ស៊ី​ហ្គេ​ម​លើក​ទី​29​នៅ​ម៉ា​ឡេ​ស៊ី កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​29​ប្រភេទ​កីឡា​ចូលរួម

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​កម្ពុជា មាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្ដា​សហព័ន្ធ​កីឡា​នានា ទាំង​កីឡា​អូ​ឡាំ​ពិ​ក និង​មិន​អូ​ឡាំ​ពិ​ក ដើម្បី​សម្រេច​ជា​លើក​ចុង​ក្រោយ​ថា​ តើ​យក​ប្រភេទ​កីឡា​អ្វី​ខ្លះទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​លោក​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម​លើក​ទី​២៩ នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ បាន​កំណត់​យក​កីឡា​ចំនួន​៣៨​ប្រភេទ ប៉ុន្តែ​សម្រាប់​កម្ពុជា​មាន​តែ​២៩​ប្រភេទ​កីឡា​ប៉ុណ្ណោះ​។ ប្រភេទ​កីឡា​ដែល​កម្ពុជា​ត្រៀម​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះ​មាន​ហែល​ទឹក​, អត្តពលកម្ម​, វាយ​សី​, បាល់បោះ​, ប្រដាល់​សាកល​, ស្នូក​​ឃើ​រ​, ប្រណាំង​កង់​, ជិះសេះ​,​គុន​ដាវ​, បាល់ទាត់​U22, វាយកូនគោល​, កាយសម្ព័ន្ធ​, ហុ​ក​គី​, ស្គី​លើ​ទឹកកក​, យូ​ដូ​, កា​រ៉ា​តេ​, ប្រដាល់សេរី​, បញ្ច​សីលា​, ប៉េតង់​, បាល់​អោប​, សី​ប៉ាក់​តា​ក្រ ឬ​សី​ឈិ​ន​ឡុ​ង​,​ប្រណាំងទូក​, បាញ់កាំភ្លើង​, វាយ​កូន​ឃ្លី​លើ​តុ​, តេ​ក្វា​ន់​ដូ​, វាយ​កូន​បាល់​, ទ្រី​យ៉ា​ត្លុង​, បាល់ទះ និង​វ៉ូ​ស៊ូ ។

លោក​បណ្ឌិត ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​សហព័ន្ធ​ទាំងអស់ ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ ជំរុញ​ការ​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ត្រូវ​រៀបចំ​ចងក្រង​ធ្វើ​ផែនការ​សកម្មភាព​របស់​ខ្លួន​ឱ្យ​ចប់​សព្វគ្រប់​នៅ​ចុងខែ​នេះ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។ ម្យ៉ាងវិញទៀត មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម យើង​មានឱកាស​រៀបចំ​ការ​ប្រកួត​​កីឡា​ថ្នាក់​ជាតិ (National Games) ដែល​មាន​លក្ខណៈ​ដូច​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​បាន​ចំនួន​៣​ដង​ដែរ ដូច្នេះ​ទម្រាំ​ដល់​ពេល​នោះ យើង​មានបទពិសោធន៍​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ឱ្យ​បាន​ល្អ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ក៏​មានការ​ប្រគល់​ថវិកា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដល់​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ម្នាក់​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដែរ ។ រីឯ​សប្បុរសជន​នានា ក៏​បាន​ឧបត្ថម្ភ​ដល់​កីឡាការិនី ស៊ន ស៊ៀ​វ​ម៉ី ចំនួន​២.៥០០​ដុល្លារ ក្រៅពី​នោះ​ទទួល​បាន​ម្នាក់​១.៥០០​ដុល្លារ និង​គ្រូបង្វឹក​ទទួល​បាន​៧០០​ដុល្លារ ៕