​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

ក្រុម​អ្នកវិទ្យាសាស្ត្រ​មក​ពី​សកលវិទ្យាល័យ Ghent University ប្រទេស​បែលហ្សិក បាន​បង្កើត​ម៉ាស៊ីន​មួយ​ដំណើរ​ការ​ដោយ​ថាមពល​ព្រះអាទិត្យ​ អាច​បម្លែង​ទឹក​នោម​ ទៅ​ជា​ទឹក​ដែល​អាច​ផឹក​បាន។

 

​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

 

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ដំឡើង​ម៉ាស៊ីន​របស់​ខ្លួន​ក្នុង​​កម្មវិធី​តន្ត្រី​​មួយ​ដែល​មាន​រយៈ​ពេល​ ១០​ ថ្ងៃ ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ Ghent ប្រទេស​បែលហ្សិក​ ដើម្បី​​ពិសោធន៍​ម៉ាស៊ីន​នោះ។ លទ្ធផល​នៃ​ការ​ពិសោធន៍​គឺ​បាន​ជោគជ័យ​ ដោយ​អ្នក​វិទ្យាសាស្ត្រ​អាច​បម្លែង​ទឹក​បាន​ ១ ០០០ លីត្រ​ ពី​ទឹក​នោម​របស់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ ហើយ​ទឹក​ដែល​បម្លែង​បាន​នេះ​អាច​ប្រើ​សម្រាប់​​ផលិត​ជា​ស្រាបៀ​បាន។

 

​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

 

​ការ​បម្លែង​នៃ​ម៉ាស៊ីន​ប្រព្រឹត្ត​ទៅ​ ដោយ​ដំបូង​​ប្រព័ន្ធ​ម៉ាស៊ីន​ប្រមូល​យក​ទឹក​នោម​ដែល​ស្តុក​ទុក​ក្នុង​ធុង​ទឹក​ដ៏​ធំ​មួយ បន្ទាប់​មក​​ក៏​​​ចាប់​ផ្ដើម​កម្ដៅ​ទឹកនោម​ដោយ​​ប្រើ​ឆ្នាំង​ចំហុយ​ដែល​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ។ ក្រោយ​មក​ទឹកនោម​ដែល​កម្ដៅ​រួច​ត្រូវ​ឆ្លង​កាត់​ភ្នាស​មួយ​​មាន​នាទី​បំបែក​ទឹក រួម​ទាំង​ជីវជាតិ​ទ្រទ្រង់​ក្នុង​ទឹក​នោម​ចេញ​ពី​គ្នា ហើយ​ភ្នាស​នេះ​ថែម​ទាំង​អាច​ជម្រុះ​​ចេញ​នូវ​សារធាតុ​អាម៉ូញ៉ាក់​​បាន​ ៩៥% ដែល​មាន​ក្នុង​ទឹកនោម។

 

គោលដៅ​សព្វថ្ងៃ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​គឺ​មាន​បំណង​ដំឡើង​ម៉ាស៊ីន​នេះ​​នៅ​តាម​ព្រលានយន្តហោះ​ និង​ នៅ​ទីលាន​ប្រកួត​កីឡា ហើយ​ពួក​គេ​ក៏​មាន​បំណង​ចង់​ជួយ​ដល់​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​ជុំវិញ​ពិភពលោក​ ដែល​​កង្វះ​ទឹក​ផឹក​ជា​បញ្ហា​ដ៏​ធំ​មួយ​របស់​ប្រជាជន​ទាំង​នោះ៕​​​​​​​​​​​​​​​​​

 

ចុច​អាន៖ បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​