​ម្ចាស់​ពុម្ព​អក្សរ​ខ្មែរ​ម្នាក់​ប្រាប់​គន្លឹះ​បង្កើត​ពុម្ព​អក្សរ​ថ្មីៗ​ដោយ​ខ្លួន​ឯង

ក្រោម​ហេតុ​ផល​ចំណូលចិត្ត​ និងចង់​ចួលរួម​លើក​ស្ទួយ​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​ឲ្យ​កាន់​តែ​ផុស​ផុល​សម្បូរ​បែប​ លោក​ ម៉ៅ ពិសិដ្ឋ បាន​លះបង់​ពេល​វេលា​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដើម្បី​ច្នៃ​ប្រឌិត​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ថ្មីៗ​មួយ​ចំនួន។

 

​ម្ចាស់​ពុម្ព​អក្សរ​ខ្មែរ​ម្នាក់​ប្រាប់​គន្លឹះ​បង្កើត​ពុម្ព​អក្សរ​ថ្មីៗ​ដោយ​ខ្លួន​ឯងលោក​ ម៉ៅ ពិសិដ្ឋ

 
អតីត​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ឲ្យប្រើ​ប្រាស់​ជា​សាធារណៈ​រូប​នេះ​បាន​ប្រាប់​ពី​គន្លឹះ​នៃ​ការ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ​ជាមួយ​ក្រុម​ការងារ Sabay ខាង​ក្រោម​នេះ៖
 
1.ហេតុអ្វីបាន​ជា​លោកនឹកចង់បង្កើតពុម្ពអក្សរខ្មែរ?  បង្កើតនៅឆ្នាំណា ?
ខ្ញុំ​ចាប់ផ្តើមរៀនបង្កើត​ពុម្ពអក្សរ​តាំងពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ​តែ​ពេល​នោះ​ខ្ញុំធ្វើ​តែ​ពុម្ព​អក្សរឡាតាំង និង Limon ប៉ុណ្ណោះ ហើយ​ក៏មិន​បាន​ចែក​ចាយ​ឲ្យ​បាន​ទូលំទូលាយ​ដូចពុម្ពក្រោយៗព្រោះ​ពេល​នោះ​ការ​ប្រើ​អ៊ីនធ័រណិត​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ដល់ឆ្នាំ​២០១០ទើបខ្ញុំ​ចាប់ផ្តើមបង្កើត​ពុម្ពខ្មែរយូនីកូដ ​ដោយ​សារ​តែ​ខ្ញុំចូល​ចិត្ត​របៀប​វាយ​អក្សរថ្មីនេះ​ ម្យ៉ាងវិញទៀតពុម្ពអក្សរ​មាន​ស្រាប់​ នៅខ្វះតួ​អក្សរ​ឡាតាំងដែល​ស៊ីគ្នា​នឹង​ទម្រង់​អក្សរខ្មែរ​​កំពុង​ប្រើ​ហើយ​ក៏​មាន​ពុម្ពខ្លះ​រហូត​គ្មាន​តួ​អក្សរ​ឡាតាំង​ទៀតផង ហេតុផល​មួយទៀតគឺខ្ញុំនៅ​តែ​​ស្រឡាញ់​ពុម្ពអក្សរ Limon ឬ ABC មួយចំនួន ដូច្នេះខ្ញុំចង់​ឲ្យ​វា​ក្លាយជាពុម្ពខ្មែរយូនីកូដ ដើម្បី​អាច​វាយ​​តាម​របៀប​ខ្មែរ​យូនីកូដ​ដែរ។
 
2.តើការ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ពិបាក​ដែរ​ទេ ?  ត្រូវ​ការ​ធនធាន​អ្វីខ្លះ?
ចំណុច​ពិបាក​មួយគឺ​ពុម្ព​អក្សរ​យូនីកូដ​មាន​តួ​អក្សរ (Glyph)ច្រើន​ជាង Legacy (Limon ឬ ABC) រហូត​ដល់​ខ្ទង់​ពាន់​អាស្រ័យ​លើ​ថាតើ​យើង​ធ្វើ​ពុម្ពអក្សរនេះ​ឲ្យ​មាន​លក្ខណៈ​សម្បូរ​បែប​ឬ​អត់ ជា​ពិសេស​គឺ​និមិត្ត​សញ្ញា​ជាច្រើន​ក្នុង​ផ្នែក​ឡាតាំង។ ក្នុង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ យើង​ត្រូវ​រៀប​បណ្តុំ​អក្សរ​ជា​ច្រើន​ទុក​ឲ្យ​ហើយ ដូច​ជា ក និង កា ត្រូវ​ធ្វើ​ពីរ​ដង​ផ្សេង​គ្នា​នេះ​ហើយ​ជាហេតុ​ផល​ដែល​យើង​វាយ​តួប្រកប​ខ្លះ​ក្រោយ​សោះ ​បែរ​ជាចេញ​នៅ​ខាងមុខ​បាន ឧ. [មេ] យើង​វាយ [ម+េ] តែវាអាចចេញជា [មេ] បាន។
ចំពោះ​ធនធាន​គឺ​មិន​មាន​អ្វី​ក្រៅ​តែ​ពីកុំព្យូទ័រ​ដែល​អាច​ដំណើរ​ការ​ប្រព័ន្ធ​Windows។ សម្រាប់​កុំព្យូទ័រ Mac អាច​ប្រើ​កម្មវិធី​ផ្សេង​បាន ដូចជា​ Font Lab ជា​ដើម។ធនធាន​សំខាន់​ជាងគេ​គឺ​ភាព​អំណត់​ និង​ការ​ស្រឡាញ់​/ចំណូល​ចិត្ត​បើ​មិន​មាន​ធនធាន​ទាំងពីរ​នេះ​ទេ អ្នកនឹងបោះបង់វាចោល​កណ្តាល​ទី​មិន​ខាន។
 
3.បង្កើត​ពុម្ព​អក្សរ​ដោយ​របៀប​ណា​ខ្លះ?​
ការ​ពិត​មាន​កម្មវិធី​ច្រើន​សម្រាប់​ធ្វើ តែ​ខ្ញុំប្រើ​កម្មវិធី Logic Font Creator ហើយ​ចំពោះ​ការ​​គូរ​តួ​អក្សរ​មាន​ពេល​ខ្លះ​ខ្ញុំ​គូរ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​តែ​ម្តង​ ឬធ្វើ​ក្នុង​កម្មវិធី​ឌីហ្សាញ​មួយ​ចំនួន ដូច​ជា Illustrator, Corel Draw, Photoshop ឬ​សរសេរ​ដោយ​ដៃ​លើ​ក្រដាស​រួចScan ចូល​ ឬ​អាច​ប្រើ​កម្មវិធី​គូរ​ផ្សេងៗ​លើ​ស្មាត​ហ្វូន​ជា​ដើម រួច​ទាញ​វា​ចូល​ទៅ​ក្នុង​កម្មវិធី​ណាមួយ​ខាង​លើ។ ជា​ការ​ងាយ​គួរ​ជ្រើស​រើស​គំរូ​ពុម្ព​ណា​ដែល​ដើរ​បាន​ល្អស្រាប់ រួច​យក​មក​កែច្នៃ​តាមចិត្ត អាច​យក​ពុម្ពខ្ញុំប្រើ​ដោយ​សេរី​បាន។
 
4.តើ​លោក​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​និមួយៗ​? មក​ដល់​ពេល​នេះ បង្កើត​បាន​ប៉ុន្មាន​ហើយ?
តាម​អារម្មណ៍ បើ​ចង់​ខ្លាំង ២​ទៅ​៣ថ្ងៃ​រួច​​មួយ​ហើយ តែ​បើ​ខ្ជិល អាច​១​អាទិត្យ ឬ​១​ខែ​ក៏មាន។ ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ត្រកូល Kh MPS ខ្ញុំ​ធ្វើ​បាន​៧​ហើយ។
 
5.តើ​ក្រៅពី​បង្កើត​​ពុម្ភអក្សរខ្មែរ លោក​គ្រោង​ធ្វើអ្វី​ទៀត​ទេទាក់​ទងនឹង​បច្ចេកវិទ្យា​នេះ ?
ក្រៅ​ពី​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ ខ្ញុំ​ក៏​កំពុង​ចូល​រួម​សរសេរ​អត្ថបទ​វិគីភីឌា​ជា​ភាសា​អង់គ្លេស បកប្រែ Facebook ជា​ភាសា​ខ្មែរ បន្ថែម​ការ​បក​ប្រែ​ទៅ​ក្នុង Google Translate ព្រម​ទាំង​កម្មវិធី​ Open Source និង​វ៉ិបសៃថ៍​មួយ​ចំនួន មក​ជា​ភាសា​ខ្មែរ។ បញ្ចូល​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ចូល​ក្នុង​ Google Map និង​សរសេរ​ Review ជា​ច្រើន​សម្រាប់​ Trip Advisor។ ថ្មីៗ​នេះ​ខ្ញុំ​ក៏​បាន​រៀប​ចំ​ពុម្ព​អក្សរខ្មែរ​មួយ​ចំនួន​ដែលអនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ដាក់​លេខ​រៀង ឬ​លេខ​ទំព័រ​ជា​លេខ​ខ្មែរ​ (0១២៣៤៥៦៧៨៩) ជំនួស​ឲ្យ​លេខ​អារ៉ាប់ ដែល​យើង​និយម​ហៅ​ថា​លេខ​សកល (0123456789)។ ខ្ញុំ​នឹង​កាត់​បន្ថយ​ការ​បង្កើត​ពុម្ព​អក្សរ​ ដោយ​ខ្ញុំនឹង​ផ្តោត​​ទៅ​លើដំណោះ​ស្រាយ​​បញ្ហា​ដែល​ទាក់​ទង​នឹង​ខ្មែរយូនីកូដ ព្រោះ​ខ្ញុំ​គិត​ថា​មាន​ពុម្ព​ច្រើន​ហើយ ម្យ៉ាង​ក៏​មាន​អ្នក​បង្កើត​ច្រើន​ដែរ។
 
6.តើ​លោក​មាន​អ្វីចង់​និយាយទៅមិត្ត​អ្នកអាន​ដែរ​ទេ ?
-ចំពោះអ្នក​​ចូលចិត្តបង្កើត​ពុម្ពអក្សរ និង​អ្នក​មាន​បំណងចង់ចាប់ផ្តើម ​ពេល​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ សូម​កុំ​ភ្លេច​បញ្ចូល​ពុម្ព​អក្សរ​ឡាតាំង​ដែល​មាន​រូបរាង​ស៊ីគ្នា​នឹង​អក្សរខ្មែរក្នុង​ពុម្ពនោះផង ដើម្បី​ពេល​ប្តូរKeyboard (Switch Keyboard) ទៅ​ឡាតាំង​កុំ​ឲ្យ​ចេញ​ម៉ូដ​អក្សរ​ផ្សេង​ដែល​មិន​ស៊ី​គ្នា។
-ចំពោះ​មិត្ត​អ្នក​អាន​ទូទៅ សូម​ព្យាយាម​ប្រើ​ប្រាស់​អក្សរខ្មែរឲ្យ​បាន​ច្រើន​ពេល​សរសេរនៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ជា​ពិសេស​នៅ​លើ Facebook ដោយ​កាត់​បន្ថយ​ការ​សរសេរ​សំនៀង​ខ្មែរ​ជា​ឡាតាំង ព្រោះ​ថា​ការធ្វើ​បែប​នេះ​យូរៗ​ទៅ លោក​អ្នក​នឹង​ខ្សោយ​ទាំងភាសា​ខ្មែរ និង​អង់គ្លេស។
 
ប្រិយមិត្ត​អាច​ទាញយក​ពុម្ព​អក្សរ​យូនីកូដ​បង្កើត​ឡើង​ដោយ​លោក ពិសិដ្ឋ​ បាន​នៅ​ទីនេះ https://goo.gl/LcY1OV៕
 
អត្ថបទៈ លីដា