​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​លោក ឡាយ ធុជ ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​

​សកម្មជន​ព្រៃឈើ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​រាយការណ៍​មក​ថា បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ​បាន​បន្ត​កើត​ឡើងវិញ​ជាច្រើន​ករណី ហើយក៏​គ្មាន​មន្ត្រី​ជំនាញ​ណា​ចេញមុខ​ទប់ស្កាត់​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​អាច​កើតឡើង​បាន​រលូន​ដោយសារតែ​មន្ត្រី​ជំនាញ​មួយចំនួន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​ដើម្បី​ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​ដែល​បញ្ហា​នេះ​កំពុង​បង្ក​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​។​

​ប្រជាពលរដ្ឋ​ស្រុក​ស្នួល​បាន​បង្ហើប​ថា ឈ្មួញ​ឈើ​ភាគច្រើន​ធ្វើ​សកម្មភាព​នៅពេល​យប់​ដោយ​ដឹកឈើ​ឆ្លងកាត់​ខេត្តក្រចេះ​តាម​ក្បួន​រថយន្ត​ជា​ខ្មែរ ពិសេស​លើផ្លូវ​ជាតិ​លេខ​៧​ដែលមាន​ការជួយ​បិទបាំង​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅក្នុង​ខេត្តក្រចេះ​។ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​លោក ឡាយ ធុជ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ ហើយ​ថែមទាំង​ព្រមាន​អ្នកសារព័ត៌មាន​មិន​ឲ្យ​ចុះផ្សាយ​ពី​រឿងអាស្រូវ​របស់ខ្លួន និង​បក្ខពួក​ទៀតផង​។​

មិន​ត្រឹមតែ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​លោក ឡាយ ធុជ ម្នាក់​នោះទេ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ មាន​សមត្ថកិច្ច​ជំនាញ​មួយចំនួនទៀត​ផងដែរ​ដែល​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​កង​រាជ​អា​វុ​ត្ថ​ហត្ថ និង​នគរបាល​សេដ្ឋកិច្ច ក៏បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​ផងដែរ ដូចនេះ​បានជា​បទល្មើស​ព្រៃឈើ​នៅតែ​អាច​កើតមាន បើទោះជា​មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​    ​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​ស្នួល​បាន​រិះគន់ថា បើ​រដ្ឋាភិបាល​បានត្រឹមតែ​ចាត់វិធានការ​ក្តៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មួយរយៈ​ហើយ ក៏មាន​ការធូររលុង​ទៅវិញ នោះ​បទល្មើស​ព្រៃឈើ​នឹង​នៅតែ​កើតមាន​ដដែល​មិនខានឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​រដ្ឋាភិបាល​មិន​ហ៊ាន​ចាត់វិធានការ​ច្បាប់​លើ​មន្ត្រី​ពុករលួយ នោះ​បទល្មើស​ព្រៃឈើ​នឹង​នៅតែ​កើតមាន​មិន​ខាន ព្រោះ​មន្ត្រី​ពុករលួយ​បន្ត​មាន​សេរីភាព​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ដោយ​គ្មាន​ទោសពៃរ៍​៕

20121208_163752​    ​