មន្ត្រី​ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​ព្រែក​ចាក​

ប្រភពព័ត៌មាន​ពី​ស្រុក​កំពង់ត្រាច​ខេត្តកំពត បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា ខណៈ​មន្ត្រី​ជំនាញ​គ្រប់ផ្នែក​ប្រចាំការ​នៅ​ច្រកព្រំដែន​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច បានត្រឹមតែ​អង្គុយចាំ​យកលុយ​ពី​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​គិតពី​ផលប្រយោជន៍​រួម​របស់​សង្គម និង​សុខភាព​របស់​ពលរដ្ឋ​នោះ ទំនិញ​គ្រប់​ប្រភេទ​ត្រូវគេ​សង្កេតឃើញថា បាន​នាំ​ពី​ប្រទេស​យួន​ចូលមក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើងៗ ដោយ​គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​បង់ពន្ធ​បាន​ត្រឹមត្រូវ​ជូន​រដ្ឋ​ឡើយ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​សេដ្ឋកិច្ច​បានកើត​ឡើងជា​ប្រព័ន្ធ​ដែលមាន​ការឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ​និង​ឈ្មួញ ហើយក៏​មានការ​សូកប៉ាន់​មក​ថ្នាក់លើ​ដែរ​។​

អ្នកសារព័ត៌មាន​ប្រចាំ​ទូរទស្សន៍​ផ្សេងៗ​ដែល​ឈរជើង​នៅ​ខេត្តកំពត​បាន​រិះគន់ថា បញ្ហា​បទល្មើស​សេដ្ឋកិច្ច​នៅ​ច្រកទ្វារព្រំដែន​ព្រែក​ចាក​បាន​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ​ដែល​បញ្ហា​នេះ​មាន​សារព័ត៌មាន​ផ្សាយ​រិះគន់​ជា​បន្តបន្ទាប់ តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ហើយ​ក្រុម​ឈ្មួញ​នៅតែ​អាច​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នាំចូល​ទំនិញគេចពន្ធ​បាន​យ៉ាង​រលូន​ដដែល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារព្រំដែន​ព្រែក​ចាក​ទំនងជា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​នៅ​ថ្នាក់​ក្រសួង​ផងដែរ ព្រោះ​មន្ត្រី​ថ្នាក់​ក្រសួង​ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រីជាន់ខ្ពស់​នៅ​ស្ថាប័នគយ​ជាដើម​មិនដែល​ហ៊ាន​សួរនាំ​អំពី​ភាពមិនប្រក្រតី​នៅ​ច្រកទ្វារព្រំដែន​ព្រែក​ចាក​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​បញ្ជាក់ថា បន្លែ និង​ផ្លែឈើ​ចម្រុះ គឺ​ដឹក​ចូល​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​ព្រែក​ចាក នៅ​ម៉ោង​៤​ទៀបភ្លឺ តាម​ម៉ូតូ និង​រថយន្ត​រាប់សិប​គ្រឿង សម្រុកចូល​ទីផ្សារ​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ ដោយ​លក់​បន្លំ​ថា​ជា​កសិផល​ខ្មែរ​ជាប្រចាំ​ថ្ងៃ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បន្លែ និង​ផ្លែឈើ​ចម្រុះ​គ្រប់​ប្រភេទ របស់​ប្រទេស​យួន កំពុង​សម្រុក​នាំចូល​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ព្រែក​ចាក ភាគច្រើន​គឺ​នាំចូល​ដោយ​មិនបាន​បង់ពន្ធ​និង​គ្មាន​មន្ត្រី​ជំនាញ​ចាំ​ត្រួតពិនិត្យ​គុណភាព​នោះទេ​។ ទន្ទឹមនឹងនេះ​ក៏​មានការ​នាំចូល​អង្ករ ជី និង​ផលិតផល​គ្រឿង​កំប៉ុង​ផងដែរ ហើយ​រថយន្ត​ដឹកទំនិញ​តែងតែ​ឈប់​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ទើប​អាច​នាំចូល​ទឹកដី​កម្ពុជា​បាន​។​

​ពលរដ្ឋ​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ស្នើថា​រដ្ឋាភិបាល​គ​ប្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅ​ច្រកទ្វារព្រំដែន​ព្រែក​ចាក​ឲ្យ​បាន​ឆាប់​ដើម្បី​បង្ហាញ​ពី​ការអភិវឌ្ឍ​ដោយ​តម្លាភាព និង​ចៀសវាង​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ត្រូវ​បោសសំអាត​ពី​ថ្នាក់លើ​ចុះមក​មន្ត្រី​មូលដ្ឋាន​៕

index