គ្រួសារគ្រោងសង់រូបសំណាកលោក កែម ឡី ខណៈរងចាំការផ្តល់គោរមងារពីព្រះមហាក្សត្រ

ក្រុមគ្រួសារលោក កែម ឡី ឲ្យដឹងថាពួកគេកំពុងធ្វើចេតិយដើម្បីសាងសង់រូបសំណាក់លោកនៅពីលើផ្នូរដែលបញ្ចុះសពនោះ ស្របពេលដែលការសុំឲ្យផ្តល់គោរមងារដល់លោកបណ្ឌិតបានស្នើទៅព្រះមហាក្សត្រហើយ។

ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាពួកគាត់កំពុងរៀបចំធ្វើចេតិយដើម្បីសង់ជារូបសំណាកលោក កែម ឡី ដែលគ្រោងធ្វើឲ្យហើយក្នុងរយៈពេល៣ខែមុនថ្ងៃបុណ្យ១០០ថ្ងៃ។ ចំពោះគម្រោងធ្វើសួនច្បារ បណ្ណាល័យ ស្រះទឹក និងវត្ថុអ្វីផ្សេងៗទៀត លោកថានឹងរៀបចំធ្វើនៅពេលក្រោយព្រោះនៅខ្វះថវិកា។

លោកមានប្រសាសន៍ថា៖ “ធ្វើជាស្ដូប ហើយយើងធ្វើជារូបសំណាក់គាត់មួយជំហរខ្លួនទៀតពីលើផ្នូរហ្នឹង ហើយបន្ទាប់មក ហើយជំហានបណ្ដើរ យើងរៀបចំសួរច្បារ អ្វីដែលយើងថាជាការងារដែលចាប់ផ្ដើមតូចៗមុន យើងមិនអាចដល់សារមន្ទីរឬបណ្ណាល័យឬសាលារៀនទេ ព្រោះរង់ចាំយើងរង់ចាំយើងរៀបចំបែបនេះដើម្បីបង្កើតមូលនីធិមួយថាមានសប្បុរសជនគាត់ចូលថវិកាយើងនឹងរៀបចំបន្តៗ”។

តំណាងគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា គណៈកម្មការនឹងគិតគូកសាងបណ្ណាល័យ ស្រះទឹក និងវត្ថុផ្សេងៗទៀតដែលនៅជុំវិញផ្នូរលោកបណ្ឌិត កែម ឡី តាមការគ្រោងទុក។ ទោះជាយ៉ាងណាព្រះអង្គមានថេរដីកាថានឹងមានការពិចារណាបន្តទៀត ដោយហេតុតែមានការលំបាកខ្លះៗ ដោយសារតែទីតាំងបញ្ចុះសពលោកបណ្ឌិត កែម ឡី ជាទីតាំងកម្មសិទ្ធិរបស់គ្រួសារលោកបណ្ឌិត កែម ឡី ការធ្វើអ្វីៗនៅទីនោះមិនអាចដូចការធ្វើនៅទីសាធារណៈដែលមហាជនអាចចូលរួមគ្រប់គ្នាបាននោះទេ។

ចំពោះការស្នើផ្តល់គោរមងារពីព្រះមហាក្សត្រដល់លោកបណ្ឌិត កែម ឡី ត្រូវបានព្រះតេជគុណ ប៊ុត ប៊ុនតិញមានសង្ឃដីកាឲ្យដឹងថា៖ “ខាងអាត្មាមិនសូវបានឲ្យតម្លៃខ្ពស់ទៅលើការផ្តល់គោរមងារឬផ្តល់អីពីប្រមុខរដ្ឋឬពីព្រះមហាក្សត្រពេកទេ ពីព្រោះតម្លៃលោកបណ្ឌិត កែម ឡី នេះ មហាជនជាតិនិងអន្តរជាតិគេឲ្យតម្លៃគាត់ខ្ពស់រួចបាត់ទៅហើយ គាត់មានតម្លៃនៅក្នុងបេះដូង ហើយសពលោកបណ្ឌិត កែម ឡី ត្រូវបានកប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរជាង២លាននាក់ ដែលចូលហែបុណ្យ ហើយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានទទួលលោកបណ្ឌិត កែម ឡី ជាវីរជនក្នុងបេះដូងគេរួចបាត់ទៅហើយ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ជាដៃគូវិភាគនឹងលោក កែម ឡី ឲ្យដឹងថា លោកត្រូវបានស្នើឲ្យធ្វើជាអ្នកដឹកនាំក្រុមមូលនីធិ កែម ឡី ដែលពីមុនមានឈ្មោះថាមូលនិធិសម្រាប់អ្នកវិភាគឯករាជ្យដែលជាការផ្តួចផ្តើមដោយលោក កែម ឡី កាលពីគាត់នៅរស់។

ចំណែកឯគម្រោងសាងសង់បណ្ណាល័យឬស្រះទឹកនៅទីតាំងបញ្ចុះសពលោក កែម ឡី លោក មាស នី បង្ហាញពីកង្វល់ថាទីតាំងតូចពេក។

លោកថា៖ “ក៏ប៉ុន្តែពេលសពហ្នឹងត្រូវបានយកទៅបញ្ចុះនៅភូមិកំណើតទៅ យើងបានទៅឃើញស្ថានភាពនៅទីនោះហាក់បីដូចជាមិនអាចធ្វើអីបានច្រើនទេបាទ លើកលែងតែថាប្រហែលជាយើងនឹងនៅតែរកកន្លែងផ្សេងទៀតដែលមានដីធំ រួចហើយយើងបង្កើតមជ្ឈមណ្ឌលនៅកន្លែងហ្នឹងទៅ ហើយយើងអាចធ្វើអីដែលគ្រាន់តែជានិមិត្តរូបសម្រាប់គាត់ទៅ មិនចាំបាច់មានផ្នូររបស់គាត់នៅក្នុងទេ នេះគ្រាន់តែជាការជជែកថ្មីៗមួយទៀត”។

ចំពោះការស្នើសុំគោរមងារដល់លោកបណ្ឌិត កែម ឡី ទៅព្រះមហាក្សត្រ លោក មាស នី ប្រាប់ថាគឺជាការផ្តួចផ្តើមរបស់ក្រុមមូលនីធិ កែម ឡី នេះ ប៉ុន្តែលោកនៅមិនទាន់ដឹងថាដំណើរការដល់ណាទេ ដោយលោកគ្រាន់តែដឹងថាបានស្នើទៅហើយ។

សពលោក កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងែអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០១៦ ទៅបញ្ចុះនៅស្រុកកំណើតរបស់លោកក្នុងភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគេប៉ាន់ស្មានថាអ្នកចូលរួមប្រមាណ២លាននាក់៕

ប្រភព៖ VOD


Related Posts