ក្រុម​​​មន្រ្តី​ត្រូវ​​​​​​ស្នើ​​​ឲ្យ​​​​បិទ​ច្រក​របៀង​​​​​​​​ថៃ​​​ខុស​ច្បាប់​

មន្ត្រីក្រសួងម្នាក់បាននិយាយថា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រមូលមន្រ្តីពីបណ្តាខេត្តតាមព្រំដែនថៃមកជួបជុំគ្នា ហើយបានស្នើឲ្យគេបិទច្រករបៀងខុសច្បាប់ដែលកំពុងតែសម្រួលឲ្យមានចំណាកស្រុកខុសច្បាប់។ យោងតាមអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក ខេង បានប្រាប់អភិបាលខេត្តទាំងប្រាំពីរតាមព្រំដែនរួមទាំងមន្រ្តីនគរបាលជាន់ខ្ពស់ថា”ច្រករបៀងក្រៅផ្លូវការមិនគួរឲ្យមានទេ”។ អ្នកស្រី ប៊ុនអេង បាននិយាយថា កិច្ចប្រជុំគឺជាការពិគ្រោះយោបល់ដំបូងអំពីលំហូរពលករខុសច្បាប់ទៅប្រទេសថៃ។អ្នកស្រីបាននិយាយថា ភាគីទាំងសងខាងព្រំដែនបានបើកច្រករបៀងខុសច្បាប់ រួមទាំងច្រកឆ្លងកាត់ដ៏គ្រោះថ្នាក់ដែលកាត់តាមចម្ការមីនជាដើម។ ប៉ុន្តែទោះបីជាលោក ស ខេង ស្នើឲ្យបិទក៏ដោយ ក៏មានមន្រ្តីមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារបានបដិសេធថាមិនមានចំណាកស្រុកខុសច្បាប់កើតឡើងក្រោមដែនសមត្ថកិច្ចគេទេ។ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយជ័យក៏ស្ថិតក្នុងចំណោមមន្ត្រីទាំងនោះដែរ។ ឧត្តមសេនីយ៍ទោ ខែម បាននិយាយមុនពេលដាក់ទូរស័ព្ទចុះជាមួយអ្នកយកព័ត៌មានថា”ពុំមានច្រករបៀងខុសច្បាប់ទេ ព្រោះបិទពីរឆ្នាំកន្លងមកហើយ”តាមសំណើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ស ថាវី អភិបាលខេត្តឧត្តមានជ័យដែលបានចូលរួមក្នុងកិច្ចប្រជុំបាននិយាយថា ខេត្ត របស់លោកក៏មិនមានច្រកឆ្លងដែនខុសច្បាប់ដែរ។ លោក ថាវី បាននិយាយដោយមិនរៀបរាប់ពិស្តារថា “ខ្ញុំមិនមានច្រករបៀងខុសច្បាប់ទេ”។ លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធីសហគមន៍អង្គការអាដហុកបាននិយាយថា រដ្ឋាភិបាលបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់មិនគ្រប់គ្រាន់ទេ។ លោក ប៊ុណ្ណារ៍ បាននិយាយថា មន្រ្តីនគរ បាលព្រំដែនត្រូវគេដឹងថាជាប់ពាក់ព័ន្ធនឹងការបើកច្រករបៀង ហើយគួរតែមានទោស។ លោក បុណ្ណារ៍ បាននិយាយថា”ខ្ញុំមិនគិតថា វិធានការនេះមានប្រសិទ្ធភាពទេ គឺគ្រាន់តែស្នើឲ្យគេបិទច្រកនោះ ព្រោះបទល្មើសពិតប្រាកដប្រព្រឹត្តដោយមន្រ្តីដែលឈរជើងនៅទីនោះដោយយកសំណូកពីពលករដើម្បីឲ្យគេឆ្លងកាត់”៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ក្រុម​​​មន្រ្តី​ត្រូវ​​​​​​ស្នើ​​​ឲ្យ​​​​បិទ​ច្រក​របៀង​​​​​​​​ថៃ​​​ខុស​ច្បាប់​ appeared first on The Cambodia Daily.