស្រស់ស្អាតមិនចាញ់ នារីៗរបស់ប្រទេសគេឡើយ។

ទន្ទឹមនឹងនោះផងដែរ តាមរយៈគណនី ហ្វេសប៊ុក របស់កញ្ញាផ្ទាល់ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយមួយ ដើម្បីជាការអរគុណដល់ ពុកម៉ែ បងប្អូន ដែលស្រលាញ់និងគាំទ្រលើរូបនាងកន្លងមក រហូតដល់នាងមានឱកាសដ៏ល្អមួយនេះផងដែរ។

លើសពីនេះទៅទៀត ស្រីស្រស់រូបនេះ ក៏បានបញ្ជាក់ប្រាប់ពីគណនី ហ្វេសប៊ុកផេកពិតប្រាកដរបស់នាង ទៅកាន់អ្នកគាំទ្រថែមទៀតផង និងស្នើមេត្តាជួយគាំទ្រដល់រូបនាងជាបន្តទៀតផងដែរ ខណៈនាងនឹងបន្តឡើង ប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខនេះ។

ក្នុងសារនោះដែរ កញ្ញាបានសរសេរថា៖ «នាងខ្ញុំ ហេង ចន្ថា Miss Grand Cambodia 2016 សូមថ្លែងអំណរគុណជាអតិប្បរមាចំពោះ ការគាំទ្រ កម្លាំងចិត្ត របស់ពុកម៉ែ បងប្អូន មីងមា និងប្រិយមិត្តទាំងអស់ដែលបានចូលរួម ទស្សនាដោយផ្ទាល់ ក៏ដូចជាទស្សនានៅតាមគេហដ្ឋាន នារាត្រីនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។ នាងខ្ញុំពិតជាមានសេចក្តីបតិសោមនស្សរីករាយ និងត្រេកអរយ៉ាងខ្លាំង ដែលទទួលបាននូវការផ្តល់ឱកាស ពីគណៈកម្មការរៀបចំកម្មវិធីប្រកួត គណៈកម្មការកិត្តិយស ក៏ដូចជាប្រិយមិត្តគ្រប់ៗរូប ផ្តល់នូវជ័យលាភីនិងមកុដកិត្តិយសដ៏ឧត្តុង្គឧត្តម ព្រមទាំងឱកាសដ៏បវរក្នុងការតំណាងបេក្ខភាពនារីកម្ពុជាលើវេទិការប្រកួតអន្តរជាតិ Miss Grand International 2016 នេះជាមហាកិត្តិយស ដែលនាងខ្ញុំទទួលបានក្នុងឆាកជីវិតនេះ» ។

កញ្ញាសរសេររៀបរាប់បន្តទៀតថា «ជាថ្មីម្តងទៀតនាងខ្ញុំសូមថ្លែងអំណរគុណ ពីដួងចិត្តនៃនាងខ្ញុំ និងសូមសន្យាតាំងចិត្តត្រៀមខ្លួន អោយអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមការប្រកួតនាពេលខាងមុខ។ សូមគោរពជូនពរប្រជាជនខ្មែរ ក៏ដូចជាប្រិយមិត្តគ្រប់ៗគ្នា ជួបប្រទះតែសេចក្តីសុខ និងព្រះពុទ្ធពរទាំង៤ប្រការជាដរាបរៀងទៅ។ សូមជម្រាបប្រិយមិត្តទាំងអស់ថា នេះជា Fan Page Heng Chantha Miss Grand Cambodia 2016ពិតប្រាកដតែមួយគត់ដែលនាងខ្ញុំបង្កើតឡើង។ សូមមេត្តាបន្តនូវការគាំទ្រ។ សូមថ្លែងអំណរគុណ» ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload