កញ្ញា ពេជ្រ អាវីហ្សាក្តៅឆេវ ពេលលឺគេថានាង ជាអតីតប្រពន្ធ របស់លោក ជៀស ស្រួច!

ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ តារាសម្តែងស្រី កញ្ញា ពេជ្រ អាវីហ្សា បានបង្ហោះសារខ្លីមួយ នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពីអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ទាក់ទងនឹងព័ត៌មានអាស្រូវ អតីតប្រពន្ធរបស់ លោក ជៀស ស្រួច ។

គួរឲ្យដឹងថា ថ្មីៗនេះ អតីតកីឡាករប្រដាល់ និងជាតារាសម្តែងនៅក្នុងរឿង «បេះដូងអ្នកប្រដាល់» បានវិលត្រឡប់មកវិញ ក្រោយបាត់មុខពីសិល្បៈប្រមាណជាង១០ឆ្នាំ មកនេះ មូលហេតុចាកចេញ គឺដោយសារតែលោក ខឹងនិងតូចចិត្តនឹងប្រពន្ធ ដែលរត់ទៅមានអ្នកថ្មីដែលជាកូនអ្នកធំ ប្តូរនឹងទឹកប្រាក់ចំនួន៣០០$ ដែលជាហេតុធ្វើឲ្យលោកចាកចេញ ទាំងឈឺចាប់ ព្រមទាំងទៅធ្វើការជាកម្មករតាមជាយដែន យ៉ាងលំបាកវេទនាបំផុត។ នេះបើតាមការលើកឡើងរបស់លោក ជៀស ស្រួច កាលពីពេលកន្លងទៅ។ លើសពីនេះ លោកបង្ហើបប្រាប់ថា តាមពិតទៅ អតីតប្រពន្ធរបស់លោក បច្ចុប្បន្ននាងជាតារាសម្តែងល្បីក្នុងស្រុក ប៉ុន្តែលោកមិនបានបង្ហើប ប្រាប់ពីអត្តសញ្ញាណរបស់នារីដែលជាប្រពន្ធនោះទេ ព្រោះថាខ្លាចប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់គេ។

ប៉ុន្តែមិនថាយ៉ាងណា ស្របពេលជាមួយគ្នានេះដែរ រឿងរ៉ាវទាំងនេះ បានធ្វើឲ្យទស្សនិកជាច្រើន មានភាន់ច្រឡំថា ជាតារាសម្តែងដ៏ស្រស់ស្អាត កញ្ញា ពេជ្រ អាវីហ្សា ទៅវិញ។  

ទន្ទឹមនឹងការចោទប្រកាន់នេះផងដែរ បានធ្វើឲ្យ កញ្ញា ពេជ្រ អាវីហ្សា ផ្ទាល់មានការ ភ្ញាក់ផ្អើលនិងខឹងសម្បារយ៉ាងខ្លាំង ដល់ថ្នាក់បង្ហោះជាសារខ្លីមួយ នៅលើបណ្តាញសង្គមហ្វេស៊បុក ដើម្បីបកស្រាយឲ្យច្បាស់ ដោយក្នុងនោះនាងបានសរសេរថា ៖

«ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបងៗកាសែតមួយចំនួន ចូលចិត្តយករួបខ្ញុំមកដាក់ម៉្លេះ..ទាំងដឹងថាបុគ្គលណាជាប្រពន្ធរបស់គាត់ហើយ..ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ប្រពន្ធរបស់គាត់ឈ្មោះ.. Sat Raksmey..ឈ្មោះនៅក្នុងសិល្បៈមិនមែន.. Pich Aviza..ទេ.. សូមឈប់បន្តយករូបរបស់ខ្ញុំ យកមកចុះទៀតទៅ។»  ៕

ចំណាប់អារម្មណ៍ខ្មែរឡូត៖ រំលឹកព័ត៌មានចាស់លើកមុនឡើងវិញផងដែរថា តារាសម្ដែងដ៏ស្រស់សោភា ថ្ពាល់ខួចទាំងសងខាង នាង សាត រស្មី ធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ ជាអតីតប្រពន្ធ​ របស់អតីតអ្នកប្រដាល់ និងជាតារាសម្ដែង លោក ជា ស្រួច សោះឡើយ ខណៈដែលអាថ៌កំបាំងនេះ ត្រូវបានលាក់បាំងយ៉ាងជិត​ឈឹង អស់រយៈពេលប្រមាណ ជាង១០ឆ្នាំមកហើយ។ នៅពេលដំណឹងត្រូវបានទម្លាយ បានធ្វើឲ្យទស្ស​និកជន​​គ្រប់ស្រទាប់វណ្ណៈ មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ព្រោះតែមិននឹកដល់ថា តារាសម្ដែង សាត រស្មី ពូកែលាក់ប្រវត្តិ​របស់ខ្លួន បានជិតល្អបែបនេះសោះ ខណៈដែលនាងតែងតែ​បង្ហាញវត្តមាន យូរៗម្ដង សម្ដែងក្នុងខ្សែភាពយន្ត និងចម្រៀ​ងខារ៉ាអូខេ។

អ្វីដែលបានបែកធ្លាយការពិត នៅពេលនេះ គឺបន្ទាប់ពីលោក ជា ស្រួច អតីតជាកីឡាករ និងជាតារាសម្ដែង បានបង្ហាញមុខគួរឲ្យភ្ញាក់ផ្អើល ក្នុងស្ថានភាពស្ទើរ មិនគួរឲ្យជឿ ពោលបានធ្លាក់ខ្លួនពីតារាសម្ដែង និងពីកីឡាករមានឈ្មោះល្បី ក្លាយជាកម្មករសំណង់ និងជាកម្មករអូសរទេះ រស់នៅតាមតំបន់ជាយដែន នៃក្រុងប៉ោយប៉ែត ធ្លាក់ខ្លួនត្រដាបត្រដួស ខុសដាច់ស្រឡះពីជីវិត កាលពីចូលសិល្បៈដំបូង។ អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍នោះ គឺលោក ជា ស្រួច បានទម្លាយអាថ៌​ពីអតីតប្រពន្ធ​ដ៏ស្រស់ស្អាតរបស់ខ្លួន រហូតដល់ថ្នាក់លោកឈឺចិត្តស្អិតទ្រូង ដាច់ចិត្តវេចបង្វេចចាកចេញ ពីផ្ទះទាំងទឹកភ្នែក បន្ទាប់ពីរៀបការបាន​តែ២ខែប៉ុណ្ណោះ។

លោក ជា ស្រួច អ្នកសម្ដែងក្នុងបទ «ជីវិតអ្នកប្រដាល់»​ បានទម្លាយប្រាប់ក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌ជើងចាស់ល្បីឈ្មោះ​ម្នាក់ថា មូលហេតុដែលរូបលោក​ធ្លាក់ខ្លួន​រហូតមកថ្ងៃនេះ ព្រោះតែលោកខូចចិត្ត​​ជា​មួយនឹងអតីតប្រពន្ធ ដែលថ្លើមធំហ៊ានក្បត់ខ្លួន ​លួចលាក់មានស្នេហា​ជាមួយ​កូន​ប្រុសលោកឧកញ៉ា ទាំងមិនគិតសោះថា ខ្លួនមានប្ដីនៅជាមួយរាល់ថ្ងៃ។ ពេលលោក ជា ស្រួច ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាស​ទាំងអស់នេះ។

បន្ទាប់ពីលោក បានចាកចេញពីគ្រួសារ​ដោយចោទប្រពន្ធថា ជាស្រីផិតក្បត់រួចមក លោកបានក្លាយជាមនុស្សតែលតោល គ្មានទីពឹង ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងចុងក្រោយក្លាយជាកម្មករអូសរទេះ​ដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់​ល្បី​ឈ្មោះ លោក ជា ស្រួច ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញ​ពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតបើនិយាយពីឈ្មោះ សាត រស្មី ជាតារាសម្ដែងមានឈ្មោះល្បី ក៏មិននឹកស្មានថា ជាអតីតប្រពន្ធរបស់លោកឡើយ។

នៅក្នុងបណ្ដាញសង្គម Facebook នៅថ្ងៃនេះ បានទម្លាយរូបភាពដ៏ស្រស់ស្អាតរបស់នាង សាត រស្មី ដោយបានអះអាងថា នាងជាអតីតប្រពន្ធរបស់លោក ជា ស្រួច កាលពី១២ឆ្នាំមុន ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ជាមួយគ្នានេះ នាង សាត រស្មី ក៏បានចេញមុខបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងអស់របស់ លោក ជា ស្រួច ថា ពុំមែនជាការពិតនោះទេ ព្រោះអ្វីៗដែលបានកើតឡើង ក៏មានកំហុសរបស់លោក ជា ស្រួច ផងដែរ ខណៈដែលកាលនោះ លោក ជា ស្រួច ក៏មានជាប់ពាក់ព័ន្ធនឹងការជក់ថ្នាំញៀន លេងល្បែង និងប្រព្រឹត្តិទង្វើមិនគប្បីចំពោះនាង ច្រើនណាស់ដែរ ទើបត្រូវចែកផ្លូវគ្នា ទាំងពាក់កណ្ដាលទីបែបនេះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload