ស្តាប់​តារា​សម្តែង សាត រស្មី បកស្រាយ​ពាក្យ​ចោទប្រកាន់​លើ​រូប​នាង​វិញ​ម្តង

ស្តាប់​តារា​សម្តែង សាត រស្មី បកស្រាយ​ពាក្យ​ចោទប្រកាន់​លើ​រូប​នាង​វិញ​ម្តង



ជាមួយនឹង​ការ​ទម្លាយ​រឿងរ៉ាវ​អាថ៌​កំបាំង​របស់​កីឡាករ​ប្រដាល់​លោក ជៀស ស្រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ដោយសារ​តែ​នាង​សាត រស្មី គឺជា​តារា​ល្បីឈ្មោះ​ដែល​បាន​ប្រកាស​ខ្លួន​ថា មិន​ធ្លាប់​មាន​ប្ដី និង​មិន​ធ្លាប់​ពាក់ព័ន្ធ​អ្នក​ណា​នា​ពេល​កន្លង​មក ។ នាង​រមែង​ថា ខ្លួន​គ្រាន់តែ​មាន​ព័ត៌មាន​ថា​មាន​ឧកញ៉ា​នេះ​ពាក់ព័ន្ធ អ្នកមាន​នោះ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​បេះដូង​របស់​នាង គឺ​មិន​មាន​បុរស​ណា​ឡើយ ហើយ​ក៏​មិន​ទាន់​គិតគូរ​រឿង​គូជីវិត​ដែរ ។ ការ​លាតត្រដាង​របស់​ជៀស ស្រួច ធ្វើ​ឱ្យ​នាង​សាត រស្មី ដែល​ធ្លាប់​ទទួល​បានការ​សរសើរ​ថា ជាតា​រា​ទំនេរ​បេះដូង និង​ជានា​រី​ស្អាតស្អំ​ក្នុង​រឿង​ស្នេហា​រង​ការ​រិះគន់​ពី​សំណាក់​មហាជន​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គមយ៉ាង​ខ្លាំង​​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​មានការ​ទម្លាយ​ថា នាង​ហ៊ាន​ដល់​ថ្នាក់​បោះបង់​ស្វាមី​កម្សត់កម្រ នៅ​ពេល​មានឱកាស​រកបាន​បុរស​មានទ្រព្យ និង​អាច​ជួយ​ឱ្យ​នាង​បាន​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​នោះ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ អ្នក​នាង​សាត រស្មី បាន​ឆ្លើយ​តប​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​យើង​ថា រឿងរ៉ាវ​បែកបាក់​នេះ​កើតឡើង​ដោយសារ​តែ​អតីត​ស្វាមី​នាង គឺ​លោក​ជៀស ស្រួច ក្រោយ​ពី​រៀប​ការ​ជាមួយ​នាង​រួច​បាន​ប្រែប្រួល​ចរិត​ដើម​អស់ មិន​គិត​ខំប្រឹង​ធ្វើការ​ងារ​រក​ប្រាក់​ជួយ​គ្រួសារ​ទេ គិតតែ​ពី​ដើរ​បាត់​ៗ ។

ជាមួយ​គ្នា​នេះ​នាង សាត រស្មី ក៏​បាន​ចេញ​មុខ​បដិសេធ​ទាំងស្រុង រាល់​ការ​ចោទប្រកាន់​ទាំងអស់​របស់​លោក ជៀស ស្រួច ថា ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ ព្រោះ​អ្វី​ៗ​ដែល​បាន​កើតឡើង ក៏​មាន​កំហុស​របស់​លោក ជៀស ស្រួច ផង​ដែរ ខណៈ​ដែល​កាលនោះ​លោក ជៀស ស្រួច ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជក់​ថ្នាំ​ញៀន លេងល្បែង និង​ប្រព្រឹត្តិ​ទ​ង្វើ​មិន​គប្បី​ចំពោះ​នាង​ច្រើន​ណាស់​ដែរ ទើបត្រូវ​ចែកផ្លូវ​គ្នា ទាំង​ពាក់កណ្ដាល​ទី​បែប​នេះ​។

តារា​សម្តែង​វ័យក្មេង​សាច់​ស​នាង​សាត រស្មី បន្ត​ថា «​អ្នក​ណា​ចង់​លែងលះ​គ្នា​ប្រសិនបើ​មាន​ប្តី​ល្អ​នោះ​» ថ្លែងប្រាប់​អ្នក​សារព័ត៌មាន សាត រស្មី​រៀបរាប់​ទៀត​ថា នាង​ពិតជា​អតីត​ភរិយា​របស់​លោក​ជៀស ស្រួច​ពិតប្រាកដ​មែន ប៉ុន្តែ​ការ​ដែល​អតីត​ស្វាមី​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ គឺ​ដោយសារ​ទ​ង្វើ​របស់​គាត់​ខ្លួនឯង ខណៈ​ដែល​ការ​លែងលះ​គ្នា​នោះ គឺ​ឡើង​ដល់​តុលារ​ត្រឹមត្រូវ ប៉ុន្តែ​លោក ជៀស ស្រួច បាន​គេចវេស ពី​ការ​កោះហៅ​របស់​តុលាការ​ទាំង​៣​ដង ទើប​តុលាការ​ចេញ​ដីកា​សម្រេច​ឱ្យ​លែងលះ​គ្នា​តែ​ម្ដង​។

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ក្រុម​គ្រួសារ​នាង​ពិសេស​ឪពុក​នាង​គឺជា​អ្នកមាន​មុខ​មាន​មាត់​ក្នុង​សង្គម តើ​អាច​ទេ​ដែល​នាង​ក្លាយជា​អ្នកលក់​ខ្លួន​ដូច​ការ​ចោទ​នេះ ។ ការ​រៀបរាប់​ពី​ការ​លំបាក​របស់​លោក ជៀស ស្រួច គឺ​ត្រឹមតែ​ចង់បាន​ក្តី​អាណិត​ពី​មហាជន​តែ​ប៉ុណ្ណោះ ។

តារា​សម្តែង​ថ្ពាល់ខួច​សរ​លោង​រូប​នេះ​អះអាង​ថា ការ​ធ្លាក់ខ្លួន​របស់​លោក​ជៀស ស្រួច គឺ​ក្រោយ​ពី​ស្រី​បារាំង​ដែល​ធ្លាប់​ចិញ្ចឹម​លោក​ដកហូត​ហាង​វិញ ។

គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ការ​ឆ្លើយឆ្លង​រវាង​តារា​សម្តែង សាត រស្មី និង​អតីត​កីឡាករ​ប្រដាល់ ជៀស ស្រួច នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​នេះ ឬ​យ៉ាងណា​នោះ​ទេ? មហាជន​នៅ​រង​ចាំ​មើល​បន្ត​ថា តើ​នឹង​មានរឿង​អ្វី​បន្ត​ទៀត?

នៅអំឡុង​ខែ កុម្ភៈ ២០១៦ តារា​សម្តែង​វ័យក្មេង​សាច់​ស សាត រស្មី បាត់​មុខ​ប្រមាណ​ជិត​៣​ឆ្នាំ​មក​ហើយ ។ ខណៈ​កំពុង​ល្បីឈ្មោះ សាត រស្មី បាន​ប្រកាស​លាឈប់​ពី​អាជីព ព្រោះតែ​មិន​អាច​ទ្រាំទ្រ​នឹង​ពាក្យ​ចចាមអារ៉ាម​បាន ។ ទោះជា​យ៉ាងណា​ក្តី តារា​ស្រី​ស្រស់​សោភា​ម្នាក់​នេះ​បាន​វិល​ត្រឡប់​មក​កាន់​អាជីព​សិល្បៈ​វិញ ដោយ​បាន​តំណែង​តួអង្គ​សំខាន់​ក្នុង​រឿង «​ត្រកូល​អ្នក​ប្រដាល់​» កន្លង​មក​នាង​ប្រកាស​លាឈប់​ពី​អាជីព​សិល្បៈ ព្រោះតែ​នាង​មិន​អាច​ទ្រាំ​នឹង​ពាក្យ​គេ​និយាយ​ថា មាន​អ្នក​ចិញ្ចឹម​បាន ។

រឿង​នេះ​មិនមែន​ជា​ការណ៍​ពិត តែ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស ទើប​ឪពុក​ម្តាយ​នាង​មិន​ឱ្យ​ប្រឡូក​អាជីព​សិល្បៈ​តទៅ​ទៀត បើ​នាង​មិន​ប្រឡូក​សិល្បៈ​ក៏​បាន​ដែរ ព្រោះ​ក្រុម​គ្រួសារ​នាង​ជា​អ្នក​រកស៊ី អាច​ស្ទួយ​ជីវភាព​រស់នៅ​បាន ។ ការ​វិល​មក​ពិភព​សិល្បៈ​វិញ​នេះ នាង​បាន​ព្យាយាម​និយាយ​ហេតុផល​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ​ទម្រាំ​តែ​ពួក​គាត់​យល់ព្រម​។ ពេល​នេះ​សាត រស្មី មាន​វ័យ​២៣​ឆ្នាំ ចាស់ចិត្ត​គំនិត​បន្តិច​ហើយ ដូច្នេះ​ឪពុក​ម្តាយ​សម្រេច​តាម​ចិត្ត​ដែល​នាង​ស្រឡាញ់​ចូល​ចិត្ត ។

ចាប់ពី​ពេល​នេះ​ទៅ​រាល់​ព័ត៌មាន​ណា​មិន​ពិត សាត រស្មី តាំង​ចិត្តនឹង​បកស្រាយ​ឱ្យ​លម្អិត ព្រោះ​នាង​ខំ​វែកផ្លូវ​ដើរ​ក្នុង​ពិភព​សិល្បៈ​ពិបាក​ណាស់ ។ រាល់​ព័ត៌មាន​ចេញផ្សាយ​ណា​មិនល្អ​ចំពោះ​ជីវិត​នាង បើ​ការណ៍​ពិត​នាង​ទទួលយក បើ​មិន​ពិត​នាង​នឹង​រក​ខុស​ត្រូវ​មិន​ខាន ដោយ​មិន​ផ្អឹប​ចោល​រាប់​ឆ្នាំ​ដូច​មុន​ទៀត​ឡើយ ។

សាត រស្មី ធ្លាប់​សាង​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «​ផ្កា​រីក​ក្នុង​ចិត្ត​» បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន រួច​បាត់​មុខ​ក្រោម​ព្យុះ​ព័ត៌មាន​ថា អ្នក​ស្រឡាញ់​ថ្នមចិត្ត​នាង មិន​ចង់ឱ្យ​នាង​ចាប់​អាជីព​សិល្បៈ ។

សព្វ​ថ្ងៃនេះ​កញ្ញា​សាត រស្មី ថត​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ល្បី​ៗ​ក្នុងស្រុក​មួយ​ចំនួន ដូច​ជា​នៅ​ហង្ស​មាស និង​នៅ​ផលិតកម្ម​សាន់​ដេ​ជាដើម ។

ក្រៅពី​អាជីព​សិល្បៈ​កញ្ញា​សាត រស្មី មាន​មុខរបរ​ជាមួយ​អ្នក​ផ្ទះ​បើកហាង​លក់​ខោអាវ នៅ​ក្រោយ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់ ៕