កូរ៉េ​ខាង​ជើង៖ អាមេរិក​នឹង​ខាត​បង់​ធ្ងន់​ធ្ងរ​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ

ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងខាតបង់យ៉ាងធ្ងន់ធ្ងរទេ ប្រសិនបើអាមេរិកធ្វើឲ្យមានការតានតឹងនៅលើឧបទ្វីបនេះ។ ការព្រមាននេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានរិះគន់រដ្ឋាភិបាលទីក្រុងព្យូងយ៉ាងចំពោះកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Ri Yong Ho រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានប្រាប់សន្និសីទសន្តិសុខក្នុងតំបន់នៅក្នុងប្រទេសឡាវថា ប្រទេសរបស់លោកនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរមួយទៀតឬមិនធ្វើ គឺអាស្រ័យទាំងស្រុងលើជំហររបស់សហរដ្ឋអាមេរិក។

លោក Ri រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងបានប្រុងប្រៀបខ្លួនជារួចហើយដើម្បីប្រឈមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិកកាលពីខែមិនា ដែលជាកំញ៉ើញមួយប្រឆាំងនឹងមហិច្ឆតារបស់ខ្លួនដោយលោកនិយាយថា កូរ៉េខាងជើងបានធ្វើការសម្រេចដ៏សំខាន់ដើម្បីបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនពីព្រោះតែការគំរាមនុយក្លេអ៊ែរមិនចេះចប់មិនចេះហើយរបស់សហរដ្ឋអាមេរិក។

លោក Kerry ដែលជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានប្រាប់សន្និសីទកំពូលតំបន់អាស៊ីអាគ្នេយ៍ថា ប្រសិនបើប្រទេសអ៊ីរ៉ង់ អាចបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដូចដែលអ៊ីរ៉ង់បានធ្វើនៅក្នុងការចរចាសន្ធិសញ្ញាកាលពីឆ្នាំទៅជាមួយសហរដ្ឋអាមេរិកនិងមហាអំណាចពិភពលោកទាំង៥ទៀតរបស់ពិភពលោកនោះ ដូច្នេះ កូរ៉េខាងជើងក៏អាចធ្វើបានដែរ។

លោក Kerry ក៏បានប្រសាសន៍ទៀតថា៖ «កូរ៉េខាងជើងជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលកំពុងបំពានចលនាអន្តរជាតិឆ្ពោះទៅកាន់ការទទួលខុសត្រូវ ដោយកូរ៉េខាងជើងបន្តអភិវឌ្ឍអាវុធខ្លួនឯង បន្តធ្វើកាំជ្រួចមីស៊ីលដោយខ្លួនឯង បន្តសកម្មភាពបង្ករឿងដ៏គគ្លើន‍»៕

ប្រភព៖ VOA


Related Posts