ភ្ញៀវ​ទេសចរ​អន្តរជាតិ​បែរ​ឆ្ពោះទៅ​ទស្សនា​ប្រទេស​ជប៉ុន

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​បាន​ប្រកាស​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​ជប៉ុន បាន​កើនឡើង​២៣,៩%​នៅ​ឆ្នាំ​នេះ ស្មើនឹង​១,៩៨​លាន​នាក់​ក្នុង​ខែមិថុនា ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​សម្រាប់​ខែ​នេះ ។

អត្រា​នៃ​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បាន​កើនឡើង​លើក​ដំបូង​ក្នុង​រយៈពេល​៥​ខែ​នេះ មួយ​ផ្នែក​គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​ធំ​ៗ​មក​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​​ទៀត​។ នាវា​បរទេស​មួយ​ចំនួន​បាន​ឈប់​នៅ​កំពង់​ផែ​ជប៉ុន ចំនួន​១៥៦​ដង​កាលពី​ខែមិថុនា ដែល​កើន​៧៧%​ពី​មួយ​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍ ។

នាវា​ដឹក​អ្នកដំណើរ​ធុន​ធំ​ដែល​បាន​ចត​នៅ​កំពង់​ផែ​ជប៉ុន ដូច​ជា​នៅ​ឆ្នេរ​ទីក្រុង Muroran និង Yokohama បាន​ដឹកនាំ​អ្នកដំណើរ​ច្រើន​ជាង​៤.០០០​នាក់​សម្រាប់​ទេសចរណ៍​កម្សាន្ត និង​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់ ។

ផល​ប៉ះពាល់​នៃ​ការ​រញ្ជួយ​ដី​នៅ​ខេត្ត Kumamoto កាលពី​ខែមេសា​កន្លង​ទៅ ក៏​មាន​ភាព​ប្រសើរ​ឡើង​វិញ​ផង​ដែរ ។ នៅ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​ពី​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​ក្នុង​ឧសភា ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​ទាំងនោះ​បាន​កើនឡើង​វិញ​៣៨%​ក្នុង​ខែមិថុនា ។ រីឯ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​តៃវ៉ាន់ ហុងកុង និង​អា​មេ​រិ​ក បាន​កើន​ឡើងជា​លំដាប់​រៀង​រាល់​ខែ ។

លោក Hirokazu Anai មក​ពី​ក្រុមហ៊ុន​សន្តិសុខ​ជប៉ុន JPMorgan Securities Japan បាន​លើក​ឡើង​ថា ៖ « កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​នេះ នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ​ក្នុង​រយៈពេល​វែង​ទៅ​មុខ​ទៀត ស្រប​ពេល​គម្រោងការ​អភិវឌ្ឍ​តំបន់​តាម​ជាយក្រុង នឹង​សម្រេច​ឱ្យ​បាន​មុន​ព្រឹត្តិការណ៍​តូ​ក្យូ​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ និង​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត»។

ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៦​នេះ​បាន​កើន​២៨,២% ស្មើនឹង​១១,៧១​លាន​នាក់ ។ ប្រសិនបើ​តួលេខ​នេះ​នៅ​បន្ត​កើនឡើង​ក្នុង​រដូវក្តៅ និង​រដូវ​ស្លឹកឈើ​ជ្រុះ​នោះ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​នឹង​កើន​ដល់​ប្រមាណ​២៥​លាន​នាក់ ។

យ៉ាងណាមិញ ការ​ចំណាយ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស មិន​អាច​រក្សា​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ដូច​ទៅ​នឹង​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ទេ ។ ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស សរុប​ការ​ចំណាយ​របស់​ពួក​គេ​មាន​ចំនួន​៧,២%​ក្នុងឆ្នាំនេះ​ចាប់​ខែមេសា ដល់​ខែមិថុនា ។ ប៉ុន្តែ​ការ​ចំណាយ​ក្នុង​ភ្ញៀវ​ទេសចរ​ម្នាក់​បាន​ធ្លាក់​ចុះ​៩,៩% ស្មើនឹង​១៥៩.៩៣០​យេ​ន (១.៥០០​ដុល្លារ​) ។

ចំពោះ​តួលេខ​ក្នុង​មនុស្ស​ម្នាក់​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​២​ជាប់​ៗ​គ្នា ខណៈ​ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​កើនឡើង ។ ភ្ញៀវ​ទេសចរ​ចិន​បាន​ចំណាយ​ជា​មធ្យម​ចំនួន​២២​ម៉ឺន​យេ​ន ស្មើ​នឹង​២៣% តិច​ជាង​តួលេខ​កាលពី​ឆ្នាំ​មុន ។ ពួក​គេ​បាន​ចំណាយ​ភាគច្រើន​ទៅ​លើ​គ្រឿងសម្អាង និង​ទឹកអប់ ប៉ុន្តែ​មិន​ចំណាយ​លើ​គ្រឿង​អេ​ឡិច​ត្រូ​និក​នោះ​ទេ ។

យ៉ាងណាមិញ ក្នុង​ចំណោម​ការ​ចំណាយ​សរុប​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់ ចិន​មាន​ចំនួន​៣៧% ។

លុយ​យេ​ន​បាន​កើនឡើង​ជាង​១០% ខ្ពស់​ជាង​លុយ​យន់​ក្នុង​អំឡុង​ខែមេសា ដល់​ខែមិថុនា​។ ការ​ផ្លាស់​ប្តូរ​នៃ​ពន្ធ​នាំ​ចូល​ក្នុង​ប្រទេស​ចិន ចំពោះ​ទំនិញ​នាំ​ចូល​ដោយ​មនុស្ស​ម្នាក់ ក៏​បាន​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ផង​ដែរ ។

លោក Akihiko Tamura ភ្នាក់ងារទេសចរណ៍​ជប៉ុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ៖ « យើង​ចង់​បង្កើត​រចនា សម្ព័ន្ធ​ការ​ប្រើប្រាស់​មួយ​ដែល​មិន​ពឹងផ្អែក​លើ​លក្ខខណ្ឌ​ពិសេស​នៃ​ប្រទេស​ផ្សេង​ៗ​ឡើយ ។ តូ​ក្យូ​មាន​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត ដោយ​ផ្តល់​បទ​ពិសោធន៍​ប្លែក​ៗ ក៏​ដូច​ជា​ការ​បង្កើន​ចំនួន​កំពង់​ផែ​ដែល​អាច​ឱ្យ​នាវា​កម្សាន្ត​ធំ​ៗ​ចូល​ចត​បាន » ។

រដ្ឋាភិបាល​ជប៉ុន​បាន​កំណត់​គោលដៅ​នៃ​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន​ចំនួន ៤០​លាន​នាក់ ក្នុង​ឆ្នាំ​២០២០ ៕