ផលិត​គុយទាវលក់​​អស់​៥ឆ្នាំ ទើបធ្លាយរឿង​​​លាយ​សារ​ធាតុ​បូរ៉ាក់ និងទឹក​អន្សា​

ខេត្តសៀមរាប​ ៖ ​​សិប្បកម្ម​ផលិត​សរសៃ​គុយទាវ​ ត្រូវ​​​សមត្ថកិច្ច​​សម្រេច​បិទ​ទីតាំង​ជាស្ថាពរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ បន្ទាប់​ពី​​បាន​​យក​​ម្សៅ.​ស​​ផលិត​គុយទាវ​​សរសៃ​ ទៅ​ចូល​ឡា​បូ​នៃ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ភ្នំពេញ ក៏​បាន​រក​​ឃើញមាន​នូវ​សារធាតុ​ផ្សំ​ (​បូ​រ៉ា​ក់ ឬ​ទឹក​​អ​ន្សា​) ​លេខ​​K.H.13.005339F5 ចុះ​ថ្ងៃ​ទី​១៥​ កក្កដា ២០១៦ ​។

គួរ​​​រំលឹក​​​​ថា សិប្បកម្ម​សរសៃ​គុយទាវ​​មួយ​កន្លែង​ដែល​គ្មាន​ច្បាប់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ចុះពិនិត្យ​​ទីតាំង​ផលិត​គុយទាវ​សរសៃ​ធំ គ្មាន​ច្បាប់​ទម្លាប់ ​និង​គ្មាន​អនាម័យ ទើប​សម្រេច​ឱ្យ​បិទ​ជា​បណ្តោះ​អា​សន្ន ​កាលពី​ថ្ងៃ​ទី​១២​ កក្កដា ២០១៦ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក សឿ​ន សេន បាន​ប្រាប់​កោះសន្តិភាព​ នៅ​ថ្ងៃ​ទី​២៧​ កក្កដា ថា បន្ទាប់​ពី​បាន​ចុះ​ប្រតិបត្តិការ​ត្រួត​​ពិនិត្យ​ទីតាំង​ផលិត​សរសៃ​គុយទាវ​ខាងលើ​រួច​​មក ក៏​រកឃើញ​ថា ទីតាំង​ខាងលើ​ពិតជា​គ្មាន​ច្បាប់​ និង​គ្មាន​អនាម័យ ធ្វើ​ឱ្យ​ខូចសុខភាព​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប​ផង​នោះ​ ទើប​លោក​សម្រេច​យក​ម្សៅ​.​ស​ទៅ​ចូល​ឡា​បូ​នៅ​​រាជ​ធានី​ភ្នំពេញ​របស់​កាំកុងត្រូល​

លោក​​​បន្ត​ថា ក្រោយ​ពី​សរសៃ​គុយទាវ​​មាន​ជាតិ​ផ្សំ ​(​បូ​រ៉ា​ក់ ឬ​ទឹក​អ​ន្សា​) ​ហៅ​(​ម្សៅ.ស​)​ នោះ​ បាន​​ចេញពី​ឡា​បូ​មក​​ឃើញ​ថា លទ្ធផល​នៃ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ភ្នំពេញ​លេខ K.H.13.005339F5 ចុះ​ថ្ងៃ​ទី​១៥​ កក្កដា ​២០១៦ គឺជា​សារធាតុ​គីមី​ម្សៅ​​ដែល​ខាង​ជំនាញ​បញ្ជាក់​​ថា មិន​​អាច​ដាក់​លក់​នៅ​លើ​ម្ហូបអាហារ​បាន​​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​យ៉ាងធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​ដែល​ទាក់ទង​ទៅ​នឹង​ប្រដាប់​រំលាយ​អាហារ និង​ជំងឺ​​តម្រង​នោម​ជាដើម​ ។

លោក​​បញ្ជាក់​ថា ម្ចាស់​សិប្បកម្ម​មានឈ្មោះ​យោក គឹ​ម​ស៊ុន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​បាន​បើក​សិប្បកម្ម​នេះ ​មក​ដល់​ថ្ងៃ​បិទ​គឺ​មាន​រយៈពេល​៥​ឆ្នាំ ហើយ​ផលិត​ចេញ​បាន​ចាប់ពី​៤០​គីឡូ​ ទៅ​៥០​គីឡូ​​ក្នុង​១​ថ្ងៃ រួច​យក​​ទៅ​បោះ​ដុំ​នៅ​ម្តុំ​ផ្សា​រលើ​ធំ​ថ្មី និង​ផ្សារ​ចាស់ ព្រមទាំង​ឱ្យ​កូនចៅ​ដើរ​លក់​ថែម​ទៀត​ផង ​។

លោក​​​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​​បាន​រក​ឃើញ​មាននូវ​សារធាតុ​គីមី​ បូ​រ៉ា​ក់ ​ឬ​ទឹក​អ​ន្សា​នោះ​​មក លោក​បាន​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​សិប្បកម្ម​នេះ​ មាន​២​ករណី​​​​ករណី​ទី​១-ចោទ​ពី​បទ​បើក​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត និង​ករណី​ទី​២-​យោង​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​រោងចក្រ​និង​សិប្បកម្ម តាម​មាត្រា​៤៣ និង​មួយ​ករណី​ទៀត តាម​មាត្រា​៦៣​យោង​តាម​ច្បាប់​គ្រប់គ្រង​គុណភាព​សុ​វត្ថ​ភាព​លើ​ផលិតផល​ទំនិញ​ និង​សេវា​ ។

បច្ចុប្បន្ន ​ម្ចាស់​សិប្បកម្ម​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​មាត្រា​៦៣​ អាច​ចាប់​គុក​ពី​១​ខែ​ ទៅ​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៥​ ទៅ​១០​លាន​រៀល ​ឬ​ទោស​ណា​មួយ ​ក្នុង​ចំណោម​ទោស​ទាំង​២ នេះ​ជា​លើក​ទី​១ ដែល​ត្រូវ​បាន​បញ្ជូន​ម្ចាស់​សិប្បកម្ម​គ្មាន​ច្បាប់​ទៅ​តុលាការ ។