មូលហេតុ Lexus នៅ​សិង្ហបុរី ថ្លៃ​ជាង​នៅ​ខ្មែរ​ពាក់​កណ្ដាល

Lexus មិន​ត្រឹម​តែ​នៅ​ខ្មែរ​ទេ សូម្បី​តែ​នៅ​សិង្ហបុរី​ក៏​ពេញ​និយម​គួរសម​ដែរ។ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ Lexus នៅ​សិង្ហបុរី​ លែង​និយាយ គឺ​ថ្លៃ​ជាង​នៅ​ខ្មែរ​​ប្រមាណ​​ពាក់​កណ្ដាល​ឯ​ណោះ។

 

មូលហេតុ Lexus នៅ​សិង្ហបុរី ថ្លៃ​ជាង​នៅ​ខ្មែរ​ពាក់​កណ្ដាល

Lexus LX 570 ស៊េរី ០១៦ (រូប​តំណាង) 

 

បើ​តាម​ការ​អះអាង​របស់​លោក Derrick ជនជាតិ​សិង្ហបុរី​និង​ជា​អ្នក​ចូលចិត្ត​តាម​ដាន​បច្ចេកវិទ្យា​រថយន្ត​និង​ម៉ូតូ​ទំនើបៗ តាម​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សិង្ហបុរី​ចង់​កំណត់​ចំនួន​រថយន្ត​ប្រើប្រាស់​ក្នុង​ប្រទេស​ឲ្យ​មាន​កម្រិត ហេតុ​នេះ​ទើប​កំណត់​ពន្ធ​ថ្លៃ​កប់​ពពក​សម្រាប់​ការ​នាំ​ចូល។

 

មូល​ហេតុ​កំណត់​ចំនួន​រថយន្ត​ប្រើប្រាស់​ឲ្យ​មាន​កម្រិត​និង​ពន្ធ​នាំ​ចូល​​ថ្លៃ​បែប​នេះ លោក Derrick ថា ដោយ​សារ​សិង្ហបុរី​ជា​ប្រទេស​មាន​ផ្ទៃ​ដី​តូច​ហើយ​ចំនួន​ប្រជាជន​ច្រើន ដូច្នេះ​ទើប​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​យានយន្ត​ច្រើន​ចរាចរ​ក្នុង​ប្រទេស។

 

ជាក់ស្ដែង​តម្លៃ Lexus RX350 ស៊េរី ០១៦ នៅ​សិង្ហបុរី​ថ្លៃ​ខ្ទង់​ជិត ២៦ម៉ឺន​ដុល្លារ (២៥៩ ០០០ ដុល្លារ) ខណៈ​នៅ​ខ្មែរ​ថ្លៃ​ប្រហែល ១៣ម៉ឺន​ដុល្លារ ឯ​ម៉ូដែល​ផ្សេង​ទៀត​ក៏​មាន​តម្លៃ​ថ្លៃ​មិន​ណយ​ដែរ។

 

Derrick ថា​មិន​មែន​តែ Lexus មួយ​ទេ ដែល​ពន្ធ​ថ្លៃ គ្រប់​ម៉ាក​រថយន្ត​និង​ម៉ូតូ​សុទ្ធ​តែ​តម្លៃ​ថ្លៃ​ដូចគ្នា ហើយ​បើ​ធៀប​នឹង​តម្លៃ​នៅ​ខ្មែរ​គឺ​ខុស​គ្នា​ឆ្ងាយ។ អ្នក​មាន​នៅ​សិង្ហបុរី ក៏​មិន​សូវ​ឃើញ​ទិញ​រថយន្ត​ឬ​ម៉ូតូ​ថ្លៃ​មក​ប្រើ​ច្រើន​គ្រឿង​នោះ​ដែរ៕

 

អត្ថបទ៖ ប៉ែត ផាន់និត