ម្ចាស់ Facebook មួយចេញមុខសុំទោសជាសាធារណៈ ដែលបង្ហោះរូបភាពសិល្បករខ្មែរ ចូលរួមដង្ហែសពលោក កែម ឡី

(ភ្នំពេញ)៖ ម្ចាស់ Facebook Page មួយ ដែលមានឈ្មោះថា «អៀម ផន សេរីភាព នៃការតស៊ូ ខ្មែរការពារ» បានចេញមកសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានយករូបភាពសិល្បករ សិល្បការនីខ្មែរ ចូលរួមដង្ហែសពព្រះបរមរតនកោដ នរោត្តម សីហនុ មកបង្ហោះថា ពួកគាត់ចូលរួមក្នុងពិធីដង្ហែសព លោក កែម ឡី ធ្វើឲ្យមានភាន់ច្រឡំ ដល់សាធារណជន។

ម្ចាស់ Facebook ខាងលើកបានបញ្ជាក់ថា ការដែលខ្លួនយករូបនេះបង្ហោះក៏ព្រោះតែ រូបគេឃើញ ម្ចាស់ Facebook មួយឈ្មោះថា «Best Friends Forever» យករូបភាពទាំងនោះមកបង្ហោះ ចំពេលដង្ហែសពរបស់លោក កែម ឡី ដូច្នេះទើបធ្វើឲ្យគេយល់ច្រឡំក៏ Save យកមកបង្ហោះបន្ត បង្កការភាន់ច្រឡំយ៉ាងដូច្នេះ។

ម្ចាស់ Facebook Page ឈ្មោះ អៀម ផន សេរីភាព នៃការតស៊ូ ខ្មែរការពារ បានសរសេរថា «ខ្ញុំដឹងថា ខ្ញុំពិតជាមានកំហុសមែន! ព្រោះតែការធ្វេសប្រហែស របស់ខ្ញុំមួយភ្លេត ព្រោះតែមិនបានពិនិត្យឲ្យបានច្បាស់ ក្រោយពេលដែលខ្ញុំបានដឹងមកខ្ញុំ ក៏បានលុបរូបនោះចេញវិញ ហើយដើម្បីកុំឲ្យមានការយល់ច្រឡំទៀត ដូច្នេះហើយទើបខ្ញុំ សុំទោសបងប្អូន ជាសាធារណៈ សង្ឃឹមថា បងប្អូននឹងមិនប្រកាន់ដល់រូបខ្ញុំ»។

សូមជំរាបថា បន្ទាប់ពីមានការបង្ហោះរូបភាពខាងលើនេះ សមាគមមិត្តសិល្បៈជួយសង្គម បានធ្វើការអំពាវនាវបញ្ឈប់ការយករូបភាពរបស់តារាចម្រៀង និងតារាសម្តែង ទៅបង្ហោះពាក់ព័ន្ធនឹងសកម្មភាពហែរសពលោក កែម ឡី ហើយឥឡូវនៅពេលនេះមានម្ចាស់ Facebook មួយចេញមុខសុំទោសជាសាធារណៈ ចំពោះការបង្ហោះរូបភាពសិល្បករខ្មែរនេះ៕

13876626_1634290560218642_4502440726859960457_n

ប្រភព៖ freshnewsasia


Related Posts