ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី ជា​ប្រភព​ចំណូល​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពុករលួយ​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មាន​ឈ្មួញ​២​នាក់​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ដោយសារតែ​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​បែបនេះហើយ ទើប​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​អូ​រយ៉ា​ដាវ ស្រុក​លំផាត់ និង​ស្រុក​ផ្សេងៗ​ទៀត​នៅតែ​បន្ត​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ បាន​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដូចជា ម៉ាក​ធុន​ដ្រា ឡង់​គ្រឺ​ស័​រ ឡិច​ស៊ី​ស វី​ហ្គោ ហាយ​ឡែ​ន​ឌ័​រ និង​បា​ឡែ​ន​ជាដើម ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវ​នេះ ហើយ​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម​យ៉ាង​រលូន​។ ក្នុង​មួយ​យប់ៗ​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​២០​ទៅ​៣០​រថយន្ត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​តាម​ព្រំដែន និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​នៅពេលដែល​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ បាន​ឲ្យ​ដឹងថា​ឈ្មួញ​២​នាក់​នេះ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជាពិសេស​សមត្ថកិច្ច​នៅតាម​តំបន់​ព្រំដែន​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ​។ ឈ្មួញ​ទាំង​២​នាក់​នេះ​ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ សូម្បីតែ​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​មិន​ដែលមាន​ប្រ​ត្តិ​កម្ម​រឿង​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កាំ​ង និង​ឈ្មោះ ណូ ឃុបឃិត​ផ្ដល់​ផលប្រយោជន៍​ជាប្រចាំ​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពុករលួយ​ច្រើន​ស្ថាប័ន ទើប​អាចធ្វើ​សកម្មភាព​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ការរំខាន​៕

index11 112 37