អ្នកភូមិ​​​​បុរី​កីឡា​រារាំង​​​មិន​​​ឲ្យ​​​​កម្ទេច​អគារ​​​​

មន្ត្រីម្នាក់បាននិយាយថា អ្នកភូមិ១០គ្រូសារពីបុរីកីឡា ក្នុងក្រុងភ្នំពេញដែលមានការបណ្តេញចេញទាំងបង្ខំ ដើម្បីអភិវឌ្ឍសាជីវកម្មបានរារាំងត្រាក់ទ័រកាយដីមួយគ្រឿងមិនឲ្យកម្ទេចអគារនៅទំនេរ។ លោក កៀង ល័ក្ស អភិបាលរងខណ្ឌ៧មករាបាននិយាយថា អ្នកភូមិនិងសកម្មជនបានឃាត់ត្រាក់ទ័រនៅម៉ោង៨ព្រឹក ដោយភ័យខ្លាចថា ការកម្ទេចអគារនោះក៏អាចបណ្តាលឲ្យអគារនៅជាប់គ្នារលំដួលដែរ។ ផានីមិចជាក្រុមហ៊ុនដែលបានជួលដីពីរដ្ឋាភិបាលបានរៀបចំបំផ្លាញអគារនោះចោល។ អភិបាលខណ្ឌរងបាននិយាយថា ទោះជាយ៉ាងនេះក្តី អាជ្ញាធរបានបញ្ជាឲ្យបញ្ឈប់កម្ទេចក្រោយពីប៉ូលិសដែលកំពុងរស់នៅក្នុងអគារនេះបានលើកឡើងពីក្តីព្រួយបារម្ភ។ លោក ល័ក្ស បាននិយាយថា “ក្រោយពីស្តាប់ការព្រួយបារម្ភរបស់នគរបាលអំពីផលប៉ះពាល់នៃការកម្ទេចចោលអគារឧបសម្ពន្ធ យើងក៏បានសម្រេចមិនកម្ទេចអគារនេះចោលដែរ”។ អ្នកស្រី នៅ ណារី អាយុ៥៦ឆ្នាំ ដែលកំពុងទាមទារប្រាក់សំណងក្រោយពីការបណ្តេញចេញ នាឆ្នាំ២០១២ ហើយពេលនេះកំពុងរស់នៅក្នុងអគារជាប់គ្នានោះ បាននិយាយថា អ្នកស្រីបានរារាំងគ្រឿងចក្រ ដោយសារតែការខ្វែងគំនិតគ្នាជាមួយក្រុមហ៊ុនផានីមិច ដែលបានសាងសង់អគារតែ៨ប៉ុណ្ណោះក្នុងបណ្តា១០អគារដែលក្រុមហ៊ុនសន្យាជាមួយអ្នកភូមិដែលគេបណ្តេញចេញ។ អ្នកស្រីបាននិយាយថា”យើងមិនឲ្យត្រាក់ទ័រកម្ទេចអគារនេះទេ ព្រោះវាអាចធ្វើឲ្យអគារទាំងមូលដួល”។ ក្រុមហ៊ុនផានីមិចមិនអាចទាក់ទងបានទេ៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នកភូមិ​​​​បុរី​កីឡា​រារាំង​​​មិន​​​ឲ្យ​​​​កម្ទេច​អគារ​​​​ appeared first on The Cambodia Daily.