ចិនសរសើរជំហរកម្ពុជា​ចំពោះសមុទ្រ​ចិនខាង​ត្បូង​ក្នុង​ដំណើរទស្សនកិច្ច​ប្រ​ធាន​រដ្ឋសភាទៅ​ចិន

ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន កំពុងដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសចិនដោយគិតចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃដំបូងនេះកម្ពុជាចិនបានប្តេជ្ញាបន្តរឹតចំណងមិត្តភាពប្រទេសទាំងពីរ ហើយកម្ពុជាក៏បានទទួលការកោតសរសើរពីសំណាក់មិត្តចិនលើជំហររបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូង។

ក្នុងរយៈពេលពីរថ្ងៃដំបូងនៃដំណើទស្សនកិច្ចនេះលោក ហេង សំរិន បានជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាចិនលោក យូ ហ្សេងសេង ប្រធានរដ្ឋសភាប្រជាជនចិនលោក ចាង តឺចាំង និងអនុប្រធានាធិបតីចិន លោក លី យៀនឆាវ។

ក្នុងជំនួបដាច់ដោយឡែកជាមួយឥស្សរជនជាន់ខ្ពស់ចិននេះ លោក ហេង សំរិន បានសរសេរពីការរួមចំណែករបស់ចិនដោយបានផ្តល់ទាំងជំនួយឥតសំណងនិងកម្ចីសម្បទានដោយថាទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងការលើកសរសើរពីជំនួយរបស់ចិន ប្រធានរដ្ឋសភាក៏មិនភ្លេចស្នើដល់ភាគីចិនជួយសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជាដែលមានកំពស់១២ជាន់ផងដែរ។ នេះបើតាមព័ត៌មានដែលចុះផ្សាយលើទំព័រហ្វេសបុករដ្ឋសភាកាលពីម្សិលមិញ។

បើតាមព័ត៌មានពីរដ្ឋសភាកម្ពុជាដដែលជាការឆ្លើយតបភាគីចិនបានបានសន្យាបន្តជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ជាមួយគ្នានោះដែរទាំងប្រធានសភាប្រជាជនចិននិងអនុប្រធានាធិបតីចិនបានកោតសរសើរកម្ពុជាលើជំហររបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូង។ រដ្ឋសភាកម្ពុជាបានដកស្រង់សម្តីប្រធានសភាប្រជាជនចិនដាក់លើទំព័ត៌ហ្វេសប៊ុករបស់ខ្លួនថា “ភាគីចិនបានគាំទ្រចំពោះជំហរកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូងពិសេសកម្ពុជាគាំទ្រនយោបាយចិនតែមួយ”។

ទន្ទឹមនឹងទទួលបានការសរសើរពីប្រធានសភាប្រជាជនចិនទាក់ទងនឹងជំហរកម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះ អនុប្រធានាធិបតីចិនលោក លី យៀនឆាវ ក៏បានសរសើរកម្ពុជាដូចគ្នា ដោយថាកម្ពុជាបានផ្តល់យុត្តិធម៌ដល់ប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងនេះ។ នេះបើតាមព័ត៌មានរបស់រដ្ឋសភាដដែល។

បើតាមព័ត៌មានរបស់រដ្ឋសភាដដែល អគ្គលេខាធិការរដ្ឋសភាកម្ពុជាលោក ឡេង ប៉េងឡុង ក៏មានជំនួបជាមួយអគ្គលេខាធិការរងរដ្ឋសភប្រជាជនចិនលោក Chen Guoming និងបានស្នើឲ្យភាគីចិនជួយបណ្តុះបណ្តាលមន្ត្រីរដ្ឋសភាកម្ពុជាលើជំនាញភាសាចិន ព័ត៌មានវិទ្យា ការគ្រប់គ្រង និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ភាគីចិនបានទទួលយកសំណើទាំងនេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថាបច្ចុប្បន្នកម្ពុជាបានបង្ហាញជំហររបស់ខ្លួនទៅរកចិនកាន់តែខ្លាំងជាពិសេសសម្រាប់ជំហររបស់កម្ពុជាទាក់ទងនឹងសមុទ្រចិនខាងត្បូង។ លោកថាជំហររបស់កម្ពុជានេះអាចធ្វើឲ្យល្អក់កករជាមួយបណ្តាប្រទេសជាមិត្តផ្សេងទៀតក្នុងតំបន់អាស៊ាន។

លោកបន្ថែមថា៖ “កម្ពុជាពេលនេះនយោបាយការបរទេសហាក់ដូចជាកាន់តែច្បាស់ឡើងថាយើងកំពុងតែរំកិលខ្លួនទៅរកប្រទេសចិនកាន់តែជ្រៅទៅៗ បូករួមទាំងការប្រកាសជំនួយចិនប្រមានជា៦០០លានដុល្លារ និងដំណើរទស្សនកិច្ចផ្ទួនៗទៅប្រទេសចិនរបស់ប្រធានរដ្ឋសភាសម្តេច ហេង សំរិន នាពេលថ្មីៗនេះបាទ”។

នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ជំនួយដល់កម្ពុជាសម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ នូវទឹកប្រាក់ជិត៦០០លានដុល្លារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺភ្លាមៗបន្ទាប់ពីកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនជាថ្មីមិនគាំទ្រទៅនឹងសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិដែលសម្រេចឲ្យហ្វីលីពីនឈ្នះចិនរឿងជម្លោះដែនសមុទ្រចិនខាងត្បូង។ កម្ពុជាម្តងហើយម្តងទៀតបានទាមទារឲ្យប្រទេសមានជម្លោះដែនសមុទ្រជាមួយចិនដោះស្រាយបញ្ហាដោយសន្តិវិធីនិងប្រើយន្តការទ្វេភាគី។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ កម្ពុជារងការចោទប្រកាន់ថាបានធ្វើឲ្យសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានទាក់ទងនឹងសមុទ្រចិនខាងត្បូងមិនអាចចេញរួចនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសចិនបានសរសើរចំពោះជំហររបស់កម្ពុជាទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ។

ឆ្លើយតបនឹងការចោទប្រកាន់នេះលោក ផៃ ស៊ីផាន កាលពីថ្ងៃទី២៥បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជាមិនមែនជាចៅក្រមនិងគ្មានឥទ្ធិពលអំណាចសេដ្ឋកិច្ចឬយោធាណាមួយក្នុងការដោះស្រាយបញ្ហាសមុទ្រចិននោះទេ ដោយថាកម្ពុជានៅតែឲ្យតម្លៃក្នុងកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធដែលមានគោលនយោបាយនិងយន្តការដែលបានសម្រេចជាឯកច្ឆន្ទរួចស្រេច។ លោកបន្តថាជំនួយចិនគឺមិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូងនោះដែរ។

លោក ផៃ ស៊ីផាន បានច្រានចោលនូវការចោទប្រកាន់នានាពីអ្នកស្រាវជ្រាវឬអ្នកសារព័ត៌មានមកលើកម្ពុជាទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនិងថាអ្នកទាំងនោះគ្រាន់តែចង់ “សម្អុយ” កេរ្តិ៍ឈ្មោះកម្ពុជាតែប៉ុណ្ណោះ៕

ប្រភព៖ VOD


ចិនសរសើរជំហរកម្ពុជា​ចំពោះសមុទ្រ​ចិនខាង​ត្បូង​ក្នុង​ដំណើរទស្សនកិច្ច​ប្រ​ធាន​រដ្ឋសភាទៅ​ចិន

អ្នក​ចូលរួម​បុណ្យ​សព​លោក​កែម ឡី​ មាន​សុទិដ្ឋិនិយម​ថា​ កូន​ខ្មែរ​នឹង​យក​គម្រូ​តាម​លោក​ កែម ឡី

ចិនសរសើរជំហរកម្ពុជា​ចំពោះសមុទ្រ​ចិនខាង​ត្បូង​ក្នុង​ដំណើរទស្សនកិច្ច​ប្រ​ធាន​រដ្ឋសភាទៅ​ចិន

លោកនាយករដ្ឋមន្រ្តីទិញពោតស្ងោរមួយបេមួយលានរៀល