តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ខែកក្កដា​ឆ្នាំ​នេះ​កើនឡើង​តិចតួច

ប្រទេស​វៀតណាម ៖ ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បាន​ប្រកាស​ថា ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​វៀតណាម (CPI) បាន​កើនឡើង​តិចតួច ពោល​គឺ​០,១៣%​ពី​មួយ​ខែ​ទៅ​មួយ​ខែ គិត​មក​ត្រឹម​ខែកក្កដា​នេះ ដែល​ជា​កំណើន​យឺត​បំផុត​ចាប់តាំងពី​ខែកុម្ភៈ ២០១៦ មក ។

GSO បន្ថែម​ថា ស​ន្ទ​ស្សន៍​ខាងលើ​នេះ​បង្ហាញ​នូវ​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន​២,៣៩% ។ ជាង​នេះ​ទៀត វា​ក៏​ទាប​ជាង​តួលេខ​នៃ​កំណត់​ត្រា​កាលពី​១០​ឆ្នាំ​មុន​ផង​ដែរ​។ ឧទាហរណ៍ ក្នុង​ខែកក្កដា ២០១៦​នេះ វា​បាន​កើនឡើង​៧,៥% និង​២៧,០៤%​កាលពី​ខែកក្កដា ២០០៨ ។ មួយវិញទៀត ក្នុង​ខែកក្កដា ២០១៣ វា​កើន​៧,១៩% រីឯ​ខែកក្កដា ឆ្នាំ​២០១៤ កើន​៤,៩៤% ។

ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ CPI បាន​កើនឡើង​១,៨១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក Do Thi  Ngoc អនុប្រធាន​នាយកដ្ឋាន CPI យល់​ឃើញ​ថា ការ​កើនឡើង​តិចតួច​នេះ មួយ​ផ្នែក​គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​០,០៥%​នៃ​សេវាកម្ម​ភោជនីយដ្ឋាន និង​ម្ហូបអាហារ ដែល​មាន​ចំនួន​ជិត​៤០%​នៃ​កញ្ចប់​ទំនិញ​។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​តម្លៃ​អាហារ​ធ្លាក់​ចុះ​០,៦៤% និង​គ្រឿង​បរិភោគ​ផ្សេង​ៗ​ថយ​ចុះ​០,០១%​ផង​ដែរ ។

ក្នុង​ចំណោម​ផលិតផល និង​សេវាកម្ម​ផ្សេង​ៗ កើនឡើង​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​១,១៩% ដែល​ត្រូវ​បាន​គេ​កត់ត្រា​ទុក​សេវាកម្ម​ដឹក​ជញ្ជូន និង​បន្ទាប់​មក​គឺ​សម្ភារ​លំនៅ​ឋាន និង​អគារ​ផ្សេង​ៗ​កើន​០,១៤% ។ រីឯ​ភេសជ្ជៈ និង​ថ្នាំជក់​កើន ០,០៩%​ផង​ដែរ ។

ចំពោះ​តម្លៃ​ឧបករណ៍ និង​គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​បាន​កើន​០,០៦%, សម្លៀក​បំពាក់ មួក និង​ស្បែកជើង​០,០៤% និង​សេវា​សុខភាព និង​ថ្នាំ កើន​ចំនួន​០,០២% ។

ការិយាល័យ​ស្ថិតិ​ក្រុង​បាន​រាយការណ៍​ថា CPI នៅ​ក្នុង​ទីក្រុង​ហាណូយ​បាន​បន្ត​កើនឡើង​ក្នុង​ខែកក្កដា​នេះ ។ ការ​កើនឡើង​ធំ​បំផុត គឺ​ផ្នែក​សេវា​ដឹក​ជញ្ជូន ហេតុផល​ចម្បង​ដោយសារ​តែ​តម្លៃ​ប្រេង​ឡើងថ្លៃ និង​បន្ទាប់​មក​តម្លៃ​ផ្ទះ អគ្គិសនី ទឹក និង​សម្ភារ​អគារ​ផ្សេង​ៗ ក៏​ព្រោះតែ​តម្រូវការ​ខ្ពស់​ក្នុង​រដូវក្តៅ​កន្លង​មកនេះ ។

ទន្ទឹម​គ្នា​នេះ​ដែរ ភោជនីយដ្ឋាន និង​ម្ហូបអាហារ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​តិចតួច​ទៅ​វិញ បើ​ធៀប​នឹង​ខែ​មុន ៕